ជាតិ
​​​ន​យោ​បាយ​ជាតិ​
គណៈរដ្ឋមន្ត្រី​សម្រេច​ធ្វើ​ច្បាប់​ថ្មី​ស្តីពី​ការបង្កើត​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​
07, Feb 2020 , 11:27 am        
រូបភាព
លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្មដែលដាក់សំណើរប្តូរឈ្មោះក្រសួងទៅជាក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​
លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្មដែលដាក់សំណើរប្តូរឈ្មោះក្រសួងទៅជាក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​
ដោយ: រួបរួម
​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ដែល​ដឹកនាំ​ដោយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​ព្រឹក​ថ្ងៃ​សុក្រ ទី​៧ ខែកុម្ភៈ នេះ បានសម្រេច​ធ្វើ​ច្បាប់​ថ្មី​លើ​សំណើសុំ​ប្តូរ​ឈ្មោះ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ទៅជា​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា​និង នវានុវត្តន៍ ដើម្បី​ឆ្លង​សភា​ ព្រមទាំងការតែងតាំងរដ្ឋមន្ត្រីជាថ្មីម្តងទៀត។ រីឯ​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី​ការរៀបចំ និង ការប្រព្រឹត្តទៅ​របស់​ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ដោយ​ក្រសួង​នានា​មាន​រចនាសម្ព័ន្ធ​ប្រហាក់ប្រហែលគ្នា​មួយចំនួន គណៈរដ្ឋមន្ត្រី ត្រូវ​ដឹកនាំ​ប្រជុំ​សម្របសម្រួល​ឡើងវិញ​។ នេះ​បើតាម​ការលើកឡើង​រប​ស់​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លោក ខៀវ កាញារីទ្ធ​។​



​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ដែលមាន​លោក ចម ប្រសិទ្ធ ជា​រដ្ឋមន្ត្រី ត្រូវបាន​អនុញ្ញាត​ជាគោលការណ៍​ឲ្យ​ប្តូរ​ឈ្មោះ​ទៅជា ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា ស្របទៅតាម​បរិបទ​នៃ​បច្ចេកវិទ្យា វិទ្យាសាស្ត្រ ក៏ដូចជា​របប​គំហើញ​នានា​។​

​រដ្ឋាភិបាល​បាន​អះអាងថា  ក្រសួង​ដែល​ត្រូវ​ប្តូរ​ឈ្មោះ​ថ្មី​នេះ នឹងធ្វើ​ឲ្យ​ផ្នែក​ស្រាវជ្រាវ​លើ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​របប​គំហើញ​ផ្សេងៗ (​នវានុវត្តន៍​) របស់​កម្ពុជា​ទទួលបាន​ប្រសិទ្ធភាព និង​ពង្រីក​សក្តានុពល​ទូលំទូលាយ​ក្នុង​យុគសម័យ​បច្ចុប្បន្ន និង​ទៅ​អនាគត ព្រមទាំង​ជំរុញ និង​ទាក់ទាញ​វិស័យ​វិទ្យាសាស្ត្រ​ឲ្យ​មានការ​រីកចម្រើន និង​ជំរុញ​ការផ្ទេរ​បច្ចេកវិទ្យា ស្របតាម​បរិបទ​នៃ​បដិវត្តន៍​ឧស្សាហកម្ម ជំនា​ន់ទី​៤.០​។​

«​កម្ពុជា​ត្រូវការ​ជា​ចាំបាច់​នូវ​យន្តការ​គ្រប់គ្រង​មួយ​ច្បាស់លាស់​លើ​របប​ថ្មី​នេះ ធ្វើយ៉ាងណា​ធានា​ឲ្យ​បាន​នូវ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់ខ្លួន​ប្រកបដោយ​ចីរភាព និង​ការប្រកួតប្រជែង​ខ្ពស់ សំដៅ​ធ្វើអោយ​កម្ពុជា​សម្រេចបាន​នៅ​ចក្ខុវិស័យ​របស់ខ្លួន ក្នុងការ​ប្រែក្លាយជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កំរិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង ជា​ប្រទេស​ដែលមាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០»​។ នេះ​បើតាម​សារ​ដែល​បង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច ហ៊ុន សែន​។​

​ការរៀបចំ​សេចក្តីព្រាង​ច្បាប់ និង​សេចក្តីព្រាង​អនុ​ក្រឹ​ត​ស្តីពី​ដំណើរការ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ផ្អែក​តាម​លំនាំ​ច្បាប់ និង​អនុក្រឹត្យ​ស្តីពី​ការបង្កើត​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ហើយ​ត្រូវ​បានដាក់​ឆ្លង​ពិគ្រោះ​យោបល់ ពិភាក្សា ពិនិត្យ​កែសម្រួល​ឡើងវិញ ក្នុង​កិច្ចប្រជុំ​អន្តរក្រសួង​ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២០ ដោយមាន​ក្រសួង​ពាក់​ពន្ធ​ចំនួន​១៥ រួមទាំង​តំណាង​ក្រុមប្រឹក្សា​អ្នកច្បាប់​ផងដែរ​។​

​សេចក្ដីព្រាងច្បាប់​ស្ដីពី​ការបង្កើត​ក្រសួង​ឧស្សាហកម្ម វិទ្យា​សា​ស្ត បច្ចេកវិទ្យា និង​នវានុវត្តន៍​នេះ មាន​៩​មាត្រា រីឯ​សេចក្ដីព្រាង​អនុក្រឹត្យ​ស្ដីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​ក្រសួង មានការ​ច្របាច់​ខ្លឹមសារ​អនុក្រឹត្យ​ពីរ​កន្លងមក បញ្ចូល​គ្នា​តែមួយ​វិញ ព្រមទាំង​មាន​បង្កើត​នូវ​ជំពូក​ថ្មី ដែល​ចែង​អំពី​អគ្គនាយកដ្ឋាន​វិទ្យា​សា​ស្ត បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​វិទ្យាស្ថាន​ជាតិ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​ន​វា​វត្ត​ន៍​អោយស្រប​ទៅ​និង​បេសកកម្ម​ថ្មី​របស់​ក្រសួង​ថ្មី​៕


© រក្សាសិទ្ធិដោយ thmeythmey.com