ជាតិ
សង្គមជាតិ
រដ្ឋាភិបាល ឧបត្ថម្ភ៥០០ដុល្លារជាប្រចាំខែ ដល់និស្សិតខ្មែរម្នាក់ៗ នៅវូហាន
07, Feb 2020 , 3:06 pm        
រូបភាព
និស្សិតខ្មែរទាំង២៣នាក់ ដែលកំពុងជាប់ខ្លួននៅក្នុងទីក្រុងវូហាន ខេត្តហូប៉ី ប្រទេសចិន​ ជាកន្លែងផ្ទុះមេរោគកូរ៉ូណាប្រភេទថ្មី នឹងទទួលបានប្រាក់ឧបត្ថម្ភ៥០០ដុល្លារ ក្នុងម្នាក់ៗ ជារៀងរាល់ខែ ពីក្រសួងអប់រំ។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានយល់ព្រមលើសំណើសុំឧបត្ថម្ភថវិកាដល់និស្សិតខ្មែរទាំង២៣នាក់នោះ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

 

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា ក្រសួងអប់រំ បានដាក់សំណើទៅសម្តេចនាយករដ្ឋមន្រ្តី សុំឧបត្ថម្ភប្រាក់ប្រចាំខែដល់និស្សិតខ្មែរនៅវូហាន ហើយត្រូវបានសម្តេច យល់ព្រម ក្នុងអង្គប្រជុំនាព្រឹកនេះ។ លោក បញ្ជាក់ដូច្នេះថា៖«ជំហានទីមួយ យើង ឧបត្ថម្ភពួកគាត់៥០០ដុល្លារក្នុងម្នាក់ៗរួចហើយ ឥឡូវជំហានទីពីរ យើង ឧបត្ថម្ភពួកគាត់៥០០ដុល្លារក្នុងម្នាក់ៗ ជាប្រចាំខែ»។ 

អត្ថបទទាក់ទង


លោក បន្តថា ការឧបត្ថម្ភប្រាក់ប្រចាំខែនេះ នឹងធ្វើឡើងរហូតដល់ស្ថានការណ៍មេរោគកូរ៉ូណាប្រភេទថ្មី នៅប្រទេសចិន ស្ងប់រម្ងាប់។ យ៉ាងណា លោក មិនទាន់ដឹងទេថា ក្រសួងអប់រំ នឹងចាប់ផ្តើមឧបត្ថម្ភថវិកាប្រចាំខែនេះ ចាប់ពីខែណាទៅ ដោយលោក គ្រាន់តែប្រាប់ថា ក្រសួងអប់រំ កំពុងធ្វើការជាមួយក្រសួងសេដ្ឋកិច្ច ដើម្បីពន្លឿននីតិវិធីនេះឲ្យបានលឿន។

កាលពីថ្ងៃទី៤ ខែកុម្ភៈ ក្រសួងអប់រំ បានសម្រេចឧបត្ថម្ភថវិកា៥០០ដុល្លារ ក្នុងម្នាក់ៗ ដល់និស្សិតខ្មែរទាំង២៣នាក់នៅវូហាន។ ថវិកានោះ ត្រូវបានប្រគល់ទៅឲ្យនិស្សិតម្នាក់ឈ្មោះ ប៉ែន បារាំង ដែលជាតំណាងនិស្សិតខ្មែរនៅវូហាន។ តែពេលនេះ រដ្ឋាភិបាល សម្រេចឧបត្ថម្ភដល់ពួកគេជាប្រចាំខែតែម្តង។ 

ដោយសារការរាតត្បាតកាន់តែខ្លាំងឡើងៗនៃមេរោគកូរ៉ូណាប្រភេទថ្មី រដ្ឋាភិបាល សម្រេចបិទគ្រឹះស្ថានអប់រំទាំអស់មួយរយៈ។ បណ្តាប្រទេសនានា បានជម្លៀសនិស្សិតនិស្សិតនិងពលរដ្ឋខ្លួន ចេញពីប្រទេសចិន ជាពិសេសពីទីក្រុងវូហាន ដោយខ្លាចឆ្លងមេរោគកូរ៉ូណាប្រភេទថ្មី។  លើសពីនេះ បណ្តាប្រទេសទាំងនោះ ថែមទាំងផ្អាកជើងហោះហើរពីចិនថែមទៀត។ 

ផ្ទុយពីបណ្តាប្រទេសទាំងនោះ រដ្ឋាភិបាលកម្ពុជា មិនត្រឹមតែមិនជម្លសនិស្សិតនិងពលរដ្ឋខ្មែរ ចេញពីទីក្រុងវូហាននោះទេ តែថែមទាំងមិនបិទជើងហោះហើរពីចិនថែមទៀត។ ប្រមុខរដ្ឋាភិបាលកម្ពុជា ប្រកាន់យកទស្សនៈថា មិត្តល្អ មិនរត់ចោលគ្នាក្នុងគ្រាលំបាក់។ 

ថ្មីៗនេះ ប្រមុខរដ្ឋាភិបាល បានប្រកាសថា​ទៅសួរសុខទុក្ខនិស្សិតខ្មែរនៅវូហាន តែត្រូវរដ្ឋាភិបាលចិន ស្នើសុំមិនឲ្យទៅ​ ដោយសារមេរោគកូរ៉ូណាប្រភេទថ្មី កំពុងរាលដាលខ្លាំង។ ជំនួសឲ្យការទៅវូហាន រដ្ឋាភិបាលចិន បានអញ្ជើញប្រមុខរដ្ឋាភិបាលកម្ពុជា ទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំងវិញ។ រដ្ឋាភិបាលចិន ហៅការទៅបំពេញទស្សនកិច្ចរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា នៅទីក្រុងប៉េកាំង ក្នុងគ្រាដែលចិនប្រឈមនឹងមេរោគកូរ់ូណាប្រភេទនេះ ថាជាការបង្ហាញនូវមិត្តភាពដែកថែមដ៏ពិតប្រាកដ៕   


Tag:
 កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com