ភ្នំពេញ៖ យុទ្ធនាការ«ព័ត៌មានស្អាត» នាថ្ងៃទី៣មីនា ខាងមុខនេះ គឺជាការពញ្ញាក់ស្មារតី និងផ្លាស់ប្តូរមនសិការអ្នកផ្សព្វផ្សាយ ឬប្រព័ន្ធផ្សព្វផ្សាយមួយចំនួនឲ្យផ្តល់អ្វីមួយដល់អ្នកទទួលព័ត៌មាន ជាមួយភាពច្បាស់លាស់ និងពិតប្រាកដ ដើម្បីឲ្យពួកគេធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវ។ នេះជាលើកឡើងរបស់លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ដែលជាអ្នកផ្តួចផ្តើមយុទ្ធនាការ។
«ព័ត៌មានស្អាត គឺសំដៅទៅលើការផ្សព្វផ្សាយណាមួយដែលមិនបង្កប់ការញុះញង់ មិនបង្កប់ភាពទុច្ចរិត ឬមិនបង្កប់ខ្លឹមសារណាដែលធ្វើឲ្យអ្នកទទួលព័ត៌មាន ឬសង្គមយល់ច្រឡំ»។ បើតាមប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) ការផ្សព្វផ្សាយព័ត៌មាន គឺមិនសំដៅតែទៅលើអ្នកកាសែតឬអ្នកសារព័ត៌មាននោះទេ។ បុគ្គលសាធារណៈ អ្នកប្រើប្រាស់បណ្តាញសង្គម (Facebook YouTube LINE...) គឺសុទ្ធតែជាអ្នកផ្តល់ព័ត៌មានក្នុងសង្គម ប៉ុន្តែការផ្សព្វផ្សាយព័ត៌មានពីសំណាក់ក្រុមទាំងនេះ គឺចំបាច់ត្រូវផ្ទៀងផ្ទាត់ ត្រូវចម្រោះព័ត៌មានឲ្យស្អាតមានខ្លឹមសារច្បាស់លាស់ ឬធ្វើយ៉ាងណាកុំឲ្យការផ្សព្វផ្សាយនោះ ធ្វើឱ្យសង្គមភាន់ច្រឡំដែលផ្ទុយពីការពិត។
លោក ហ៊ុយ វណ្ណៈ បានកត់សម្គាល់ថា កន្លងមកនេះ ការផ្តល់ព័ត៌មានពីសំណាក់អ្នកផ្សព្វផ្សាយ ឬប្រព័ន្ធផ្សព្វផ្សាយមួយចំនួន បានបំពុលពលរដ្ឋខ្មែរឲ្យយល់ខុស ធ្វើឲ្យមានភាពភ័យខ្លាច សើចចំអក និងភាពចលាចល ដែលជាហេតុផលក្នុងការបង្កើតឱកាសឲ្យជនខិលខូចកេងចំណេញផលប្រយោជន៍ពីពលរដ្ឋ។
ប្រធាន ស.ស.ស.ក ដែលជារដ្ឋលេខាធិការក្រសួងមហាផ្ទៃផងដែរនោះ បានលើកឡើងពីករណីជាក់ស្តែងជុំវិញការរកឃើញមេរោគកូរ៉ូណាប្រភេទថ្មីលើបុរសជនជាតិចិនវ័យ៦០ឆ្នាំម្នាក់ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២៧មករា កន្លងមក។ «មានប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានបំប៉ោង និងបង្កប់ខ្លឹមសារនៃការរីករាលដាលមេរោគនេះនៅកម្ពុជា មានធ្វើឲ្យពលរដ្ឋភ័យខ្លាច និងគ្មានភាពប្រាកដប្រជា។ ការបំប៉ោងព័ត៌មានលើសការពិត និងការបង្កប់ខ្លឹមសារមិនត្រឹមត្រូវ គឺជាមួយផ្នែកធំមួយធ្វើឲ្យសង្គមធា្លក់ចុះ ហើយពោរពេញដោយភាពកុហក»។ លោក ហ៊ុយ វណ្ណៈ បានសង្កត់ធ្ងន់យ៉ាងដូច្នេះ។
លោក ហ៊ុយ វណ្ណៈ សង្ឃឹមថាយុទ្ធនាការ «ព័ត៌មានស្អាត» នាថ្ងៃទី៣មីនា ឆ្នាំ២០២០ ជាចំណែកមួយដែលជួយដាស់តឿនស្មារតីដល់អ្នកផ្សព្វផ្សាយ និងក្រុមផ្សព្វផ្សាយទាំងនោះបន្តិចម្តងៗក្នុងការកាត់បន្ថយ ឬលុបបំបាត់ព័ត៌មានក្លែងក្លាយ ដើម្បីប្រែក្លាយសង្គមមួយមានការរីកចម្រើនប្រកបដោយសេចក្តីថ្លៃថ្នូរ តាមរយៈការទទួលបានព័ត៌មានពិតប្រាកដ។
នាយុទ្ធនាការនៅថ្ងៃទី៣ ខែមីនា កម្មវិធីជាច្រើននឹងត្រូវប្រារព្ធឡើង ក្នុងនោះមានដូចជា បទបង្ហាញផ្សេងៗ ចំណាប់អារម្មណ៍របស់អ្នកសារព័ត៌មាន និងគណៈអធិបតី រួមទាំងការប្រគំតន្ត្រី ការសម្តែងសិល្បៈ ឆៃយ៉ាំ និងសកម្មភាពផ្សេងៗ ដើម្បីជាការដាស់ស្មារតី។
ហេតុអ្វីបានធ្វើនៅថ្ងៃទី៣ ខែមីនា? លោក ហ៊ុយ វណ្ណៈ បានអះអាងថា យុទ្ធនាការដែលរៀបចំដោយគណៈកម្មការស្ត្រីក្នុងវិស័យសារព័ត៌មានកម្ពុជានៃស.ស.ស.ក នេះ ក៏ជាការងាយស្រួលចងចាំ ដោយគៀកនឹងទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា។
«យុទ្ធនាការនេះថ្វីដ្បិតផ្តើមចេញពីគំនិតតូមមួយក៏ពិតមែន ប៉ុន្តែវានឹងធ្វើឲ្យមានតម្លៃជាសកល ហើយវានឹងមានឥទ្ធិពលបន្តិចម្តងៗទៅដល់ផ្នត់គំនិត មនសិការ ស្មារតីអ្នកទាំងឡាយដែលធ្វើកិច្ចការលើប្រព័ន្ធផ្សព្វផ្សាយនឹងតម្រង់ទិសខ្លួនឯង ក្នុងការផ្សព្វផ្សាយព័ត៌មានណាដែលល្អ ត្រឹមត្រូវសម្រាប់ជាប្រយោជន៍ដល់សហគមន៍ និងប្រទេសជាតិខ្លួនឯង»។ លោក ហ៊ុយ វណ្ណៈ មានក្តីរំពឹងយ៉ាងដូច្នេះ៕