ជាតិ
សេដ្ឋកិច្ច
លោក ស៊ា​ង ថៃ ៖ Brexit ផ្ដល់​ភាព​វិជ្ជមាន​ដល់​ទំនាក់ទំនង​ពាណិជ្ជកម្ម​កម្ពុជា​-​អង់គ្លេស នៅពេល​អស់ EBA
06, Feb 2020 , 5:25 pm        
រូបភាព
លោក ស៊ាង ថៃ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ថ្លែងនៅក្នុងសន្និសីទកាសែត នាទីស្តីការគណៈរដ្ឋមន្រ្តី នៅថ្ងៃទី៦ កុម្ភៈ ឆ្នាំ២០២០
លោក ស៊ាង ថៃ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ថ្លែងនៅក្នុងសន្និសីទកាសែត នាទីស្តីការគណៈរដ្ឋមន្រ្តី នៅថ្ងៃទី៦ កុម្ភៈ ឆ្នាំ២០២០
​ភ្នំពេញ​៖ ការចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប (Brexit) មិន​ប៉ះពាល់​ដល់​ទំនាក់ទំនង​ពាណិជ្ជកម្ម​កម្ពុជា​ទេ ។ ផ្ទុយទៅវិញ វា​ផ្ដល់​ភាព​វិជ្ជមាន​ដល់​ទំនាក់ទំនង​ទ្វេភាគី រវាង​កម្ពុជា និង​អង់គ្លេស​។ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម លោក ស៊ា​ង ថៃ ថ្លែង​បែបនេះ នៅក្រោយ​សន្និសីទកាសែត​ស្តីពី «​បច្ចុប្បន្នភាព និង​វឌ្ឍនភាព​របស់​ក្រសួងពាណិជ្ជកម្ម​» នាទី​ស្តីការគណៈរដ្ឋមន្ត្រី នា​ថ្ងៃទី​៦ មករា​នេះ​។​


 
​លោក ស៊ា​ង ថៃ បាន​សង្កត់ធ្ងន់ថា កម្ពុជា អាច​ភ្ជាប់​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​អង់គ្លេស កាន់តែ​ប្រសើរឡើង​ថែមទៀត នៅពេលដែល​កម្ពុជា បាត់បង់​សិទ្ធិ​ទទួលបាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (Everything But Arms) ពី​សហភាព​អឺរ៉ុប​។ មូលហេតុ​ដែល​លោក ស៊ា​ង ថៃ រំពឹង​បែបនេះ ដោយសារ​មើលឃើញថា ប្រទេស​នៅក្នុង​សហភាព​អឺរ៉ុប​ទាំងអស់ រួមទាំង​អង់គ្លេស​ផងដែរ មិនមែន​សុទ្ធតែ​គាំទ្រ​ដល់​ចំណាត់​ការរបស់​គណៈកម្មកា​រ​អឺរ៉ុប លើ​ដំណើរ​ការដក ឬ​មិន​ដក EBA ពី​កម្ពុជា ដោយសារ​មិន​ពេញចិត្ត​ការដឹកនាំ​របស់​រដ្ឋាភិបាល​ឡើយ​។​
 
​ឆ្លើយ​នឹង​សំនួរ​អ្នកសារព័ត៌មាន ជុំវិញ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​អង់គ្លេស​នេះ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម បាន​និយាយ​ដូច្នេះ​ថា​៖«(​ការដកខ្លួន​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​) ល្អៗ​សម្រាប់​កម្ពុជា ពីព្រោះ​យើង​ឃើញ​ជំហរ​ដូច​ឯកឧត្តម​រដ្ឋមន្ត្រី​ប្រតិភូ​ជម្រាប​អ៊ីចឹង​ថា ស្អី​ដែល​សហភាព​អឺរ៉ុប​និយាយ​ពី​រឿង​EBA​នេះ មិនមែន​សហភាព​អឺរ៉ុប គឺ​គណកម្មការ​អឺរ៉ុប ដូច្នេះ​ប្រទេស​មួយចំនួន​នៅក្នុង​សហគម​អឺរ៉ុប គឺ​គាត់​មិន​គាំទ្រ​ឱ្យមាន​ដក​EBA នៅ​កម្ពុជា​ទេ​។ ហើយ​យើង​សង្ឃឹមថា អង់គ្លេស​ដកខ្លួន​ចេញផុត​ពី​EU​អ៊ីចឹង យើង​នឹងមាន​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​កាន់តែ​ល្អប្រសើរ​»​។​
 
​កាលពី​ឆ្នាំ​២០១៩​កន្លង កម្ពុជា​នាំចេញ​ទំនិញ​ទៅកាន់​ទីផ្សារ​សហភាព​អឺរ៉ុប មាន​ទំ​ហំទឹកប្រាក់​ជាង​៦​ពាន់​លាន​ដុល្លារ ។ ក្នុងនោះ​កម្ពុជា​នាំចូល​ទីផ្សារ​អង់គ្លេស មាន​ទំហំ​ទឹកប្រាក់​ជាង​១​ពាន់​លាន​ដុល្លារ​អាមេរិក​។ នេះ​បើតាម​លោក ស៊ា​ង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​។​
 
​អង់គ្លេស បាន​ចាក​ចេញពី​សហភាព​អឺរ៉ុប​ជា​ផ្លូវការ កាលពី​ថ្ងៃទី​៣១ មករា ឆ្នាំ​២០២០ ក្រោយពី​ពន្យា​ពេល​៣​ដង ចាប់តាំងពី​ឆ្នាំ​២០១៦​មក​។ ការសម្រេចចិត្ត​ចាកចេញ​របស់​អង់គ្លេស​នេះ គឺជា​ការផ្ដាច់​ខ្លួន​ពី​សមាហរណកម្ម​នយោបាយ ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​ពី​ប្លុក​តំបន់​ដ៏​ធំ​មួយ​នេះ​។​
 
​នៅពេល​អ្នកកាសែត​សួរថា ក្រោយពី​អង់គ្លេស​ចាកចេញ​ពី​សហ​ភាព​អឺរ៉ុប (EU) កាលពី​សប្ដាហ៍​មុន តើ​មកដល់ពេលនេះ ការចរចា​លើ​កិច្ចព្រមព្រៀង​ទីផ្សារសេរី «Free trade Agreement (FTA)» រវាង​កម្ពុជា​និង​អង់គ្លេស​យ៉ាងម៉េច​ដែរ​? លោក ស៊ា​ង ថៃ អះអាងថា កម្ពុជា​មិនទាន់បាន​ទាក់ទង​ទៅ​អង់គ្លេស សុំ​ចរចា​លើ​ចំណុច​នេះ​ទេ ប៉ុន្តែ​វា​ក៏​ស្ថិតនៅក្នុង​គម្រោង​របស់​រដ្ឋាភិបាល​ដែរ​។​
 
«​យើង​មាន​ទិសដៅ​(​ចរចា​លើ​កិច្ចព្រមព្រៀង​ទីផ្សារសេរី )​ជាមួយ​បណ្ដា​ប្រទេស​ដទៃទៀត ឥឡូវ​យើង​ធ្វើជា​មួយ​ចិន ជាមួយ​កូរ៉េ តែ​យើង​មាន​ទិសដៅ​បន្ថែមទៀត​។ ដោយឡែក​នៅពេលដែល​យើង​យក​ជើង​លេខ​សរុប​នៃ​ការនាំចេញ​របស់​កម្ពុជា​ទៅ​EU ហើយ​យើង​ដក​នឹង​ជើង​លេខ​ដែល​នាំ​ចេញទៅ​អង់គ្លេស ឃើញ​ច្រើន​ដែរ គឺ​ជាង​១​ពាន់​លាន​ដុល្លារ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ស៊ា​ង ថៃ ដែល​បាន​បន្ថែមថា ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ មិន​ធ្វើឱ្យ​សេដ្ឋកិច្ចកម្ពុជា​ដួល ឬ​បាត់បង់​ទីផ្សារ​នោះទេ ប៉ុន្តែ​វា​គ្រាន់តែ​ធ្វើឱ្យ​កម្ពុជា ប្រឈមមុខ​នឹង​ការប្រកួតប្រជែង​ខ្លាំង​ប៉ុណ្ណោះ​។​
 
​ជាមួយគ្នានេះ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា លោក ផៃ ស៊ី​ផាន ស្នើឱ្យ​ពលរដ្ឋ​កម្ពុជា កុំ​មានការ​ភ័យខ្លាច​ចំពោះ​ការបាត់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) ពី​សហភាព​អឺរ៉ុប​នេះ ព្រោះ​រដ្ឋាភិបាល បាន​ត្រៀមខ្លួន​រួចរាល់ ក្នុងការ​ដោះស្រាយ​បញ្ហា​កើតឡើង ក្រោយ​បាត់បង់​EBA នេះហើយ​។ ក្នុងន័យនេះ​លោក ផៃ ស៊ី​ផាន ចង់​ពន្យល់ថា ការបាត់​EBA វា​គ្រាន់តែ​ធ្វើឱ្យ​កម្ពុជា​ខាតបង់​ប្រាក់ ដែល​បាន​ពី​ការអនុគ្រោះ​ពន្ធ​ទំនិញ​ជាង​៦០០​លាន​ដុល្លារ​ប៉ុណ្ណោះ​។ បើតាម​លោក ផៃ ស៊ី​ផាន កម្ពុជា​គង់តែ​បាត់បង់​EBA នេះ​ទេ នៅពេលដែល​កម្ពុជា​ក្លាយជា​ប្រទេស​អភិវឌ្ឍន៍ ដែលមាន​ចំណូល​ខ្ពស់​។​
 
«​ការ​កាត់​បាត់ EBA ចំណុច​ណាមួយ ឬ​បាត់​ទាំងអស់ វា​គឺជា​ការបង្ហាញ​សមត្ថភាព​របស់​យើង យើង​រស់​…​។​កម្ពុ​ជាមាន​មោទនភាព ដែល​ចូលខ្លួន​ប្រកួតប្រជែង ដោយ​សមធម៌ ដោយ​ស្មើ​មុខមាត់​គ្នា ដោយ​ការបង់ពន្ធ​»​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​រដ្ឋាភិបាល ដែល​បាន​បន្ថែមថា នៅក្នុង​អាស៊ាន មានតែ​ប្រទេស​៣​ទេ ដែល​ទទួលបាន EBA​នេះ គឺ​កម្ពុជា ភូមា និង​ឡាវ​។​
 
​នៅ​ពាក់កណ្ដាល​ខែកុម្ភៈ ឆ្នាំ​២០២០​នេះ គណកម្មការ​អឺរ៉ុប នឹង​សម្រេច​ចុងក្រោយ​លើ​ការដក ឬ​មិន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នាំចេញ​ទំនិញ អ្វី​គ្រប់យ៉ាង​លើកលែងតែ​អាវុធ (EBA) ពី​កម្ពុជា​។ ហើយ​បើ​ក្នុងករណី​សហភាព​អឺរ៉ុប សម្រេច​មិន​ដក​EBA ពី​កម្ពុជា​ទេនោះ កម្ពុជា​នឹង​អាច​បន្ត​ទទួលបាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពាណិជ្ជ​កម្មនេះ រហូតដល់​ឆ្នាំ​២០២៥​។​
 
​ប៉ុន្តែ​ក្នុងករណី​មានការ​ព្យួរ​ការអនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា នោះ​ការនាំចេញ​នឹង​អាច​ធ្លាក់ចុះ ដែល​គិត​ជា​ទឹកប្រាក់​ចន្លោះ​ប្រមាណ ៥០០​លាន​ដុល្លារ ទៅ​ជាង ៦០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។ ការ​គណនា​នេះ ដោយ​ផ្អែក​តួលេខ​នៃ​នាំ​ចេញទៅ EU ឆ្នាំ​២០១៩ ទំហំ ជាង​៤​ពាន់​លាន​ដុល្លារ នៃ​ផលិតផល​សម្លៀកបំពាក់ ស្បែកជើង និង​អង្ករ ដោយ​មិន​គិត​ផលិតផល​កង់​។ គួរ​បញ្ជាក់ថា គ្រាន់តែ​សម្លៀកបំពាក់ កាន់​ទំហំ​ដល់​ទៅ ៨០​ភាគរយ​នៃ​ការនាំចេញ​សរុប​របស់​កម្ពុជា​ទៅ EU ។​
 
​តែ​យ៉ាងណា​នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេច ហ៊ុន សែន ធ្លាប់បាន​បញ្ជាក់ថា កម្ពុជា មិន​ស្លាប់​ដោយសារតែ​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ទេ ពោលគឺ​វា​គ្រាន់តែ​តម្រូវឱ្យ​កម្ពុជា​បង់ពន្ធ​ពេញ​ថ្លៃ​លើ​ទំនិញ​នាំ​ចេញទៅ​ទីផ្សារ​អឺរ៉ុប​ប៉ុណ្ណោះ​។ 
 
​ប្រសិនបើ​កម្ពុជា​បាត់បង់ EBA អ្នករងគ្រោះ​ពិតប្រាកដ​គឺ​ពលរដ្ឋ​ក្រីក្រ ជាពិសេស​អ្នកធ្វើការ​ក្នុង​វិស័យ​កាត់ដេរ ។ នេះ​បើតាម​ការយល់ឃើញ​រប​ស់លោក George EDGAR ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ផុត​អាណត្តិ ដែល​បាន​ថ្លែង​ក្នុង​សន្និសីទ​អ្ន​កាសែត កាលពី​ខែ​កក្ដ​ដា ឆ្នាំ​២០១៩៕

Tag:
 ស៊ា​ង ថៃ​
  EBA
  ពាណិជ្ជកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com