សង្គមអន្តរជាតិ​
អន្តរជាតិ
អាមេរិក​ប្រកាស​ផ្ដល់​លុយ​១០០​លាន​ដុល្លារ​ដល់​ចិន និង​ប្រទេស​ផ្សេង​ដើម្បី​ប្រយុទ្ធ​កូ​រ៉ូ​ណាវី​រុស​
08, Feb 2020 , 10:49 am        
រូបភាព
អ្នកជំងឺដែលឆ្លងកូរ៉ូណាវីរុស កំពុងដេកសម្រាកក្នុងមន្ទីរពេទ្យមួយកន្លែងក្នុងទីក្រុងវូហាន។ រូបភាព Xinhua
អ្នកជំងឺដែលឆ្លងកូរ៉ូណាវីរុស កំពុងដេកសម្រាកក្នុងមន្ទីរពេទ្យមួយកន្លែងក្នុងទីក្រុងវូហាន។ រូបភាព Xinhua
​សហរដ្ឋអាមេរិក នៅ​ថ្ងៃទី​៧ ខែកុម្ភៈ បានប្រកាស​ផ្ដល់ជំនួយ​ទឹកប្រាក់​ដល់​ទៅ​១០០​លាន​ដុល្លារ​ដល់​ចិន និង​ប្រទេស​នានា​ក្នុងការ​ប្រយុទ្ធប្រឆាំង​កូ​រ៉ូ​ណាវី​រុស​។ ការប្រកាស​នេះ​ធ្វើឡើង​ក្រោយ​កិច្ចសន្ទនា​តាម​ទូរ​សព្ទ​រវាង​ប្រធានាធិបតី​អាមេរិក និង​ចិន និង​ក្រោយ​ការអំពាវនាវ​របស់​អង្គការ​សុខភាព​ពិភពលោក​។ ប្រមុខ​ការទូត​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ បានស្នើ​ឲ្យ​ប្រទេស​ទាំងអស់​ធ្វើតាម​អាមេរិក​ដើម្បី​ទប់ទល់​ការ​រាលដាល​វីរុស​ដ៏​គ្រោះថ្នាក់​នេះ​។

 
​ក្នុង​សេចក្ដីថ្លែងការណ៍​ថ្ងៃទី​៧ ខែកុម្ភៈ លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ រដ្ឋមន្ត្រីការបរទេស​អាមេរិក និយាយថា ការផ្ដល់​ជំនួយ​ទឹកប្រាក់​រហូតដល់​១០០​លាន​ដុល្លារ​នេះ ជាការ​ប្ដេជ្ញាចិត្ត​របស់​រដ្ឋាភិបាល​អាមេរិក​ក្នុងការ​ឆ្លើយតប​នឹង​កូ​រ៉ូ​ណាវី​រុស​។ បើតាម​លោក ប៉ុ​ម​ប៉េ​អូ វិស័យ​ឯកជន​អាមេរិក ក៏បានផ្ដល់​លុយរាប់​រយ​លាន​ដុល្លារ​រួចហើយ​សម្រាប់​ការប្រយុទ្ធប្រឆាំង​វីរុស​ដែល​បង្ក​ទៅជា​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ​មួយ​នេះ​។ 
 
«​យើង​លើកទឹកចិត្ត​ឲ្យ​ប្រទេស​ដទៃទៀត​លើ​ពិភពលោក​ធ្វើតាម​ការប្ដេជ្ញាចិត្ត​រប​ស់​យើង​ដែរ​។ ដោយ​ធ្វើការ​ជាមួយគ្នា យើង​នឹងមាន​ឥទ្ធិពល​ខ្លាំងក្លា​ក្នុងការ​គ្រប់គ្រង​ការគំរាមកំហែង​ដែល​កំពុង​កើនឡើង​នេះ​។​» នេះ​ជាការ​បញ្ជាក់​របស់លោក ប៉ុ​ម​ប៉េ​អូ ដែល​កន្លងមក​និយាយ​រិះគន់​ចិន​មិន​បន្ធូរដៃ​តាំងពី​រឿង​សិទ្ធិមនុស្ស​នៅ​ស៊ីន​ជាំ​ង ហុងកុង និង​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​វិថី​ផង​នោះ​។ លោក​បន្តថា ជំនួយ​របស់​អាមេរិក អាច​ផ្ដល់​ដោយផ្ទាល់ ឬ​តាមរយៈ​អង្គការ​អន្តរជាតិ​នានា​។​
 
​ទាក់ទង​នឹង​ប្រភព​ជំនួយ​នេះ ប្រមុខ​ការទូត​អាមេរិក​រូបនេះ​ពន្យល់ថា ត្រូវបាន​ដកចេញ​ពី​ប្រភព​នានា​ក្នុង​រដ្ឋាភិបាល​អាមេរិក​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។ លោក​បន្ថែមថា អាមេរិក​ក៏បាន​បញ្ជូន​សម្ភារៈ​វេជ្ជ​សាស្ត្រ​ដូចជា​ម៉ាស់ សម្លៀកបំពាក់​សុវត្ថិភាព​ជាដើម​ទៅ​ចិន​ដែលមាន​ទំហំ​ជិត​១៨​តោន​រួចហើយ​ដែរ​។​
 
​ការសន្យា​ផ្ដល់ជំនួយ​ទឹកប្រាក់​ច្រើនសន្ធឹក​សន្ធាប់​បែបនេះ ធ្វើឡើង​បន្ទាប់ពី​ទីក្រុង​ប៉េកាំង​បាន​រិះគន់​ក្រុង​វ៉ាស៊ីនតោន​ចំៗ​ថា បាន​សាយភាយ​ការភ័យខ្លាច ព្រោះ​បានចេញ​បម្រាម​ហាម​ប្រជាជន​ខ្លួន​ទៅ​ទឹកដី​ចិន និង​ការមិន​ទទួលយក ឬ​បង្កើន​ការត្រួតពិនិត្យ​ជនបរទេស​ដែលមាន​ប្រវត្តិ​ធ្វើដំណើរ​ទៅ​ចិន​។ ប៉ុន្តែ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក្នុងការ​សន្ទនា​តាម​ទូរ​សព្ទ​ជាមួយ​សម​ភាគី​ចិន ស៊ី ជិន​ភីង លើកឡើងថា ចិន​អនុវត្ត​វិជ្ជាជីវ​ក្នុងការ​ឆ្លើយតប​នឹង​កូ​រ៉ូ​ណាវី​រុស​។​
 
​មកទល់ពេលនេះ មនុស្ស​ជាង​៧០០​នាក់ បាន​បាត់​បង់ជីវិត​ដោយសារ​កូ​រ៉ូ​ណាវី​រុស​ដែល​ផ្ទុះ​ចេញពី​ដំបូង​នៅ​ទីក្រុង​វូ​ហាន ខេត្ត​ហ៊ូ​ប៉ី ហើយ​ភាគច្រើន​លើសលប់​ជា​ជនជាតិ​ចិន​ផ្ទាល់​។ ចំណែក​ប្រទេស​ជាង​២០​ទៀត ក៏​កំពុង​ទទួល​ការឆ្លង​វីរុស​នេះ ជាមួយនឹង​កំណើន​នៃ​អត្រា​ឆ្លង​យ៉ាង​ឆាប់រហ័ស​ផងដែរ​៕
   
 
 

Tag:
 អាមេរិក​
  ចិន​
  កូ​រ៉ូ​ណាវី​រុស​
  ម៉ៃ ប៉ុ​ម​ប៉េ​អូ​
© រក្សាសិទ្ធិដោយ thmeythmey.com