ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បណ្ណាល័យ​ជាតិ ថត​ឯកសារ​ចាស់ៗ​អាយុ​ប្រហែល​៧០​ឆ្នាំ ដល់​ជិត​៤០០​ឆ្នាំ ដាក់​ក្នុង​គេហទំព័រ​របស់ខ្លួន​
08, Feb 2020 , 9:30 pm        
រូបភាព
 លោក កូវ សារ៉ន កំពុងបង្ហាញ​ពី​របៀប​ថតចម្លងសាស្ត្រា​ស្លឹករឹត បញ្ចូល​ទៅ​ក្នុង​គេហទំព័រ​របស់​បណ្ណាល័យ​ជាតិ​
លោក កូវ សារ៉ន កំពុងបង្ហាញ​ពី​របៀប​ថតចម្លងសាស្ត្រា​ស្លឹករឹត បញ្ចូល​ទៅ​ក្នុង​គេហទំព័រ​របស់​បណ្ណាល័យ​ជាតិ​
​ភ្នំពេញ​៖  ត្រូវបាន​ដំណើរការ​នៅ​ដើមខែ​មករា ឆ្នាំ​២០១៩ ការថត​ចម្លង​ឯកសារ​បុរាណ ដូចជា​សាស្ត្រា​ស្លឹករឹត ក្រាំង សៀវភៅ ទស្សនាវដ្ដី ជាដើម ដែលមាន​អាយុកាល​ជិត​៤០០​កន្លងមកហើយ​។ បណ្ណាល័យ​ជាតិ បាន​ប្រមូល​ឯកសារ​ទាំងនោះ​ពី​គ្រប់ទិសទី ដើម្បី​យកមក​រក្សាទុក​។ ដោយមាន​អាយុកាល​យូរ និង​មាន​សភាព​ចាស់​ទ្រុឌទ្រោម​ខ្លាំង ឯកសារ​ទាំងនោះ​ខ្លះ ផុយ​សូម្បីតែ​បើក​ក៏​ពិបាក​ដែរ​។ ព្រោះតែ​បាន​មើលឃើញ​ពី​គុណ​តម្លៃ បណ្ណាល័យ​ជាតិ បាន​ថតចម្លង​ឯកសារ​ទាំងនោះ ដាក់​ក្នុង​គេហទំព័រ​របស់ខ្លួន ដើម្បីឱ្យ​អ្នកសិក្សា​ស្រាវជ្រាវ មាន​ភាពងាយស្រួល​។

 
​ចង់ដឹង​ពី​ដំណើរការ​ថតចម្លង និង​អាយុកាល​របស់​ឯកសារ​នីមួយៗ តទៅ​នេះ​សូម​ស្ដាប់​បទ​យកការណ៍ ដែល​រៀបរៀង​ដោយ​កញ្ញា ប៉ូ សា​គុន ដូចតទៅ​៖


ក្នុង​បន្ទប់​ដែល​ពោរពេញ​ដោយ​សៀវភៅ​គ្រប់​ប្រភេទ​និង​ចម្រុះ​ភាសា នៅទីនេះ​មិន​ត្រឹមតែ​ជា បណ្ណាល័យ​ឡើយ ប៉ុន្តែ​គឺជា​ឃ្លាំង​រក្សាទ្រព្យ​សម្បត្តិ ដ៏​មហាសាល ដែល​សុទ្ធសឹងតែ​ជា​ឯកសារ​ស្រាវជ្រាវ​ល្អៗ ជាពិសេស​វា​បាន​និយាយ​ពី​កម្ពុជា កាលពី​ជាង​៣០០​ឆ្នាំមុន​។​
 
​កិច្ចការ​ដ៏​មាន​សារសំខាន់​មួយ ក្នុងចំណោម​កិច្ចការ​ចាំបាច់​ជាច្រើន គឺ​ការថត​ចម្លង​ឯកសារ​ចាស់ៗ មានដូចជា សាស្ត្រា​ស្លឹករឹត ក្រាំង សៀវភៅ ទស្សនាវដី និង​កាសែត​ជាដើម ដែល​វា​មាន​អាយុ​តាំងពី​សម័យ​បារាំង​មកម្ល៉េះ​។ ឯកសារ​ទាំងនោះ​បានក​ត់​ត្រា​ពី ព្រះរាជកិច្ច​របស់​ព្រះរាជា​កាលពី​សម័យ​នោះ ពី​វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ពី​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន និង​ពី​ជនបរទេស​ដែល​បាន​ចូល​មកដល់​ប្រទេស​កម្ពុជា​។​
   
ទូសៀវ​ភៅ​នៅ​ក្នុង​បណ្ណាល័យ​ជាតិ 

​លោក សុខ សុផល អនុប្រធាន​ការិយាល័យ​អភិរក្ស ទទួលបន្ទុក​លើ​កិច្ចការ​រៀបចំ​ឯកសារ​បុរាណ សម្រាប់​យកទៅ​ថតចម្លង​ដាក់​ក្នុង​គេហទំព័រ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ ពី​អាយុកាល​របស់​សៀវភៅ ដែលមាន​អាយុកាល​ចាស់​ជាងគេ​នៅក្នុង​បណ្ណាល័យ​ជាតិ​នេះ​ថា​«​នៅ​បណ្ណាល័យ​ជាតិ​នេះ ឯកសារ​ដែល​ចាស់​ជាងគេ​បំផុត គឺ​សៀវភៅ​មាននៅ​ឆ្នាំ​១៦៧៤​។ ចាស់​ជាងគេ មាន​មួយ​ក្បាល ជា​ភាសា​បារាំង​។ បន្ទាប់មក​១៨៨៣ មាន​ជា​ភាសា​ខ្មែរ និង​ភាសា​បារាំង​ដែរ​។ សៀវភៅ​ទាំងអស់នោះ សុទ្ធតែ​និយាយ​ពី​ខ្មែរ​យើង ទាក់ទង​នឹង​ការរស់នៅ ពី​សកម្មភាព​ផ្សេងៗ​»​។​
​ទាញ​សៀវភៅ​ជា​ភាសា​បារាំង ដែលមាន​សភាព​ចាស់​ទ្រុឌទ្រោម​ខ្លាំង ដោយ​គ្រប់​ទំព័រ​មាន​រន្ធ​តូចៗ​មូលៗ ចោះ​ដោយ​សត្វល្អិត​ស្ទើរតែ​សុះ​ទៅហើយនោះ លោក សុខ សុផល បាន​ប្រាប់​ខ្លឹមសារ​ខ្លះៗ​ក្នុង​សៀវ ដែលមាន​អាយុកាល​ជិត​៤០០​ឆ្នាំ​នោះ​ដូច្នេះ​៖«​សៀវភៅ​នោះ មាន​ចំណងជើង​ថា Relation des missions des evesques françois aux royaumes de Siam, de la Cochinchine, de Camboye, & du Tonkin, &c.​។ និយាយ​ពី​បេសកកម្ម​របស់លោក ជា​អាចារ្យ​កាតូលិក បានធ្វើ​ដំណើរ​មក​អាស៊ី​។ ជាពិសេស​ប្រទេស​ខ្មែរ​។ បាន​ចូល​ផ្សព្វផ្សាយ​ពី​យេស៊ូគ្រិស្ត​»​។​
​អនុប្រធាន​ការិយាល័យ​អភិរក្ស​រូបនេះ បាន​ប្រាប់​ត្រួសៗ​ពី​សៀវភៅ​ក្បាល​ផ្សេងទៀត ដែលមាន​អាយុកាល​ប្រហែល​គ្នា ដោយ​ស្រង់​ចេញពី​ឯកសារ​មាន​អាយុ​វែង​ប្រមាណ​ជា​១​ម៉ឺន​ច្បាប់​៖«​សៀវភៅ​ខ្មែរ​នៅ​ឆ្នាំ​១៨៨៣​។ ដូចជា​លោក ឧកញ៉ា ទេព ពិទូរ្យ ឈឹម ក្រ​សេម លោក​បាន​និយាយ​អំពី ព្រះរាជ​ទ្វាទសមាស ហើយនឹង​ប្រវត្តិ​ពង្ស​សាវតា​ស្តេច ព្រមទាំង​កិច្ចការ​ផ្សេងៗ​ទៀត​។ មាន​វចនានុក្រម​ខ្មែរ​។ មាន​សៀវភៅ​ផ្សេងៗ​ទៀត​នៅ​ឆ្នាំ​១៩០៦ លោក​បាន​កត់ត្រា​ព្រះរាជ​សកម្មភាព ព្រះបាទ ស៊ីសុវត្ថិ បាន​យាង​ទៅ​ប្រទេស​បារាំង នៅ​ឆ្នាំ​១៩០៦»​។​
   
លោក សុខ សុផល កំពុង​កាន់​សៀវ​ភៅ​ជា​ភាសាបារាំង​ ដែល​មាន​អាយុ​ជិត៤០០​ឆ្នាំ​ 

​និយាយ​ពី​កិច្ច​ការថត​សាស្ត្រា​វិញ​ម្ដង​។ ក្នុង​បន្ទប់​មួយ​ទំហំ​ទទឹង​ប្រហែលជា​៥​ម៉ែត្រ និង​បណ្ដោយ​ប្រមាណ​ជា​៨​ម៉ែត្រ ពោរពេញ​ទៅដោយ​គម្ពីរ​សាស្ត្រា​ស្លឹករឹត ដាក់​តម្រៀប​គ្នា​ក្នុង​ទូ​យ៉ាង​មាន​របៀប​។ គម្ពីរ​ទាំងនេះ​ត្រូវបាន​ហំ​ព័ទ្ធ​ដោយ​ព្រួល​ឬ​ស្សី និង​មាន​ក្រណាត់​សូត្រ​ពណ៌​ក្រហម​ដេរ​ពី​ក្រៅ​មួយ​ជាន់​ទៀត ដើម្បី​រក្សា​ភាព​ត្រជាក់ និង​ការពារ​ពី​ការបំផ្លាញ​ផ្សេងៗ​។  
 
​ជា​អ្នកទទួលបន្ទុក​ខាង​ថត​សាស្ត្រា និង​ក្រាំង លោក កូវ សារ៉ន ដែល​អង្គុយ​នៅ​ចំ​ពីមុខ​កាមេរ៉ា​ថត ថា​កិច្ចការ​នេះ​មាន​ឧបសគ្គ​មួយចំនួន​។ លោក​រៀបរាប់ថា​៖«​មាន​ឧស​គ្គ​ខ្លះ ដោយសារ​សាស្ត្រា​ខ្លះ​វាចា​ស់ យើង​ត្រូវ​ថ្នម​វា ដើម្បី​ថត​មួយ​ម្តងៗ​។ សាស្ត្រា​ខ្លះ​វាចា​ស់ យើង​មិនអាច​ថត​វា​បាន យើង​សរសេរ​វា​ទុក​។ វា​ពុកផុយ ដោយសារ​ជំនាន់​ប៉ុល ពត សាស្ត្រា​ហ្នឹង វា​យកទៅ​ក៏​នៅមុខ កន្លែង​ដើម​ជ្រៃ​។ សាស្ត្រា​ហ្នឹង​វា​ត្រូវ​ភ្លៀង ខ្យល់​ខ្លាំង វា​ពុកផុយ​។ មាន​កណ្តៀរ​ស៊ី​ខ្លះ​។ អ៊ីចឹង​យើង​រើសយក​សាស្ត្រា​ដែ​នៅ​ល្អ អាច​បាន​យើង​ទុក​ទៅ​។ សាស្ត្រា​ណា​ដែល​សត្វ​ស៊ី​ច្រើន យើង​ខ្ចប់​ទុកជា​ភស្តុតាង​»​។ 
 
​បាន​អាន​ឯកសារ​ដែល​ទាក់ទង​នឹង​សាស្ត្រា​ខ្លះៗ លោក សារ៉ន ថា​សាស្ត្រា​ស្លឹក​រិត​អាចមាន​អាយុកាល​ច្រើន​រយ​ឆ្នាំ​ប្រសិនបើ​គេ​ថែរក្សា​បានល្អ​។ លោក សារ៉ន បន្ថែម​៖«​សាស្ត្រា​ដែល​យូរ​ជាងគេ មាន​ឆ្នាំ​១៧៨៦ មាននៅ​ក្នុង​បណ្ណាល័យ​។ យើង​មាន​ពីរ ដែល​អាយុកាល​ប្រហែល​គ្នា​។ សាស្ត្រា​នេះ បើ​យើង​អាច​ថែរក្សា វា​បាន​រហូតដល់​ជិត ១,០០០​ឆ្នាំ​។ អាច​បាន​។ នេះ​បើតាម​ឯកសារ​ខ្លះ​ដែល​ខ្ញុំ​បាន​មើល នៅក្នុង​សម័យអង្គរ គេ​បានបញ្ជាក់​ប្រាប់ថា​អាហ្នឹង​យូរណាស់​។ ប៉ុន្តែ​គេ​បានបញ្ជាក់​នៅ​ស្រុកថៃ នៅ​ស្រះកែវ ថា​មាន​សាស្ត្រា នៅ​សម័យអង្គរ​មាន​។ តែ​នៅ​ខ្មែរ​យើង​អស់ហើយ ពីព្រោះ​នៅ​សម័យ​ឧ​ត្តុ​ង្គ គេ​ប្រមូល​ឯកសារ​នោះ​យកទៅ​ទាំងអស់​»​។  
   
និស្សិត​កំពុង​អាន​សៀវ​ភៅនៅ​ក្នុង​បណ្ណាល័យជាតិ​ 

​បុរស​សម្បុរ​ស្រអែម​ដែលមាន​អាយុ​ប្រហែល​ជាង​៥០​ឆ្នាំ​រូបនេះ​បន្ថែម​៖«​សាស្ត្រា​ដែល​អាយុ​តិចជាងគេ គឺ​ឆ្នាំ​១៩៥០ និង ៦០ ។ សាស្ត្រា​ស្លឹករឹត​និយាយ​ដូច​សៀវភៅ​អីចឹង​។ មានរឿង មាន​កំណាព្យ មានរឿង​ព្រេង មាន​អក្សរសាស្ត្រ និយាយ​អំពី​រឿង​ផ្សេងៗ​។ និយាយ​ពី​ធម៌​ព្រះពុទ្ធ​ក៏មាន​»​។   
 
​អង្គុយ​ក្នុង​បន្ទប់​បិទ​ជិត ដោយ​មិន​អនុញ្ញាតឱ្យ​ពន្លឺ​ពី​ខាងក្រៅ​ចាំង​ចូល​សូម្បីតែ​បន្តិច ការងារ​ថត​សាស្ត្រា​ស្លឹក​រិត ត្រូវ​ចំណាយពេល​យូរ​គួរសម ព្រោះ​វា​មាន​ចំនួន​ច្រើន ហើយ​លោក សារ៉ន បញ្ជាក់​ពី​ចំនួន​ដូច្នេះ​៖«​សាស្ត្រា​មាន​២​ប្រភេទ គឺ​សំរាយ និង​បាលី​។ ដែល​ខ្ញុំ​កំពុង​ថត គឺ​បាលី​។ យើង​យើង​ថត​ទាំង​២​ប្រភេទ ប្រហែល​ខ្ទង់​៤​ខែ​កន្លះ​។ សាស្ត្រា​ស្លឹករឹត​ជា​សំរាយ​មាន ចំនួន ២៨៩​រឿង ស្មើនឹង​១,២០០ ខ្សែ​។ គិត​ជា​ជា​ទំព័រ ៤៩,៨៨០​ទំព័រ​។ សាស្ត្រា​សរុប​ទាំងអស់ មាន សរុប​ទាំងអស់ ៤១៩​រឿង ស្មើនឹង​២, ៥០៧​ខ្សែ​»​។ 
 
​ការរក្សា​ទុក​ឯកសារ​ចាស់ៗ ក៏ដូចជា​ឯកសារ​ដទៃទៀត ត្រូវធ្វើ​ទៅតាម​បញ្ចេ​ក​ទេស​ត្រឹមត្រូវ ដូច្នេះ​លោក សុខ សុផល ពន្យល់​ពី​ដំណើរការ​នោះ​៖«​ក្នុង​៦​ខែ ទៅ​១​ឆ្នាំ បណ្ណាល័យ​បាន​បាញ់ថ្នាំ ដោយ​បិទ​បន្ទប់​ទាំងអស់​ប្រហែល​រយៈពេល​១​អាទិត្យ​ទើប​បើក​ឡើងវិញ ដើម្បី​ឲ្យ​សត្វល្អិត​ចេញ ឬ​វា​ងាប់​»​។​
   
លោក កូវ សារ៉ន កំពុង​បង្ហាញ​ពី​របៀបថត​ចម្លង​សាស្ត្រាស្លឹករឹត ដាក់​ក្នុង​គេហទំព័រ

 អ្នកស្រី ឈុន មុនី ប្រធានការិយាល័យ​អភិរក្ស និង​ទទួលខុសត្រូវ​សៀវភៅបោះពុម្ព​តាម​ខ្នាត​អន្តរជាតិ បានលើកឡើង​ពី​គុណសម្បត្តិ​នៃ​ការថត​ចំឡង​ឯកសារ​បុរាណ​ទាំងនេះ «​ឯកសារ​នៅក្នុង​បណ្តា​ល័យ​ជាតិ មានគុណ​តម្លៃ​មិនអាច​កាត់ថ្លៃ​បានទេ ព្រោះ​ជា​ឯកសារ​កម្រ​។ ឯកសារ​មួយចំនួនធំ នៅ​ខាងក្រៅ​អត់​មាន​ទេ​។ មានតែ​នៅក្នុង​បណ្ណាល័យ​ជាតិ​។ អីចឹង​បាន​យើង​ថតចម្លង​ដាក់​នៅក្នុង​វេ​ប​សាយ​របស់​បណ្ណាល័យ ពីព្រោះ​ឯកសារ​ហ្នឹង​ចាស់ មិនអាច​ស្រាវជ្រាវ មើល​ផ្ទាល់​បានទេ ដើម្បី​ងាយស្រួល​ក្នុងការ​ស្រាវជ្រាវ​»​។​
 
​ជា​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​បណ្ណាល័យ​ជាតិ ក្នុងការ​លើកស្ទួយ​វិស័យ​អប់រំ ក៏ដូចជា​ការអាន​នៅ​កម្ពុជា បណ្ណាល័យ​ជាតិ សម្រេចបាន​ការងារ​សំខាន់​មួយចំនួន ហើយ​អ្នកស្រី ឈុន មុនី បញ្ជាក់​ដូច្នេះ​៖«​បាន​ការងារ​សំខាន់ៗ​ច្រើន ដូចជា​ការជួសជុល​ឯកសារ​ចាស់​ដោយ​ដៃ​។ ហើយ​យើង​ក៏បាន​ប្រមូល​មក​ថតចម្លង ហើយ​ក៏បាន​បោះពុម្ព ឯកសារ​ចាស់​។ ហើយ​សៀវភៅ​ណ​ដែល​យើង​ប៉ះ​កើត យើង​ក៏បាន​ដេរ​ដោយ​ដៃ ជួសជុល​ឡើងវិញ ទុកជា​ឯកសារ​ដើម​។ យើង​បាន​ពង្រឹង​ការអាន ដូចជា​ការរៀបចំ​ពិព័រណ៍​សៀវភៅ​ជាដើម​»៕
 
 
 
 

Tag:
 ឯកសារ​បុរាណ​
 ​សាស្ត្រា​ស្លឹករឹត​
  ​ក្រាំង​
 ​ សៀវភៅ​
 ​ បណ្ណាល័យ​ជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com