សង្គមអន្តរជាតិ
អន្តរជាតិ
WHO កំពុងរកឈ្មោះផ្លូវការឲ្យកូរ៉ូណាវីរុស ដើម្បីបញ្ចៀសការហៅ «វីរុសចិន ឬវីរុសវូហាន» រូបភាពបង្ហាញពីកូរ៉ូណាវីរុសដែលយកចេញពីសត្វពង្រូល។ រូបភាព Xinhua
× វីរុសចិន ឬវីរុសវូហាន ជាឈ្មោះហៅសំដៅកូរ៉ូណាវីរុសដែលផ្ទុះពីដំបូងចេញពីទីក្រុងវូហាន ខេត្តហ៊ូប៉ី។ ប៉ុន្តែនេះមិនមែនឈ្មោះផ្លូវការរបស់វីរុសនេះឡើយ ហើយការហៅបែបនេះ ដែលត្រូវបានប្រើប្រាស់យ៉ាទូលាយនៅលើបណ្ដាញសង្គម ក៏បង្កើតទៅជាការរើសអើង ឬស្អប់ខ្ពើមជនជាតិចិនទៅទៀត។ អង្គការសុខភាពពិភពលោក (WHO) កំពុងតែប្រជុំដើម្បីកំណត់ឈ្មោះផ្លូវការឲ្យកូរ៉ូណាវីរុសប្រភេទថ្មីដែលរាលដាលដល់ប្រទេស និងតំបន់ជិត៣០ទៅហើយ។
«ជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ 2019-nCoV» ជាឈ្មោះបណ្ដោះអាសន្នរបស់ជំងឺដែលបង្កដោយកូរ៉ូណាវីរុស ដែលមានប្រភពពីទីក្រុងវូហាន ខេត្តហ៊ូប៉ីរបស់ចិន។ «2019» គឺសំដៅដល់កាលបរិច្ឆេទដែលជំងឺនេះត្រូវបានបញ្ជាក់ជាផ្លូវការក្នុងខែធ្នូ ឆ្នាំ២០១៩ ។ ចំណែក «nCoV» ជាអក្សរកាត់មកពីពាក្យភាសាអង់គ្លេសថា novel coronavirus ដែលជាគ្រួសាររបស់វីរុសផ្លូវដង្ហើមមួយនេះ។
អ្នកស្រី Maria Van Kerkhove ប្រធានផ្នែកជំងឺអាសន្នរបស់អង្គការសុខភាពពិភពលោក ប្រាប់កិច្ចប្រជុំប្រតិបត្តិរបស់អង្គការមួយនេះថា វាជារឿងសំខាន់ក្នុងការមានឈ្មោះបណ្ដោះអាសន្នដែលមិនមានភ្ជាប់ឈ្មោះទីតាំងណាមួយ។ អ្នកស្រីទទួលស្គាល់ថា កន្លងមក ប្រព័ន្ធផ្សព្វផ្សាយជាច្រើនហៅជំងឺដោយភ្ជាប់ឈ្មោះទីក្រុងវូហាន ឬចិននៅពេលរាយការណ៍ពីជំងឺមួយនេះ ហើយអ្វីដែល WHO ចង់បាន គឺការមិនឲ្យប្រឡាក់ប្រឡូកអ្វីលើវូហាន។
បើតាមទីភ្នាក់ងារព័ត៌មាន AFP WHO នឹងសម្រេចចិត្តពីឈ្មោះផ្លូវការរបស់កូរ៉ូណាវីរុសនៅប៉ុន្មានថ្ងៃខាងមុខ។ សិទ្ធិសម្រេចចិត្តចុងក្រោយ ស្ថិតក្នុងដៃ WHO ផ្ទាល់ និងគណៈកម្មាធិការអន្តរជាតិស្ដីពីការចាត់ថ្នាក់វីរុស (ICTV) ។ ដំណើរការកំណត់ឈ្មោះ មិនមែនជារឿងងាយស្រួលប៉ុន្មានឡើយ ព្រោះត្រូវគោរពគោលការណ៍សំខាន់ដូចជា ខ្លី ងាយចំណាំ មិនជាប់ឈ្មោះតំបន់ ឬប្រទេសណាមួយ ឬក៏មានពាក្យបង្កទៅជាការភ័យខ្លាចដូចជា ពាក្យគ្មានអត្តសញ្ញាណ ឬពាក្យគ្មានប្រភពជាដើម។
ការដាក់ឈ្មោះតាមរបៀបមុនដែលប្រើក្នុងការកំណត់ឈ្មោះជំងឺមុនៗដូចជា ជំងឺរលាកដង្ហើមមជ្ឈិមបូព៌ា (Middle East Respiratory Syndrome-MERS) ឬផ្ដាសាយអេស្ប៉ាញ (Spanish flu) ជារឿងត្រូវចៀសវាងដាច់ខាត ព្រោះនាំឲ្យមានការមិនសប្បាយចិត្ត និងប៉ះពាល់អារម្មណ៍ប្រជាជនក្នុងប្រទេស ឬតំបន់ដែលជំងឺ ឬវីរុសផ្ទុះឡើង។ ចំណែកការដាក់ជំងឺដោយដាក់តាមឈ្មោះសត្វជាដើមនោះ ក៏ត្រូវបាន WHO ហាមប្រាមផងដែរ៕
Tag:
WHO
កូរ៉ូណាវីរុស
ចិន
© រក្សាសិទ្ធិដោយ thmeythmey.com