អន្តរជាតិ
ចិន​តវ៉ា ក្រោយ​អនុ​ប្រធានាធិបតី​តៃវ៉ាន់​ទើប​ជាប់ឆ្នោត​ទស្សនកិច្ច​នៅ​អាមេរិក​
07, Feb 2020 , 7:19 pm        
រូបភាព
អនុប្រធានាធិបតីតៃវ៉ាន់ទើបជាប់ឆ្នោត William Lai ។ រូបភាព AFP
អនុប្រធានាធិបតីតៃវ៉ាន់ទើបជាប់ឆ្នោត William Lai ។ រូបភាព AFP
​ទីក្រុង​ប៉េកាំង នៅ​ថ្ងៃទី​៦ ខែកុម្ភៈ បានដាក់​ពាក្យ​តវ៉ា​ទៅកាន់​អាមេរិក​ជុំវិញ​ដំណើរ​ទស្សនកិច្ច​របស់​អនុ​ប្រធានាធិបតី​តៃវ៉ាន់​ទើប​ជាប់ឆ្នោត​ថ្មី ហើយ​ថែមទាំង​មាន​ជំនួប​ជាមួយ​មន្ត្រី​សន្តិសុខ​អាមេរិក​ទៅទៀត​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បាន​ហៅ​រឿងនេះ​ជាការ​មិន​ត្រឹមត្រូវ​ដែល​អាច​នាំ​ឲ្យ​ទំនាក់ទំនង​ចិន និង​អាមេរិក​ធ្លាក់ចុះ​។ ចិន ក៏​ប្រាប់​ឲ្យ​អាមេរិក​ឈប់​ការបញ្ចេញ​សារ​ណាមួយ​ពាក់ព័ន្ធ​ឯករាជ្យ​របស់​តៃវ៉ាន់​ផងដែរ​។

 
​ជាថ្មី​ម្ដងទៀត ចិន បានបង្ហាញ​ជំហរ​ប្រឆាំង​ទំនាក់ទំនង​រវាង​អាមេរិក និង​តៃវ៉ាន់​ដែល​ខ្លួន​ចាត់ទុកជា​អាណាខេត្ត​របស់ខ្លួន​។ ស្ថានការណ៍​ចុងក្រោយ គឺ​អនុ​ប្រធានាធិបតី​តៃវ៉ាន់​ដែល​ទើប​ជាប់ឆ្នោត​ថ្មីៗ William Lai បានធ្វើ​ទស្សនកិច្ច​នៅ​ទឹកដី​អាមេរិក ហើយ​ជួប​មន្ត្រី​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​របស់​អាមេរិក​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន​តៃវ៉ាន់ CNA ប៉ុន្តែ​មិនបាន​ផ្ដល់ព័ត៌មាន​លម្អិត​ពី​ជំនួប​នៅ​សេត​វិមាន​នេះឡើយ​។ 
 
​ជំនួប​នេះ ធ្វើ​ឲ្យ​ប៉េកាំង​ក្ដៅស្លឹកត្រចៀក​យ៉ាងខ្លាំង ហើយ​ប្រាប់​វ៉ាស៊ីនតោន​ឲ្យ​ឈប់​រៀបចំ​ជំនួប​បែបនេះ​ទៀត​។ ក្នុង​សន្និសីទ​សារព័ត៌មាន​អន​ឡាញ​នៅ​ថ្ងៃទី​៦ ខែកុម្ភៈ អ្នកស្រី Hua Chunying និយាយថា អាមេរិក​មិនគួរ​រៀបចំ​ឲ្យ​ថ្នាក់​នាំ មន្ត្រី​រដ្ឋាភិបាល  ឬ​សមាជិកសភា​មាន​ជំនួប​គ្រប់​រូបភាព​ជាមួយ​លោក Lai ឡើយ​។ មន្ត្រី​រូបនេះ បានស្នើ​ឲ្យ​អាមេរិក​បញ្ឈប់​ការផ្ញើ​សារ​ទៅកាន់​ក្រុម​អ្នកនយោបាយ​មាន​និន្នាការ​រក​ឯករាជ្យ​នៅ​តៃវ៉ាន់ សំដៅ​បញ្ចៀស​ការធ្លាក់ចុះ​ទំនាក់ទំនង​ទ្វេភាគី​។​
 
​ដំណើរ​ទស្សនកិច្ច​រប​ស់លោក Lai ធ្វើឡើង​ក្រោយ​លោក និង​ប្រធានាធិបតី Tsai Ing-wen ទទួល​ជ័យជម្នះ​ភ្លូកទឹកភ្លូកដី​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​តៃវ៉ាន់​។ អ្នកស្រី Tsai បាន​ផ្ដួល​គូប្រជែង​សំខាន់ Han kuo-yu ដែលមាន​ជំហរ​ទៅរក​ការពង្រឹង​ទំនាក់ទំនង​ជាមួយ​ប៉េកាំង​។ ជ័យជម្នះ​នេះ ក៏បាន​បង្ហាញ​ពី​ការពេញចិត្ត​របស់​ប្រជាជន​តៃវ៉ាន់​លើ​ការដឹកនាំ​របស់​អ្នកស្រី Tsai ដែល​ខិត​ឆ្ងាយ​ពី​ទំនាក់ទំនង​ល្អប្រសើរ​ជាមួយ​ចិន​។​
 
​ទំនាក់ទំនង​ឆ្លង​ច្រក​សមុទ្រ​តៃវ៉ាន់ បាន​ល្អក់កករ​យ៉ាងខ្លាំង​តាំងពី​អាណត្តិ​ទីមួយ​របស់​អ្នកស្រី Tsai មក​។ ឯ​មូលហេតុ​នោះ គ្មានអ្វី​ក្រៅពី​ជំហរ​ចង់​ប្រកាស​ផ្ដាច់ខ្លួន​របស់​រដ្ឋាភិបាល​តៃវ៉ាន់​ឡើយ ដោយ​អ្នកស្រី Tsai បញ្ជាក់​ច្បាស់ៗ​ថា តៃវ៉ាន់ មិនមែនជា​ផ្នែក​ណាមួយ​របស់​ចិន​ឡើយ​។ ជំហរ​បែបនេះ​របស់​រដ្ឋាភិបាល​តៃវ៉ាន់ ពិតជា​ធ្វើ​ឲ្យ​ប៉េកាំង​មិន​សប្បាយចិត្ត ដោយបាន​ព្រមាន​ម្ដង​ជា​ពីរដង​ថា ការប្រើប្រាស់​កម្លាំង​ដើម្បី​បង្រួប​ប្រទេស ជា​រឿង​មិនអាច​គេច​បានឡើយ​។​
 
​ចំណែក​តៃវ៉ាន់ និង​អាមេរិក​វិញ គ្មាន​ទំនាក់ទំនង​ការទូត​នឹង​គ្នា​ឡើយ ប៉ុន្តែ​អាមេរិក​មាន​ចំណង​ផ្លូវច្បាប់​ដើម្បី​ផ្ដល់​ការពារ​ដល់​តៃវ៉ាន់​។ តៃវ៉ាន់ ជា​ម៉ូយ​អាវុធ​ដ៏​ធំ​មួយ​របស់​អាមេរិក ដែល​បាន​បញ្ជា​ទិញ​សព្វាវុធ​ជា​បន្តបន្ទាប់​។ ទំនាក់ទំនង​តៃវ៉ាន់ និង​អាមេរិក ក៏ត្រូវ​មើលឃើញថា ជិតស្និទ្ធ​ខ្លាំង​ដែរ​ក្នុង​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែលមាន​ទំនាក់ទំនង​មិនសូវ​ល្អជា​មួយ​ចិន​លើ​ផ្នែក​ពាណិជ្ជកម្ម​៕
 

Tag:
 អាមេរិក​
  តៃវ៉ាន់​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com