ជាតិ
រដ្ឋាភិបាល សម្រេច​ឱ្យ​បង្កើត​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម​២​ទៀត ដោយ​ប្រើ​ទុន​ជាង​១៦០០​លាន​ដុល្លារ​
07, Feb 2020 , 9:39 pm        
រូបភាព
​ភ្នំពេញ​៖ រដ្ឋាភិបាល បានសម្រេច​ឱ្យ​បង្កើត​រោងចក្រ​អ​គិ​ស​នី​ដុត​ធ្យូងថ្ម​២​កន្លែង​ទៀត នៅក្នុង​ខេត្តកោះកុង និង​ឧ​ត្ត​រ​មានជ័យ ក្រោម​ទុនវិនិយោគ​ជាង​១៦០០​លាន​ដុល្លារ​អាមេរិក​។ គណៈរដ្ឋមន្ត្រី ដែល​ដឹកនាំ​កិច្ចប្រជុំ​ដោយ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុម័ត​លើ​សំណើរ​វិនិយោគ​លើ​វិស័យ​អគ្គិសនី​នេះ នៅ​ព្រឹក​ថ្ងៃទី​៧ កុម្ភៈ​។


 
​របាយការណ៍​ដែល​បញ្ចេញ​ដោយ​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល បាន​បញ្ជាក់ថា រោងចក្រ​អគ្គិសនី​ធ្យូងថ្ម​ទាំង​២​នេះ អាចមាន​លទ្ធភាព​ផលិត​អគ្គិសនី​ជិត​១​ពាន់​មេ​ហ្គា​វ៉ា​ត់ សម្រាប់​ផ្គត់ផ្គង់​ដល់​ប្រជាពលរដ្ឋ​។ ចំពោះ​ការអភិវឌ្ឍ​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម​ទាំង​២​នេះ រដ្ឋាភិបាល​បានសម្រេច​ឱ្យ​ក្រុមហ៊ុន HAN SENG COAL MINES CO.,LTD បង្កើត​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម ២៦៥ មេ​ហ្កា​វ៉ា​ត់ នៅ​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​វិនិយោគ​លើ​គម្រោង​សាងសង់​បណ្តាញ​បញ្ជូន ២៣០ គីឡូវ៉ុល ភ្ជាប់​ពី​រោងចក្រ​អគ្គិសនី​នេះ មក​អនុ​ស្ថានីយ​ខាងកើត​សៀមរាប​ផងដែរ​។ សម្រាប់​ទុនវិនិយោគ​សរុប​លើ​ការងារ​ទាំងពីរ​នេះ ក្រុមហ៊ុន​មាន​ទុន​ជាង ៣៥៥, ៧៥​លាន​ដុល្លារ ដោយ​ក្នុងនោះ​ទុនវិនិយោគ​ផ្ទាល់​មាន​៣០​ភាគរយ និង​ថវិកា​៧០​ភាគរយ​ទៀត​ខ្ចី​ពី​ធនាគារ ។ រយៈពេល​ដំណើរការ​អាជីវកម្មរ​បស់​រោងចក្រ​អគ្គិសនី​នេះ គឺ​២៥​ឆ្នាំ​។ នេះ​បើតាម​លោក ផៃ ស៊ី​ផាន​។​
 
​ដោយឡែក​រោងចក្រ​អគ្គិសនី​ដុត​ធ្យូង​មួយទៀត ស្ថិតនៅ​ស្រុក​បុ​ទុម​សាគរ ខេត្តកោះកុង ដែលមាន​អានុភាព​ដំឡើង​សរុប ៧០០ មេ​ហ្គា​វ៉ា​ត់ និង​អានុភាព​ធានា​ផ្តល់ឱ្យ​បណ្តាញ​ជាតិ ៦៨០ មេ​ហ្គា​វ៉ា​ត់​។ ក្នុងនោះ​អគ្គិសនី​កម្ពុជា​ត្រូវ​ធានា​ទិញ​ថាមពល ៨០​ភាគរយ នៃ​អានុភាព​ធានា​ផ្តល់ឱ្យ​បណ្តាញ​ជាតិ ស្មើនឹង ៤,៧៦៥ លាន​គីឡូវ៉ាត់ម៉ោង​ក្នុង ១​ឆ្នាំ​។ ក្រុមហ៊ុន ROYAL GROUP​សហការ​ជាមួយ​ក្រុមហ៊ុន SINOSTEEL EQUIPMENT & ENGINEERING CO.,LTD វិនិយោគ និង​អភិវឌ្ឍន៍​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម​នេះ ក្នុង​ទំហំ​សរុប ១, ៣៤៤ លាន​ដុល្លារ​អាមេរិក ដោយ​ក្នុងនោះ​ទុន​ផ្ទាល់ ៣០​ភាគរយ និង​ខ្ចី​ពី​ធនាគារ ៧០​ភាគរយ ។ ចំពោះ​ដំណើរការ​អាជីវកម្មរ​បស់​រោងចក្រ​អគ្គិសនី​នេះ គឺមាន​រយៈពេល ៣៥​ឆ្នាំ​។ នេះ​បើតាម​របាយការណ៍​ដែល​អ្នកនាំពាក្យ​រដ្ឋាភិបាល បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​។​
 
​លោក ផៃ ស៊ី​ផាន បានបញ្ជាក់​ដូច្នេះ​ថា​៖«​គម្រោង​វិនិយោគ​ទាំង ៣​នេះ មាន​ភាពចាំបាច់​ក្នុងការ​បំពេញ​ឱ្យបាន​គ្រប់គ្រាន់​នូវ​ប្រភព​អគ្គិសនី ធានា​សុវត្ថិភាព និង​សន្តិសុខ នៃ​ការផ្គត់ផ្គង់​អគ្គិសនី​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ពី​ឆ្នាំ ២០២១ ដល់​ឆ្នាំ ២០២៤ ធានាឱ្យមាន​ស្ថិរភាព​ផ្គត់ផ្គង់​នៅ​រដូវប្រាំង ដែល​វា​រី​អគ្គិសនី​របស់​យើង​មួយ​ភាគ​ធំ​ពុំមាន​លទ្ធភាព​ផលិត​បាន​ច្រើន​។ ការចរចា​លើ​បច្ចេកទេស​និង​ហិរញ្ញវត្ថុ​មាន​លក្ខណៈ​សមរម្យ អាច​ចូលរួម​បន្ថយថ្លៃ​អគ្គិសនី​បន្ថែមទៀត​ជូន​អ្នកប្រើប្រាស់​អគ្គិសនី​នៅ​កម្ពុជា ឆ្លើយតប​នឹង​គោលនយោបាយ​បន្ថយថ្លៃ​អគ្គិសនី​របស់​រាជរដ្ឋាភិបាល ។​ម្យ៉ាងទៀត​កង្វល់​លើ​បញ្ហា​បរិស្ថាន​ត្រូវបាន​ដោះស្រាយ​ដោយ​សមស្រប តាម​គោលការណ៍​ក្រសួងបរិស្ថាន​។​
 
​ដើម្បី​អភិវឌ្ឍន៍​គម្រោង​ទាំង ៣ ខាងលើនេះ រាជរដ្ឋាភិបាល​បានអនុញ្ញាត​ឱ្យ​ក្រសួង​រ៉ែ និង​ថាមពល ប​ងើ្ក​ត​គណៈកម្មការ​ចរចារ​អន្តរក្រសួង ដែលមាន​សមាសភាព​ម​ក​ពី​ក្រសួង​រ៉ែ និង​ថាមពល ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អាជ្ញាធរ​អគ្គិសនី​កម្ពុជា ចរចារ​ជាមួយ​ក្រុមហ៊ុន​វិនិយោគ​ទាំង ២​។​
 
«​រាជរដ្ឋាភិបាល​ត្រូវ​ផ្តល់​លិខិតធានា ដើម្បី​ធានា​ការទូទាត់​២​ប្រភេទ របស់​ក្រសួង​រ៉ែ និង​ថាមពល និង​អគ្គិសនី​កម្ពុជា គឺ​ទី​១-​ធានា​ទូទាត់​ថ្លៃ​ទិញ​អគ្គិសនី ក្នុងករណី​ដែល​អគ្គិសនី​កម្ពុជា​មិន​ធ្វើការ​ទូទាត់​ឲ្យ​ក្រុមហ៊ុន​តាម​កិច្ចព្រមព្រៀង​ទិញ​-​លក់ និង​ទី​២-​ធានា​ការទូទាត់​ទិញយក​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​គម្រោង​ក្នុងករណី​មាន​ប្រធាន​សក្តិ​នយោបាយ ដែល​នាំ​ក្រុមហ៊ុន​ពុំ​អាច​ដំណើរការ​អាជីវ​កម្មបាន​»​។ នេះ​ជាការ​បញ្ជាក់​របស់​ផៃ ស៊ី​ផាន​។​
 
​បច្ចុប្បន្ន​កម្ពុ​ជាមាន​ថាមពល​អគ្គិសនី​ប្រើប្រាស់​ត្រឹមតែ​២៦០០​មេ​ហ្គា​វ៉ា​ត់​។ ក្នុងនោះ​កម្ពុជា បាន​នាំចូល​ថាមពល​អគ្គិសនី​ពី​ប្រទេសជិតខាង​រួមមាន​ប្រទេស​ថៃ វៀតណាម និង​ឡាវ ប្រមាណ​ជា ៤០០​មេ​ហ្កា​វ៉ា​ត់​។​នេះ​បើតាម​លោក វិចទ័រ ហ្សូ​នា អគ្គនាយកដ្ឋាន​ថាមពល​នៃ​ក្រសួង​រ៉ែ និង​ថាមពល ដែល​ធ្លាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា បច្ចុប្បន្ន​កម្ពុជា​ត្រូវការ​ថាមពល​អគ្គិសនី​ជាក់ស្ដែង ខ្ទង់​៣០០០​មេ​ហ្គា​វ៉ា​ត់ ទើប​អាច​ផ្គត់ផ្គង់​តំបន់​សេដ្ឋកិច្ច ទីកន្លែង​កម្សាន្ត លំនៅដ្ឋាន​ដែល​នៅ​ដាច់​ស្រ​យោល របស់​ប្រជាពលរដ្ឋ​ឱ្យបាន​គ្រប់គ្រាន់​។​
 
​កាលពី​ថ្ងៃទី​១១ កញ្ញា ឆ្នាំ​២០១៩ រដ្ឋាភិបាល ក៏បាន​សម្រេច​ទិញ​អគ្គិសនី​២៤០០​មេ​ហ្គា​វ៉ា​ត់​ពី​ឡាវ ដោយ​ទំហំ​ទឹកប្រាក់​ជិត​៥​ពាន់​លាន​ដុល្លារ រយៈពេល​៣០​ឆ្នាំ ដើម្បី​យកមក​ផ្គត់ផ្គង់ និង​បំពេញតម្រូវការ​អ្នកវិនិយោគ និង​ពលរដ្ឋ​កម្ពុជា​ដែរ​៕
 

Tag:
 ផៃ ស៊ី​ផាន​
  ហ៊ុន សែន​
  អគ្គិសនី​
© រក្សាសិទ្ធិដោយ thmeythmey.com