សង្គមអន្តរជាតិ​
អន្តរជាតិ
ពលរដ្ឋ​អាមេរិក​ម្នាក់​ស្លាប់​ដោយ​កូ​រ៉ូ​ណា​វីរុស​នៅ​វូ​ហាន ឯ​ជនជាតិ​ជប៉ុន​ម្នាក់​ស្ថិតក្នុង​ការសង្ស័យ​
08, Feb 2020 , 1:26 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
 ពលរដ្ឋ​អាមេរិក​ម្នាក់ បាត់បង់​ជីវិត​ដោយសារ​ការឆ្លង​មេរោគ​កូ​រ៉ូ​ណា​ថ្មី​។ នេះ​បើតាម​ការប្រកាស​ស្ថានទូត​អាមេរិក​ប្រចាំ​ទីក្រុង​ប៉េកាំង​នៅ​ថ្ងៃទី​៨ ខែកុម្ភៈ​។ នៅ​ថ្ងៃ​ដដែល ក្រសួងការបរទេស​ជ​ប៉ុន ក៏​ប្រកាស​ដែរ​ថា ពលរដ្ឋ​ខ្លួន​ម្នាក់ បាន​បាត់​បង់ជីវិត​ផងដែរ​នៅ​មន្ទីរពេទ្យ​វូ​ហាន​ដោយសារ​ជំងឺ​រលាក​សួត តែ​មិនទាន់​ច្បាស់​ថា បណ្ដាលមកពី​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី​នេះ ឬ​យ៉ាងណា​ឡើយ​។

​ក្នុងការ​ប្រកាស​របស់​ខ្លួន ស្ថានទូត​អាមេរិក​លើកឡើងថា ពលរដ្ឋ​ខ្លួន​ម្នា​ក់វ័យ​៦០​ឆ្នាំ ពិតជា​បាន​ស្លាប់​ដោយសារ​កូ​រ៉ូ​ណា​វីរុស​មែន​ក្នុង​មន្ទីរពេទ្យ​ទីក្រុង​វូ​ហាន ខេត្ត​ហ៊ូ​ប៉ី​។ ប៉ុន្តែ​ស្ថានទូត​មិនបាន​បញ្ជាក់​ពី​ភេទ​របស់​អ្នកស្លាប់​ឡើយ​។​
 
«​យើង​សូម​រំលែក​មរណទុក្ខ​ចំពោះ​ការបាត់​បង់ជីវិត​នេះ​។​» នេះ​ជាការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ដែល​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP ដោយ​បន្តថា ខ្លួន​គោរព​ភាព​ឯកជន​ភាព​របស់​អ្នកស្លាប់​។ 
 
​ចំណែក​ជប៉ុន​ឯណោះ​វិញ ក៏បាន​ប្រកាស​ពី​មរណភាព​របស់​ពលរ​ដ្ឋ​ខ្លួន​ម្នាក់​នៅ​វូ​ហាន​ដែរ​។ ក្រសួងការបរទេស​ជ​ប៉ុន លើកឡើង​នៅ​ថ្ងៃទី​៨ ខែកុម្ភៈ​នេះ​ថា ជនជាតិ​ខ្លួន​ម្នាក់​អាយុប្រមាណ​៦០​ឆ្នាំ ភេទ​ប្រុស ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​វូ​ហាន​ដោយសារ​មាន​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ ហើយ​ក្រោយមក អាជ្ញាធរ​ចិន​ក៏​ប្រាប់​ពី​ការស្លាប់​របស់​រូបគេ​ទៅកាន់​ស្ថានទូត​ជប៉ុន​នៅ​ប៉េកាំង​។ 
 
​បើតាម​សេចក្ដី​របស់​ក្រសួងការបរទេស​ជប៉ុន អាជ្ញាធរ​ចិន​អះអាងថា រូបគាត់​ទំនងជា​ស្លាប់​ដោយសារ​កូ​រ៉ូ​ណាវី​រុស ដែល​បង្ក​ជា​ជំងឺ​រលាក​សួត​ដែរ ប៉ុន្តែ​ពួកគេ​មិនទាន់​អាច​បញ្ជាក់​ឲ្យ​ច្បាស់​ពី​មូលហេតុ​ឡើយ​៕

Tag:
 អាមេរិក​
  ជប៉ុន​
  កូ​រ៉ូ​ណាវី​រុស
© រក្សាសិទ្ធិដោយ thmeythmey.com