ជាតិ
សង្គមជាតិ
នគរបាល អនុវត្តយុទ្ធសាស្ត្រ២០២០ ធ្វើឲ្យគ្រោះថ្នាក់ចរាចរណ៍ថយមកត្រឹមកម្រិតទាប រូបភាពពីអគ្គស្នងការដ្ឋាននគរបាលជាតិ
× ភ្នំពេញ៖ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាព ការរឹតបន្តឹងអនុវត្តច្បាប់ ស្តីពីចរាចរផ្លូវគោកឆ្នាំ២០២០ នៅថ្ងៃទី៦ ខែកុម្ភៈ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានកំណត់យកឆ្នាំ២០២០នេះ ជាឆ្នាំនៃការពង្រឹងអនុវត្តច្បាប់ស្តីពីចរាចរផ្លូវគោក ដោយលោក ជំរុញ ឲ្យមន្ត្រីនគរបាលរាជធានី-ខេត្តគ្រប់ជាន់ថ្នាក់ទាំងអស់ ត្រូវបំពេញភារកិច្ចការពារសុវត្ថិភាព និងសន្តិសុខដល់ពលរដ្ឋ។
លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងប្រធានអនុគណៈកម្មការទី២ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានដាក់ចេញវិធានការមួយចំនួន សម្រាប់ឲ្យមន្ត្រីនគរបាលគ្រប់រាជធានីខេត្ត អនុវត្ត និងរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ និងប៉ះពាល់ដល់សោភ័ណភាពទីក្រុង ព្រមទាំងរៀបចំយុទ្ធនាការផ្សព្វផ្សាយ និងណែនាំបន្ថែមទៅអ្នកបើកបរ និងអ្នកប្រើប្រាស់ផ្លូវថ្នល់សម្រាប់ធ្វើអាជីវកម្ម។
ភារកិច្ចរបស់មន្ត្រីអាជ្ញាធរគ្រប់មូលដ្ឋានទៀតនោះ គឺរៀបចំកម្លាំង មធ្យោបាយ ឧបករណ៍ សម្ភារបច្ចេកទេសសម្រាប់ប្រតិបត្តិការ។ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវ លូ គំនូស ស្លាកសញ្ញាចរាចរណ៍)។ រៀបចំឲ្យមានមន្ត្រីប្រចាំការ២៤ម៉ោងលើ២៤ម៉ោងទាំងនៅស្នងការដ្ឋាន និងរដ្ឋបាល ជាពិសេសត្រូវលើកទឹកចិត្ត និងផ្តល់រង្វាន់ដល់មន្ត្រីដែលមានស្នាដៃ និងអនុវត្តវិន័យឲ្យម៉ឺងម៉ាត់ចំពោះមន្ត្រីដែលខុសឆ្គង។
គេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានស្រង់សម្តីរបស់លោក នេត សាវឿន ដែលថ្លែងក្នុងកិច្ចប្រជុំទៅចុះផ្សាយយ៉ាងដូច្នេះថា៖«យើង សង្ឃឹមថាឆ្នាំ២០២០នេះ យើងនឹងជោគជ័យកាត់បន្ថយចំនួនរឿងហេតុ កាត់បន្ថយអ្នកគ្រោះថ្នាក់ឲ្យបាន។ ចង់កាត់បន្ថយបានយើងទាំងអស់ត្រូវបេ្តជ្ញាចិត្ត និងមានការចូលរួមពីគ្រប់មជ្ឈដា្ឋន ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក»។
ដើម្បីឲ្យប្រតិបត្តិការនេះ សម្រេចទៅបាន លោក នេត សាវឿន ក៏នឹងសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន សម្រាប់ពង្រឹងការគ្រប់គ្រងសាលាបង្រៀនបើកបរ និងយានដ្ឋានជួសជុលកែច្នៃដំឡើងរថយន្ត ពង្រឹងសមត្ថភាព ពិនិត្យ គុណភាពបច្ចេកទេសយានយន្ត និងពង្រឹងសមត្ថភាពមន្ត្រីចរាចរណ៍ពីឥរិយាបថឈរជើងនៅតាមផ្លូវ។
ក្នុងឆ្នាំ២០១៩ អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍កើនឡើង២២០នាក់ ស្មើនឹង១២ភាគរយ និងអ្នករបួសកើនឡើង១៣៧១នាក់ ស្មើនឹង២៩ភាគរយ។ នេះបើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក៕
Tag:
សុវត្ថិភាព
គ្រោះថ្នាក់ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com