ជាតិ
បទសម្ភាសន៍
«​លើក​តម្លៃ​ស៊ីក្លូ​,​ជីវិត​ឪពុក​អ្នកក្រ និង​រំឭក​គុណ​មន្ទីរពេទ្យ​គន្ធបុប្ផា​» ជំរុញ​ឲ្យ​លោក ហ៊ុយ យ៉ា​ឡេង​ផលិត​រឿង​«​ដើម្បី​កូន​»
08, Feb 2020 , 7:59 pm        
រូបភាព
ដោយ:
 ភ្នំពេញ​៖ «​ដើម្បី​កូន​» គឺជា​ភាពយន្ត​ជីវិត​ដែល​ឆ្លុះបញ្ចាំង​ពី​ជីវិត​ឪពុក​អ្នកក្រ​ពិការ​ម្នាក់ ដែល​បាន​តស៊ូ​គ្រប់បែបយ៉ាង​ដើម្បី​កូន​ពីរ​នាក់​របស់ខ្លួន​។ ផលិតករ​ភាពយន្ត លោក ហ៊ុយ យ៉ា​ឡេង បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ​។ លោក ហ៊ុយ យ៉ា​ឡេង ឲ្យ​ដឹង​ទៀតថា ភាពយន្ត​«​ដើម្បី​កូន​» ក៏មាន​ចេតនា​រំឭក​គុណ​មន្ទីរពេទ្យ​គន្ធបុប្ផា​ដែល​បាន​ជួយ​ជីវិត​កុមារ​កម្ពុជា​រាប់ម៉ឺន​នាក់ ព្រមទាំង​លើកតម្កើង​តម្លៃ​ស៊ីក្លូ ដែល​ធ្លាប់ជា​មធ្យោបាយ​ធ្វើដំណើរ​ដ៏​ពេញនិយម​នៅ​កម្ពុជា​ផងដែរ​។

​សូម​អញ្ជើញ​ទស្សនា​កិច្ច​សម្ភាស រវាង លោក ប៉ាន់ បូ​នី នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក ហ៊ុយ យ៉ា​ឡេង ផលិតករ​ភាពយន្ត​«​ដើម្បី​កូន​» ខាងក្រោម​នេះ​៖

 
​រឿង «​ដើម្បី​កូន​» ជា​ភាពយន្ត​ដែល​ផលិតឡើង​ដោយ​ដកស្រង់​ពី​ជីវិត​ពិត របស់​ឪពុក​ធាក់​ស៊ីក្លូ​ពិការ​ជើង​ម្នាក់ ដែល​តស៊ូ ជម្នះ និង​ពលី​សព្វ​យ៉ាង​ដើម្បី​ចិញ្ចឹម​កូន​២​នាក់​ឲ្យ​បាន​រស់ និង​រៀនសូត្រ​។ លោក ហ៊ុយ យ៉ា​ឡេង ដែលជា​ផលិតករ​រឿងនេះ បានបញ្ជាក់​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​ថា លោក​ផលិត​ភាពយន្ត «​ដើម្បី​កូន​»​ឡើង​ដើម្បី​ឆ្លុះបញ្ចាំង​ពី​ការតស៊ូ​របស់​ឪពុក​ក្រ​ម្នាក់​ដើម្បី​កូន​,​លើក​តម្លៃ​ស៊ីក្លូ និង​រំឭក​គុណ​មន្ទីរពេទ្យ​គន្ធបុប្ផា​ដែល​បាន​ជួយ​ជីវិត​កុមារ​កម្ពុជា​រាប់ម៉ឺន​នាក់​។ ភាពយន្ត​នេះ ក៏មាន​ចេតនា​រំឭក​កូនៗ ឲ្យ​គោរព​ស្រឡាញ់​ឪពុកម្តាយ ចេះ​ធ្វើអំពើ​ល្អ និង​ចេះ​ជួយ​យកអាសា​អ្នកដទៃ​ផងដែរ​។ 

  
​លោក ហ៊ុយ យ៉ា​ឡេង ដែល​បាន​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត ប្រមាណ​២០​ឆ្នាំ​មកហើយ​នោះ បានចាត់ទុក​រឿង «​ដើម្បី​កូន​» គឺជា​ភាពយន្ត​ទី​១ ដែល​លោក​បាន​ផលិត​ដើម្បី​សងគុណ​ទៅ​សង្គម​វិញ​។ ទន្ទឹមនឹងនេះ លោក យ៉ា​ឡេង ក៏មាន​បំណង​ផលិតភាព​យន្ត​ខ្នាត​ធំ រួមទាំង​រឿង​ប្រវត្តិសាស្ត្រ​ផងដែរ ដើម្បី​ទុកជា​ស្នាដៃ​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ​។ លោក ក៏​ឆ្លៀត​អំពាវនាវ​ឲ្យ​សា​ធារ​ជន ចូលរួម​គាំទ្រ និង​លើកស្ទួយ​វិស័យ​ភាពយន្ត​ខ្មែរ​ឲ្យ​បាន​ច្រើន​ផងដែរ ដើម្បី​លើកទឹកចិត្ត​ដល់​ផលិតករ បន្ត​ផលិត​ភាពយន្ត​ដែលមាន​គុណភាព​ល្អ និង​គុណ​តម្លៃ​សម្រាប់​អ្នក​ន​ទស្សនា ឲ្យ​បាន​កាន់តែច្រើន​ថែមទៀត​៕
 












Tag:
 ផលិតករ​
 ​ ដើម្បី​កូន​
  ​ភាពយន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com