កីឡាអន្តរជាតិ
អន្តរជាតិ
FA ចេញ​គោលការណ៍​ថ្មី ឲ្យ​កាត់បន្ថយ​ការប្រើ​ក្បាល​ពេល​ហ្វឹកហាត់ ដើម្បី​បង្ការ​ជំងឺ​វង្វេង​
07, Feb 2020 , 5:07 pm        
រូបភាព
​សហព័ន្ធ​កីឡាបាល់ទាត់​អង់គ្លេស (FA) បានដាក់​ចេញ​គោលការណ៍​ណែនាំ​របៀប​បង្វឹក​ថ្មី​ដល់​កីឡាករ​ក្រោម​អាយុ​១៨​ឆ្នាំ ដោយ​កម្រិត​ចំនួន​ប្រើប្រាស់​ក្បាល​តែ​តបាល់​អំឡុងពេល​ហ្វឹកហាត់​។ ការកាត់បន្ថយ​ការប្រើប្រាស់​ក្បាល​នេះ គឺ​ដើម្បី​ជាការ​ការពារ ឬ​កាត់បន្ថយ​អត្រា​ការស្លាប់​របស់​កីឡាករ​បាល់ទាត់​អាជីព​ដោយសារ​ជំងឺ​វង្វេង ឬ​បញ្ហា​ខួរក្បាល​។​


 
​គោលការណ៍​ណែនាំ​ថ្មី​ដែល​បាន​ផ្សាយ​ដោយ​កាសែត The Times នៅ​មិនទាន់​បានបញ្ចប់​នៅឡើយ​ទេ ប៉ុន្តែ​ក៏​គ្មាន​ការហាមឃាត់​ទាំងស្រុង​ចំពោះ​របៀប​ហ្វឹកហាត់​ថ្មី​នេះដែរ​។ 
 
​កាលពី​ខែមករា​កន្លងទៅ ទូរទស្សន៍ BBC ស្កុ​តឡែ​ន បាន​បង្ហាញថា សហព័ន្ធ​កីឡាបាល់ទាត់​ស្កុ​តឡែ​ន (SFA) ក៏បាន​កំណត់​ការហាម​ប្រាម​ក្មេង​អាយុ​ក្រោម​១២​ឆ្នាំ ប្រើប្រាស់​ក្បាល​ក្នុងអំឡុងពេល​ហ្វឹកហាត់​បាល់ទាត់​ផងដែរ​។​


Jeff Astle អតីតខ្សែប្រយុទ្ធ West Brom ស្លាប់ដោយសារបញ្ហាខួរក្បាល
 
​ការសិក្សា​ថ្មី​មួយ​ដែល​បានបង្ហាញ​នៅក្នុង​ខែតុលា ឆ្នាំមុន បាន​រកឃើញ​ពី​ផលប៉ះពាល់​រវាង​កីឡាករ​ដែល​លេង​ក្នុង​កម្រិត​អាជីព ជាមួយនឹង​ការស្លាប់​ដោយសារ​ជំងឺ​វង្វេង​។​
 
​ការសិក្សា​ខាងលើនេះ​ធ្វើឡើង​ដោយ​សាកលវិទ្យាល័យ Glasgow និង​ដឹកនាំ​ដោយ សហព័ន្ធ​កីឡាបាល់ទាត់​អង់គ្លេស (FA) ជាមួយ​សហព័ន្ធ​កីឡាបាល់ទាត់​អាជីព (PFA)​។ ពួកគេ​បាន​រកឃើញថា អតីត​កីឡាករ​បាល់ទាត់​អាជីព​ទំនងជា​ស្លាប់​ដោយ​ជំងឺ​ខួរក្បាល​ច្រើនជាង​៣​ដង​កន្លះ បើ​ធៀប​នឹង​ប្រជាជន​ទូទៅ​ដែលមាន​អាយុ​ស្របាល​គ្នា​។​
 
​គោលការណ៍​ណែនាំ​ថ្មី​របស់ FA រំពឹងថា​នឹងត្រូវ​ដាក់​ប្រើ​នៅ​ចុងខែ​កុម្ភៈ​នេះ ដោយ​ត្រូវអនុវត្ត​តែ​នៅក្នុង​ការហ្វឹកហាត់​ប៉ុណ្ណោះ មិនមែន​នៅក្នុង​ការប្រកួត​ផ្លូវការ​ឡើយ​។​
 
​កាលពី​ខែធ្នូ ពោលគឺ​ពីរ​ខែ​បន្ទាប់ពី​ការចេញផ្សាយ​លទ្ធផល​នៃ​ការស្រាវជ្រាវ ប្រធាន​ផ្នែក​វេជ្ជសាស្ត្រ​របស់ FA លោក Charlotte Cowie អះអាងថា ការស្រាវជ្រាវ​ដែល​ដឹកនាំ​ដោយ FA បាន​ជំរុញ​ឲ្យ​មានការ​ពិនិត្យឡើងវិញ​នៃ​ការផ្លាស់ប្តូរ​ដែល​អាច​កើតមាន​ចំពោះ​ការ​បង្វឹក និង​ការបណ្តុះបណ្តាល​នៅ​គ្រប់​កម្រិត​ទាំងអស់​ដើម្បី​កាត់បន្ថយ​ការប៉ះទង្គិច​ក្បាល​ដោយ​គ្មាន​បច្ចេកទេស​។​
 
«​វា​ជាការ​ចាំបាច់​ដែល​កីឡាបាល់ទាត់​បច្ចុប្បន្ន​ត្រូវធ្វើ​គ្រប់យ៉ាង​ដើម្បី​ស្វែងយល់​បន្ថែម​ពីអ្វី​ដែល​បណ្តាល​ឲ្យ​មាន​ហានិភ័យ​កើនឡើង និង​ធ្វើ​អ្វី​ដើម្បី​ធានាបាន​ថា​កីឡាករ​បាល់ទាត់​ជំនាន់​ក្រោយ​ត្រូវបាន​ការពារ​»​។ នេះ​ជាការ​បន្ថែម​របស់លោក Charlotte Cowie​។​
 
​នៅ​អាមេរិក ការហាមឃាត់​មិន​ឲ្យ​ក្មេងៗ​ប្រើ​ក្បាល​តែ​តបាល់ ត្រូវបាន​អនុវត្ត​ចាប់តាំងពី​ឆ្នាំ ២០១៥ មក​ម្លេះ​៕
 

Tag:
 FA
  ជំងឺ​វង្វេង
© រក្សាសិទ្ធិដោយ thmeythmey.com