កីឡាអន្តរជាតិ
អន្តរជាតិ
Real និង Barca ធ្លាក់ពី Copa Del Rey ត្រឹមវគ្គ៨ក្រុមលើកដំបូង នៅ៦៥ឆ្នាំចុងក្រោយ
× ក្រុមខ្លាំង Real Madrid និង Barcelona បានដឹកដៃគ្នាធ្លាក់ចេញពីពានរង្វាន់ Copa Del Rey នៅត្រឹមវគ្គ៨ក្រុមចុងក្រោយ។ នេះជាការបាត់មុខនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលើកដំបូងរបស់ក្រុមយក្សទាំងពីរក្នុងរយៈពេល៦៥ឆ្នាំចុងក្រោយ ពោលគឺតាំងពីឆ្នាំ១៩៥៥មក។ Real ចាញ់ Real Sociedad ៣-៤ ឯ Barca បរាជ័យក្រោមថ្វីជើង Athletic Bilbao ដោយលទ្ធផល ១-០។
Real Madrid ដែលខកខានលើកពាន Copa Del Rey តាំងពីឆ្នាំ២០១៤មក នៅតែមិនអាចរកឱកាសឈានទៅវគ្គបន្តដដែលសម្រាប់ការប្រជែងនៅឆ្នាំ២០២០នេះ។ ក្នុងជំនួបវគ្គ៨ក្រុមចុងក្រោយនៅយប់ថ្ងៃទី ៦ ខែកុម្ភៈ Martin Odegaard ខ្សែប្រយុទ្ធវ័យក្មេងដែល Real ផ្តល់ឲ្យទៅ Real Sociedad ខ្ចីជើង បានសម្រេចទីគ្រាប់នាំមុខដំបូងនៅនាទី២២ មុនពេល Alexander Isak ស៊ុតគ្រាប់ទី២និងទី៣ នៅនាទី ៥៤, ៥៦។ ខ្សែការពារ Marcelo ស៊ុត១គ្រាប់ឲ្យ Real វិញនៅនាទី៥៩ មុនពេល Mikel Merino រកគ្រាប់ទី៤ ឲ្យ Real Sociedad នៅនាទី៦៩។ Rodrygo និង Nacho Fernandez ស៊ុតម្នាក់១គ្រាប់នៅចុងម៉ោង ប៉ុន្តែ Real នៅតែចាញ់ Real Sociedad ក្នុងល ៣-៤។
ជ័យជម្នះនេះ បានរុញ Real Sociedad ឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយត្រូវរង់ចាំការចាំឆ្នោតរើសក្រុមប្រកួតបន្ត។
ដោយឡែក ម្ចាស់ជើងឯកច្រើនជាងគេ៣០សម័យកាល Barca ក៏បានខកឱកាសដើម្បីលើកពាននេះជាលើកទី៨ជាប់ៗគ្នាផងដែរ ក្រោយប្រកួតចាញ់ Athletic Bilbao ១-០។ ក្រុមរហស្សនាមអ្នកមានបុណ្យនេះ ឈ្នះ Copa Del Rey ៧រដូវកាលជាប់គ្នាចាប់ពីរដូវកាល ២០១១-១២មក។
Athletic Bilbao ជាក្រុមដែលឈ្នះ Copa Del Rey ច្រើនជាងគេលំដាប់ទីពីរក្នុងចំនួន២៣លើក ត្រូវឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ស្របពេលម្ចាស់ការពារតំណែងជើងឯកចាស់ Valencia ក៏ធ្លាក់ចេញពីពាននេះដែរក្រោយចាញ់ Granada ២-១។ ក្រុម Mirandes ទម្លាក់ Villarreal ដោយលទ្ធផល ៤-២ ដើម្បីឈានទៅវគ្គ១/៤ផ្តាច់ព្រ័ត្រ៕
Tag:
Copa Del Rey
Real Madrid
Barcelona
© រក្សាសិទ្ធិដោយ thmeythmey.com