ជាតិ
សេដ្ឋកិច្ច
ការយកពន្ធ ធ្វើឲ្យការនាំអង្ករកម្ពុជា ទៅអឺរ៉ុប ថយចុះ២២ភាគរយ ក្នុងខែមករា២០២០
07, Feb 2020 , 2:05 pm        
រូបភាព
រូបពីសហព័ន្ធស្រូវអង្ករកម្ពុជា
រូបពីសហព័ន្ធស្រូវអង្ករកម្ពុជា
ភ្នំពេញ៖ ទីផ្សារអង្ករធំទី១របស់កម្ពុជា គឺនៅតែជាសហគមន៍អឺរ៉ុប ប៉ុន្តែការនាំចេញអង្ករ ទៅសហគមន៍អឺរ៉ុប ក្នុងខែមករា ឆ្នាំឆ្នាំ២០២០ មានការធ្លាក់ចុះជាង៥ពាន់តោន ស្មើនឹង២២ភាគរយ ប្រើធៀបនឹងខែមករា ឆ្នាំ២០១៩។ របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បង្ហាញថា មូលហេតុចម្បង ដែលនាំឲ្យមានការថយចុះនេះ គឺដោយសារតែសហគមន៍អឺរ៉ុប យកពន្ធលើការនាំចូលអង្ករពីកម្ពុជា។



របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលចេញថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ បានឲ្យដឹងថា នៅខែមករា ឆ្នាំ២០២០ កម្ពុជា នាំចេញអង្ករទៅបរទេស បានតែ៥ម៉ឺនតោនប៉ុណ្ណោះ។ បើធៀបនឹងខែមករា ឆ្នាំ២០១៩ កម្ពុជា បាននាំចេញអង្ករជាង៥,៩ម៉ឺនតោន ទៅបរទេស។ ចំនួននេះ គឺថយចុះ១៥ភាគរយ ស្មើជាង៩ពាន់តោន។

ផ្អែកតាមរបាយការណ៍ សហគមន៍អឺរ៉ុប នៅតែបន្តឈានមុខគេ សម្រាប់ទីផ្សារអង្ករកម្ពុជា នៅរយៈពេល១ខែដំបូងក្នុងឆ្នាំ២០២០។ ការនាំចេញអង្ករ៥ម៉ឺនតោននោះ គឺ៣៧ភាគរយ បាននាំទៅអឺរ៉ុប ស្មើនឹង១,៨ម៉ឺនតោន ទៅចិន៣០ភាគរយ ស្មើនឹង១,៥ម៉ឺនតោន ទៅប្រទេសក្នុងតំបន់អាស៊ាន ១១ភាគរយ ស្មើនឹង៥,៨ពាន់តោន និងបណ្តាប្រទេសផ្សេងៗទៀត ២២ភាគរយ ស្មើនឹង៧,៨តោន។

អង្ករកម្ពុជា ដែលនាំចេញក្នុងខែមករា ឆ្នាំ២០២០ ភាគច្រើនគឺអង្ករក្រអូប៩១ភាគរយ ហើយ៩ភាគរយទៀត គឺអង្ករគ្រាប់វែង ហើយរកចំណូលបានប្រមាណ៣៩លានដុល្លារ។

របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បញ្ជាក់ថា ការនាំចេញអង្ករទៅសហគមន៍អឺរ៉ុប គឺមានការថយចុះ២២ភាគរយ ស្មើនឹងជាង៥ពាន់តោន បើធៀបទៅនឹងរយៈពេលដូចគ្នានៅខែមករា ឆ្នាំ២០១៩។ សហព័ន្ធស្រូវអង្ករកម្ពុជា លើកមូលហេតុដូច្នេះថា៖«ការថយចុះនេះ បណ្តាលមកពីការយកពន្ធអង្ករកម្ពុជា ដែលនាំចូលនៅសហគមន៍អឺរ៉ុប នៅឆ្នាំដំបូង ដោយអង្ករ១តោន យកពន្ធ១៧៥អឺរ៉ូ (ប្រមាណ២០០ដុល្លារ) គិតចាប់ពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩មក»។

ទោះបីជាការយកពន្ធនេះ ធ្វើឲ្យការនាំចេញអង្ករកម្ពុជាទៅអឺរ៉ុបថយចុះក៏ដោយ តែកម្ពុជាបាននាំចេញប្រភេទអង្ករក្រអូបស្ទើរទាំងស្រុង ចូលទៅអឺរ៉ុបវិញ ដែលធ្វើឲ្យចំណូលពីការនាំចេញ មានបរិមាណប្រហាក់ប្រហែលនឹងខែមករា ឆ្នាំ២០១៩។

ចំពោះការនាំអង្ករចេញទៅប្រទេសចិន ក្នុងខែមករា ឆ្នាំ២០២០នេះ ក៏បានថយចុះដែរ គឺប្រមាណជា២០ភាគរយ ស្មើរនឹងជាង៣តោន។ ការថយចុះនេះ គឺបណ្តាលមកពីការប្រារព្ធពិធីចូលឆ្នាំថ្មី នៅប្រទេសចិន ធ្វើឡើងនៅក្នុងមករា ឆ្នាំ២០២០។ ការប្រារព្ធពិធីនេះ លឿនជាងការចូលឆ្នាំចិននៅឆ្នាំ២០១៩ ដែលប្រារព្ធនៅដើមខែកុម្ភៈ។ ហេតុនេះហើយបានជាការបញ្ជាទិញ និងដំណើរការដឹកជញ្ជូនត្រូវឈប់សម្រាកក្នុងរយៈពេលជាមធ្យម ប្រមាណជា២សប្តាហ៍។

រីឯទីផ្សារអាស៊ានវិញ មានការប្រែប្រួលខ្លះ អាស្រ័យលើប្រទេសជិតខាងដូចជាប្រទេសថៃ និងវៀតណាម។ ទន្ទឹមនឹងនោះ ទីផ្សារចម្បងរបស់កម្ពុជាក្នុងតំបន់អាស៊ាន គឺប្រទេសម៉ាឡេស៊ី និងព្រុយណេ ដែលមិនមានការប្រែប្រួលខ្លាំងនោះទេគឺ ស្ថានភាពល្អមានលំនឹង។

ចំពោះទីផ្សារផ្សេងៗទៀត បានកើនឡើងប្រមាណ៤០ភាគរយ ស្មើនឹង៧,៨ពាន់តោន ក្នុងនោះប្រទេសកាប៉ុង នៅតែបន្តនាំមុខដដែល ស្របពេលជាមួយគ្នានោះ ប្រទសអូស្ត្រាលី បានបង្កើនល្បឿននាំចូលអង្ករច្រើនពីកម្ពុជាគួរឲ្យកត់សម្គាល់។

សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩មក សហគមន៍អឺរ៉ុបបានចាប់ផ្តើមគិតពន្ធលើអង្ករកម្ពុជា សម្រាប់រយៈពេល៣ឆ្នាំ ក្រោយពីកសិករអ៊ីតាលី និងអេស្បាញ បានប្តឹងការនាំចូលអង្ករពីកម្ពុជា និងភូមាថា បានខូចផលប្រយោជន៍អង្ករកសិករអឺរ៉ុប។ សហគមន៍អឺរ៉ុបចាប់យកពន្ធអង្ករកម្ពុជា ក្នុងតម្លៃប្រមាណ២០០ដុល្លារក្នុង១តោននៅឆ្នាំដំបូង និងជាង១៧០ដុល្លារនៅឆ្នាំទី២ ហើយជាង១៤២ដុល្លារ នៅឆ្នាំទី៣៕

Tag:
 កសិកម្ម
  អង្ករ
  EU
© រក្សាសិទ្ធិដោយ thmeythmey.com