មន្ត្រី​អាមេរិក​ពីររូប​អស់តំណែង ព្រោះ​ផ្ដល់​សក្ខីកម្ម​ប្រឆាំង​លោក ត្រាំ នៅ​សភា​
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មន្ត្រី​អាមេរិក​ពីររូប​អស់តំណែង ព្រោះ​ផ្ដល់​សក្ខីកម្ម​ប្រឆាំង​លោក ត្រាំ នៅ​សភា​
08, Feb 2020 , 7:39 pm        
រូបភាព
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងអគ្គរដ្ឋទូតអាមេរិកប្រចាំអ៊ុយក្រែន Gordon Sondland (ឆ្វេង) និងវរសេនីយ៍ Alexander Vindman (ស្ដាំ) ដែលត្រូវបញ្ចប់តំណែង។
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងអគ្គរដ្ឋទូតអាមេរិកប្រចាំអ៊ុយក្រែន Gordon Sondland (ឆ្វេង) និងវរសេនីយ៍ Alexander Vindman (ស្ដាំ) ដែលត្រូវបញ្ចប់តំណែង។
​ក្រោយ​ត្រូវបាន​ព្រឹទ្ធសភា​លើកលែង​ការចោទប្រកាន់ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​បង្វែរ​រ៉ា​ដា​ទៅរក​មន្ត្រី​ដែល​ហ៊ាន​ផ្ដល់​សក្ខីកម្ម​ប្រឆាំង​រូបលោក​អំឡុង​ដំណើរការ​ចោទប្រកាន់​នៅ​រដ្ឋសភា​។ នៅ​ថ្ងៃទី​៧ ខែកុម្ភៈ មន្ត្រី​យោធា​នៅ​សេត​វិមាន Alexander Vindman និង​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អ៊ុយ​ក្រែ​ន Gordon Sondland ត្រូវបាន​បញ្ចប់​តំណែង​រៀងៗ​ខ្លួន​ជុំវិញ​ការផ្ដល់​ព័ត៌មាន​ដែល​បង្ហាញ​កំហុស​លោក ត្រាំ ទៅ​ឲ្យ​ក្រុម​ប្រជាធិបតេយ្យ​នៅ​រដ្ឋសភា​។​

 
​វរសេនីយ៍ទោ Alexander Vindman ជា​មន្ត្រី​ទីមួយ​ដែល​អស់តំណែង​ចំពោះ​ការផ្ដល់​ព័ត៌មាន​ទាក់ទង​ការដាក់​សម្ពាធ​របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ លើ​អ៊ុយ​ក្រែ​ន​ឲ្យ​ស៊ើបអង្កេត​លើ​ដៃគូ​នយោបាយ​របស់ខ្លួន គឺ​លោក ចូ បៃ​ឌិន ។ ប៉ុន្មាន​ម៉ោង​បន្ទាប់មក លោក Gordon Sondland ក៏​ប្រកាស​ដែរ​ថា លោក​ត្រូវ​បានបញ្ចប់​តំណែង​ជា​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អ៊ុយ​ក្រែ​ន​ផងដែរ​ពាក់ព័ន្ធ​សំណុំរឿង​តែមួយ​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក David Pressman មេធាវី​របស់លោក Vindman និយាយថា វរសេនីយ៍​រូបនេះ ត្រូវបាន​បណ្ដេញ​ពី​សេត​វិមាន​ជាទី​ដែល​លោក​មាន​តំណែង​ក្នុង​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​របស់​អាមេរិក​។ ក្នុង​សេចក្ដីថ្លែងការណ៍​មួយ លោក Pressman អះអាងថា លោក Vindman ដែលមាន​ដើមកំណើត​អ៊ុយ​ក្រែ​ន និង​ជា​យោធា​មកពី​ទ័ពជើងគោក ត្រូវបាន​បញ្ចប់​តំណែង​ដោយសារតែ​ការនិយាយ​ការពិត​។ 
 
​ចំណែក​លោក Sondland ដែលជា​អ្នកជំនួញ​មកពី​រដ្ឋ Oregon វិញ លើកឡើងថា លោក​ត្រូវបាន​ណែនាំ​ថា ប្រធានាធិបតី​មាន​ចេ​ត​មាន​បញ្ចប់​តំណែង​ភា្ល​មៗ​ជា​ទូត​នៅ​អ៊ុយ​ក្រែ​ន​។ ទោះជា​យ៉ាងណា លោក​នៅតែ​អរគុណ​លោក ត្រាំ ដែល​ផ្ដល់ឱកាស​ឲ្យ​លោក​បម្រើ​ជាតិ និង​រដ្ឋមន្ត្រីការបរទេស ម៉ៃ ប៉ុ​ម​ប៉េ​អូ ដែល​គាំទ្រ​លោក​រហូតមក​។ 
 
​លោក Vindman និង​លោក Sondland បាន​ទៅ​ផ្ដល់​សក្ខីកម្ម​តាម​ការកោះហៅ​របស់​រដ្ឋ​សភា​អាមេរិក​ជុំវិញ​ការបំពាន​អំណាច​របស់លោក ត្រាំ ដែល​ប្រាប់​អ៊ុយ​ក្រែ​ន​ឲ្យ​ស៊ើបអង្កេត​លើ​លោក បៃ​ឌិន ។ លោក Vindman ប្រាប់​សភា​ថា លោក ត្រាំ បានទាមទារ​ដោយផ្ទាល់​ក្នុងការ​សន្ទនា​ជាមួយ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​។ ឯ​លោក Sondland វិញ​ប្រាប់​សមាជិកសភា​ដែរ​ថា លោក​បាន​ធ្វើតាម​បញ្ជា​លោក ត្រាំ ក្នុងការ​ជំរុញ​ឲ្យ​មន្ត្រី​អ៊ុយ​ក្រែ​ន​បើក​ការស៊ើបអង្កេត​តាម​អ្វីដែល​លោក ត្រាំ ចង់បាន​។​
 
​សក្ខីកម្ម​ទាំងពីរ​នេះ ក្លាយជា​ផ្នែក​មួយ​ដែល​នាំទៅរក​ការអនុម័ត​មាត្រា​ចោទប្រកាន់​ចំនួន​ពីរ​ប្រឆាំង​លោក ត្រាំ ដោយ​រដ្ឋសភា​អាមេរិក​។ យ៉ាងណាមិញ លោក ត្រាំ នៅតែ​បន្ត​កាន់តំណែង​ប្រធានាធិបតី​ដដែល បន្ទាប់ពី​ត្រូវបាន​ព្រឹទ្ធសភា​អាមេរិក​រកឃើញថា គ្មាន​កំហុស​អ្វី​ឡើយ​។ 
 
​ប៉ុន្មាន​ម៉ោង​មុន​ការបញ្ចប់​តំណែង​លោក Vindman លោក ត្រាំ ដែល​ជាប់​ឈ្មោះ​ជា​ប្រធានាធិបតី​អាមេរិក​ទី​បី​ត្រូវបាន​ចោទប្រកាន់ បាន​និយាយ​ឥត​លាក់លៀម​ថា លោក​ចង់​ឲ្យ​វរសេនីយ៍​រូបនេះ​ចេញពី​សេត​វិមាន​។ លោក​ប្រាប់​អ្នកសារព័ត៌មាន​ថា លោក​ពិតជា​មិន​សប្បាយ​ចិត្តនឹង​លោក Vindman ទាល់តែសោះ​៕ 
 
 

Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com