អន្តរជាតិ
ជប៉ុន បន្ត​រកឃើញ​កូ​រ៉ូ​ណាវី​រុស ៤១​ករណី ស្របពេល​កូរ៉េខាងត្បូង អង់គ្លេស និង​អ៊ីតាលី កើន​១​ករណី​
07, Feb 2020 , 9:55 am        
រូបភាព
​គិត​ត្រឹម​ថ្ងៃទី​៧ ខែកុម្ភៈ ជប៉ុន នៅតែ​បន្ត​រកឃើញ​អ្នក​ផ្ទុក​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី (2019-nCOV) ៤១​ករណី​នៅលើ​នាវា​ទេសចរណ៍​មួយគ្រឿង​។ កូរ៉េខាងត្បូង អង់គ្លេស និង​អ៊ីតាលី ក៏​សុទ្ធតែ​រកឃើញ​ករណី​ឆ្លង​វីរុស​នេះ​មួយ​ករណី​ដូចគ្នា​។

 

 
​អ្នកដំណើរ​លើ​នាវា​ទេសចរណ៍ Diamond Princess ចំនួន​៤១​នាក់​ទៀត ត្រូវបាន​ជប៉ុន​បន្ត​រកឃើញថា មាន​ផ្ទុក​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី​។ បើតាម​រដ្ឋមន្ត្រី​សុខាភិបាល​ជប៉ុន យ៉ាងហោចណាស់​មនុស្ស​ចំនួន ៦១​នាក់ មាន​ផ្ទុក​កូ​រ៉ូ​ណាវី​រុស​នៅលើ​នាវា​ទេសចរណ៍​នេះ​។ ពេលនេះ អ្នកជំងឺ​ទាំងនោះ ត្រូវបាន​គេ​បញ្ជូនទៅ​មជ្ឈមណ្ឌល​ច​ត្តា​ឡី​ស័ក នៅតាម​ខេត្ត​នានា​របស់​ជប៉ុន ដែល​ត្រូវបាន​គេ​ត្រៀម​ទុក​សម្រាប់​ដាក់​អ្នកជំងឺ​។​
 
​ចំណែក​នៅ​កូរ៉េខាងត្បូង ដែលជា​អ្នកជិតខាង​ជប៉ុន​វិញ បាន​រកឃើញ​កូ​រ៉ូ​ណាវី​រុស​មួយ​ករណី​ផងដែរ​។ ជនជាតិ​កូរ៉េខាងត្បូង​ម្នាក់ ដែល​គេ​ជម្លៀស​ចេញពី​ក្រុង​វូ​ហាន ត្រូវបាន​អាជ្ញាធរ​សុខាភិបាល​អះអាងថា មាន​ផ្ទុក​កូ​រ៉ូ​ណាវី​រុស​។ បន្ទាប់ពី​រកឃើញ​កូ​រ៉ូ​ណាវី​រុស អ្នកជំងឺ​វ័យ ២៨​ឆ្នាំ​រូបនេះ ត្រូវបាន​បញ្ជូនទៅ​ដាក់​នៅ​ទៅ​មន្ទីរពេទ្យ​សេ​អ៊ូ​ល ដើម្បី​ព្យាបាល​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap​។​
 
​ក្រៅពី​ប៉ែក​អាស៊ី នៅ​អឺរ៉ុប​ឯណោះ​វិញ កូ​រ៉ូ​ណា​វីរុស​នៅតែ​បន្ត​រកឃើញ​ផងដែរ ក្នុងនោះ​មាន​ប្រទេស​ពីរ គឺ​អង់គ្លេស និង​អ៊ីតាលី​។ សម្រាប់​អង់គ្លេស នា​ថ្ងៃទី​៦ ខែកុម្ភៈ បាន​រកឃើញ​កូ​រ៉ូ​ណាវី​រុស ១​ករណី​ទៀត​នៅក្នុង​ទឹកដី​របស់ខ្លួន ដែល​សរុប​ករណី​ទាំងអស់​មាន ៣​ករណី​ហើយ​។ ចំពោះ​ករណី​ចុងក្រោយ​នៅ​អង់គ្លេស​នេះ បុរស​ម្នាក់ ត្រូវបាន​គេ​រកឃើញថា មាន​ផ្ទុក​វីរុស​ប្រភេទ​ថ្មី នៅ​ទីក្រុង​Brighton បន្ទាប់មក​ត្រូវគេ​បញ្ជូនទៅ​មន្ទីរពេទ្យ​មួយកន្លែង នាទី​ក្រុង​ឡុង​ដ៍​។ 
 
​សម្រាប់​អ៊ីតាលី​វិញ ក៏ត្រូវ​បាន​គេ​រកឃើញ​អ្នក​ផ្ទុក​កូ​រ៉ូ​ណាវី​រុស ១​ករណី​ផងដែរ ប៉ុន្តែ​ករណី​ចុងក្រោយ​នេះ គឺជា​ជនជាតិ​អ៊ីតាលី​។ បុរស​រូបនេះ ត្រូវបាន​គេ​រកឃើញថា​មាន​ផ្ទុក​កូ​រ៉ូ​ណាវី​រុស បន្ទាប់ពី​ត្រលប់​មកពី​ចិន បានជា​ច្រើន​ថ្ងៃ ហើយ​ពេលនេះ អ្នកជំងឺ​ត្រូវបាន​គេ​បញ្ជូនទៅ​វិទ្យាស្ថាន​ជាតិ​គ្រប់គ្រង​ជំងឺឆ្លង Lazzaro Spallanzani ប្រទេស​អ៊ីតាលី​។ 
 
​សូមបញ្ជាក់ថា ចំនួន​អ្នកស្លាប់​ដោយសារ​កូ​រ៉ូ​ណាវី​រុស បាន​កើនឡើង​៦៣៩​នាក់ ហើយ​អ្នក​ផ្ទុក​កូ​រ៉ូ​ណា​វីរុស​មាន​ជាង ៣​ម៉ឺន​នាក់ និង​អ្នកជា​សះស្បើយ​មាន​ជាង ១២០០​នាក់​៕ 

Tag:
 ជប៉ុន​
  កូរ៉េខាងត្បូង​
  អង់គ្លេស​
  អ៊ីតាលី​
  ចិន​
  កូ​រ៉ូ​ណាវី​រុស
© រក្សាសិទ្ធិដោយ thmeythmey.com