អន្តរជាតិ
លោក ត្រាំ ប្រា​ប់លោក ស៊ី ថា អាមេរិក​ជឿជាក់​សមត្ថភាព​ចិន​ក្នុងការ​ប្រយុទ្ធ​ជាមួយ​កូ​រ៉ូ​ណាវី​រុស​
07, Feb 2020 , 3:46 pm        
រូបភាព
ប្រធានាធិបតីចិន ស៊ី ជិនភីង(ខាងឆ្វេង) និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ រូបភាព៖ AP
ប្រធានាធិបតីចិន ស៊ី ជិនភីង(ខាងឆ្វេង) និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ រូបភាព៖ AP
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​៧ ខែកុម្ភៈ បាន​សង្កត់ធ្ងន់ថា អាមេរិក ជឿជាក់​លើ​សមត្ថភាពរ​បស់​ចិន​ក្នុងការ​ដោះស្រាយ​បញ្ហា​កូ​រ៉ូ​ណា​វីរុស​នៅក្នុង​ប្រទេស​។ ជាការ​ឆ្លើយតប ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង បានបញ្ជាក់​ប្រាប់​សមភា​គី​អាមេរិក​ថា ចិន បាន​ប្រើប្រាស់​គ្រប់​វិធានការ​តាម​ដែល​អាចធ្វើ​ទៅបាន​ទាំងអស់ ដើម្បី​ទប់ស្កាត់​ការរីក​សាយភាយ​កូ​រ៉ូ​ណាវី​រុស​។

 

 
​តាមរយៈ​សេចក្តីថ្លែងការណ៍​របស់​សេត​វិមាន​មួយ នា​ថ្ងៃទី​៧ ខែកុម្ភៈ លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អាមេរិក ជឿជាក់​យ៉ាងខ្លាំង​លើ​កម្លាំង និង​សមត្ថភាព​របស់​ចិន ក្នុងការ​ប្រឈមមុខ និង​ដោះស្រាយ​បញ្ហា​ការរីក​សាយភាយ​នៃ​កូ​រ៉ូ​ណាវី​រុស ដែល​បានសម្លាប់​មនុស្ស​ជាច្រើន​នាក់ និង​បង្ក​ឲ្យ​មាន​អ្នក​ឆ្លង​យ៉ាងច្រើន នៅក្នុង​ប្រទេស​ចិន​។ 
 
​ជាការ​ឆ្លើយតប លោក ស៊ី ជិន​ភីង ប្រធានាធិបតី​ចិន បាន​បញ្ជាក់ថា ទីក្រុង​ប៉េកាំង មាន​ទំនុកចិត្ត និង​សមត្ថភាព​គ្រប់គ្រាន់ ក្នុងការ​ប្រយុទ្ធ​យកឈ្នះ​លើ​វីរុស​ប្រភេទ​ថ្មី​នេះ​។ បើតាម​ការចុះផ្សាយ​រប​ស់​ទូរទស្សន៍​រដ្ឋ CCTV លោក ស៊ី បាន​ប្រា​ប់លោក ត្រាំ តាម​ទូរ​សព្ទ​ថា បើទោះបី​ជាមាន​ការរីក​សាយភាយ​នៃ​កូ​រ៉ូ​ណា​វីរុស​នៅក្នុង​ប្រទេស​ក៏ពិតមែន ប​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព នឹងមិន​មានការ​ប្រែប្រួល​ឡើយ​។ 
 
​ក្នុងអំឡុង​កិច្ចសន្ទនា​តាម​ទូរ​សព្ទ​នេះ លោក ស៊ី បាន​ប្រា​ប់លោក ត្រាំ ទៀតថា ចិន បាន​ចាត់​វិធាន​លើ​កូ​រ៉ូ​ណា​វីរុស​យ៉ាងខ្លាំង និង​លឿន​បំផុត ដើម្បី​ទប់ស្កាត់​ការរីក​សាយភាយ​វីរុស​នេះ​។ ជាក់ស្តែង​ចិន បានចេញ​ចំណាត់​ការបិទ​ក្រុង បិទ​មធ្យោបាយ​ដឹកជញ្ជូន បិទ​ជើងយន្តហោះ ការផាកពិន័យ​អ្នក​មិន​ពាក់​ម៉ាស់​ក្នុង​ទីសាធារណៈ និង​ការសាងសង់​មន្ទី​ពេទ្យ​ក្នុង​រយៈពេល​លឿន​ជាដើម​។ 
 
​ក្រៅពីនេះ មេដឹកនាំ​ពីរ បាន​យល់ព្រម​សហប្រតិបត្តិការ និង​ព​ង្រឹ​ក​ទំនាក់ទំនង​បន្ថែមទៀត ជុំ​វី​ញ​កូ​រ៉ូ​ណាវី​រុស ហើយ​សេត​វិមាន នឹង​បន្ត​តាមដាន​របាយការណ៍​ស្តីពី​កូ​រ៉ូ​ណាវី​រុស​ឲ្យ​បានល្អ​បំផុត តាម​ការចុះផ្សាយ​របស់​ព័ត៌មាន​រដ្ឋ​ចិន​។ 
 
​សូមបញ្ជាក់ថា នា​ថ្ងៃទី​៦ ខែកុម្ភៈ ប្រធានាធិបតី ស៊ី បានប្រកាស​ការរីក​សាយ​ភាយ​របស់​កូ​រ៉ូ​ណាវី​រុស​ថា​ជា «​សង្គ្រាម​របស់​ប្រជាជន​ចិន​» ខណៈពេល​មនុស្ស​ជាច្រើន​ម៉ឺន​នាក់ បាន​ផ្ទុក​វីរុស​ថ្មី​នេះ និង​មាន​មនុស្ស ជាច្រើន​នាក់ បាន​ស្លាប់​ដោយសារ​កូ​រ៉ូ​ណាវី​រុស​៕ 

Tag:
 ​ចិន​
  អាមេរិក​
  កូ​រ៉ូ​ណាវី​រុស
© រក្សាសិទ្ធិដោយ thmeythmey.com