កីឡាជាតិ
ជាតិ
លោក ស សុខា ព្រមានដាក់ពិន័យមន្ទីរណា ដែលមិនអនុវត្តតាមគោលការណ៍ក្រសួងអប់រំ
× លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមានចាត់វិធានដាក់ពិន័យមន្ទីរអប់រំយុវជននិងកីឡារាជធានីខេត្តណា ដែលមិនអនុវត្តតាមគោលការណ៍របស់ក្រសួង។ លោក ក៏ព្រមានប្រើវិធានការវះកាត់លើមន្ត្រីខិលខូច ដែលប្រើវិស័យកីឡា ដើម្បីសំងំសុខផងដែរ។ លោកចាត់ទុកបញ្ហាទាំងនេះ ជាកត្តារាំងស្ទះដល់ដំណើរការអភិវឌ្ឍន៍វិស័យកីឡានៅកម្ពុជា។
ក្រសួងអប់រំយុវជននិងកីឡាព្រមានប្រើវិធានដាក់ពិន័យមន្ទីរអប់រំយុវជននិងកីឡារាជធានីខេត្តណាដែលអនុវត្តប្រាសចាកពីវិធាន និងគោលការណ៍របស់ខ្លួន ដែលបានដាក់ចេញឲ្យអនុវត្ត។ ការព្រមាននេះ ធ្វើឡើងក្រោយក្រសួងសង្កេតឃើញនៅមានមន្ទីរមួយចំនួនមិនបានអនុវត្តតាមអ្វីដែលក្រសួងបានកំណត់។ ប៉ុន្តែ ពួកគេ ក៏សង្កេតឃើញមន្ទីរមួយចំនួនធំបានអនុវត្តត្រឹមត្រូវបានគោលការណ៍ផងដែរ។
«ការតាមដាន ការចុះឈ្មោះរបស់កីឡាករកីឡាការិនីគឺសំខាន់ណាស់ ព្រោះធ្វើឲ្យយើងដឹងថាពួកគាត់មកពីខាងណា។ បើយើងមើលឧទាហរណ៍ក្រុមបាល់ទះមួយមានកីឡាករ៥នាក់មកពីសាលាតែមួយ យើងត្រូវតែដាក់សញ្ញាសួរ ហើយយើងអាចឈានទៅដាក់ពិន័យមន្ទីរមួយចំនួនដែលមិនគោរពតាមគោលការណ៍របស់ក្រសួងអប់រំយុវជននិងកីឡា»។ លោក ស សុខា លើកឡើងដូចនេះក្នុងសន្និសីទសារព័ត៌មានក្រោយកិច្ចប្រជុំបូកសរុបការងារអនុវិស័យអប់រំកាយនិងកីឡាឆ្នាំ២០១៨-២០១៩ និងលើកទិសដៅអនុវត្តឆ្នាំ២០១៩-២០២០ កាលពីថ្ងៃទី៤ កុម្ភៈ ឆ្នាំ២០២០ នៅភោជនីយដ្ឋានទន្លេបាសាក់។
វិធាននិងគោលការណ៍ដែលមន្ទីរអប់រំយុវជននិងកីឡាអនុវត្តមិនបានត្រឹមត្រូវរួមមាន ខ្វះការយកចិត្តទុកដាក់អភិវឌ្ឍន៍វិស័យកីឡាតាមសាលា ពុំមានរបាយការណ៍ជាក់លាក់ពាក់ព័ន្ធនឹងផែនការសកម្មភាព និងហិរញ្ញវត្ថុ ខ្វះការទំនាក់ទំនងរវាងថ្នាក់លើនិងថ្នាក់ក្រោម។ ជាពិសេស មានភាពមិនប្រក្រតីក្នុងការបញ្ជូនកីឡាករឲ្យមកចូលរួមការប្រកួតថ្នាក់ជាតិ និងការបញ្ជូនមន្ត្រីមកចូលរួមវគ្គបណ្តុះបណ្តាលជាដើម។ នេះជាការកត់សម្គាល់របស់លោក ស សុខា រដ្ឋាលេខាធិការក្រសួងអប់រំយុវជននិងកីឡា។
មុនឈានដល់ការដាក់ពិន័យ ដែលនឹងអនុវត្តចាប់ឆ្នាំ២០២០ ក្រសួងអប់រំ នឹងណែនាំដល់មន្ទីរ ការិយាល័យ ដែលទទួលបន្ទុកលើវិស័យកីឡាឲ្យចូលរួមនិងកែប្រែរាល់ចំណុចខ្វះខាតរបស់ពួកគេ។ ប៉ុន្តែបើរកឃើញថាមន្ទីរ ឬការិយាល័យណានៅតែអនុវត្តផ្ទុយពីវិធាន ឬគោលការណ៍ ក្រសួងអាចឈានដល់ប្រើវិធានការកំណែទម្រង់ ឬវះកាត់សាច់ស្អុយក៏ថាបាន។
«សម្រាប់ការប្រកួតកីឡាជាតិលើកទី៣នាពេលខាងមុខ ចំពោះកីឡាករកីឡាការិនីមកតាមរយៈសាលាក្តី ក្រុមក្តីដែលតំណាងឲ្យខេត្តនីមួយៗ យើងនឹងមានការណែនាំបន្ថែមទៅដល់មន្ទីរ ក៏ដូចជាប្រធានការិយាដែលទទួលបន្ទុកលើវិស័យកីឡា ឲ្យគាត់ចូលរួមកែទម្រង់ទាំងអស់គ្នា ព្រោះការងារនេះបើគាត់ពុំមានភាពស្មោះត្រង់ និងភាពទទួលខុសត្រូវទេ អ្នកដែលឡើងមកគឺដដែលៗ គ្មានគុណភាពដល់ទីបញ្ចប់។ ដូច្នេះការអភិវឌ្ឍធនធានមនុស្សនឹងសាបសូន្យតាមនឹង»។ នេះជាការបន្ថែមរបស់លោក ស សុខា។
កូនប្រុសសម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ ក៏ព្រមានប្រើវិធានការកែទម្រង់ និងវះកាត់លើមន្ត្រីដែលបម្រើការងារនៅតាមនាយដ្ឋានកីឡា និងសហព័ន្ធកីឡាជាតិផងដែរ។ លោកសង្កត់ធ្ងន់ថា មានមន្ត្រីខិលខូចមួយចំនួនបានប្រើវិស័យកីឡាធ្វើជាមុខជំនួញ ដើម្បីរកប្រាក់ចំណូលសំងំសុខផងដែរ។ លោកប្តេជ្ញាថា នឹងព្យាយាមកាត់បន្ថយបញ្ហានេះ ដើម្បីឈានទៅសម្រេចគោលដៅក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣៕
Tag:
ស សុខា
ក្រសួងអប់រំយុវជននិងកីឡា
© រក្សាសិទ្ធិដោយ thmeythmey.com