ជាតិ
សង្គមជាតិ
ពិព័រណ៍រូបថតប្រវត្តិសាស្ត្រពីឆ្នាំ១៩៧០-១៩៩៨ ទាក់ចិត្តទាំងប្រជាពលរដ្ឋខ្មែរ និងថៃ
× មជ្ឈមណ្ឌលសន្តិភាពអន្លង់វែងនៃមជ្ឈមណ្ឌលឯកសារកម្ពុជានៅព្រឹកថ្ងៃទី៨ កុម្ភៈ នេះ បានរៀបចំពិព័រណ៍រូបថតប្រវត្តិសាស្ត្រនៃសហគមន៍អន្លង់វែង ដែលជាទីតាំងចុងក្រោយនៃការបញ្ចប់សង្គ្រាមស៊ីវិល(របបខ្មែរក្រហម)នៅកម្ពុជា។ រូបថតចំនួន១០០សន្លឹកដែលបានដាក់តាំងបង្ហាញជូនភ្ញៀវទេសចរជាតិនិងអន្តរជាតិនេះ គឺបង្ហាញពីសកម្មភាពប្រវត្តិសាស្ត្រចន្លោះពីឆ្នាំ១៩៧០-១៩៩៨។ ពិព័រណ៍ដែលធ្វើឡើងក្នុងព្រឹត្តិការណ៍«ថ្មើរជើងប្រវត្តិសាស្ត្រ»នេះ បានទាក់ចិត្តទាំងប្រជាពលរដ្ឋកម្ពុជា និងថៃ។
រូបថតចំនួន១០០សន្លឹក ដែលបង្ហាញពីសកម្មភាពរបស់ប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំខ្មែរមុន ក្នុងអំឡុង និងក្រោយរបបខ្មែរក្រហមរហូតទទួលបានសន្តិភាពពេញលេញ ត្រូវបានមជ្ឈមណ្ឌលឯកសារកម្ពុជាដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ថ្មើរជើងប្រវត្តិសាស្ត្រ។ ការតាំងរូបថតបង្ហាញពីសកម្មភាពប្រវត្តិសាស្ត្រចន្លោះពីឆ្នាំ១៩៧០-១៩៩៨ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រជាពលរដ្ឋខ្មែរនិងថៃ ដែលចូលរួមរត់ប្រណាំងក្នុងព្រឹត្តិការណ៍«ថ្មើរជើងប្រវត្តិសាស្ត្រ»នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ។
ក្រៅពីទស្សនាសកម្មភាពនានា និងស្វែងយល់ពីអត្ថន័យក្នុងរូបថតក្រោមការពន្យល់យ៉ាងក្បោះក្បាយរបស់អ្នកជំនាញដែលប្រចាំការនៅមជ្ឈមណ្ឌលឯកសារកម្ពុជា ទាំងពលរដ្ឋខ្មែរនិងថៃបាននាំគ្នាថតរូបជាមួយរូបភាពទាំងនោះទុកជាអនុស្សាវរីយ៍ទៀតផង។ លើសពីនេះ ពួកគេបានគយគន់ទេសភាពដ៏ស្រស់់ស្អាតក្នុងស្រុកអន្លង់វែងពីលើពើយតាម៉ុក និងរាំលេងកម្សាន្តជាមួយក្រុមតន្ត្រីរបស់នាយ ខ្ជិប យ៉ាងសប្បាយរីករាយ។
ស្នូរតន្ត្រីល្វើយៗលាយឡំជាមួយខ្យល់អាកាសបរិសុទ្ធនៅលើពើយតាម៉ុក បានធ្វើឲ្យព្រឹត្តិការណ៍រត់ប្រណាំងអន្លង់វែង ដែលមានអ្នកចូលរួមជិត២ពាន់នាក់ បញ្ចប់ជាមួយភាពអធិកអធមនិងសប្បាយរីករាយ។ សម្រស់ព្រៃព្រឹក្សា រំលេចដោយដើមឈើធំខ្ពស់ៗនៅសងខាងផ្លូវ និងការរត់កាត់មុខផ្ទះប្រជាពលរដ្ឋ ធ្វើឲ្យព្រឹត្តិការណ៍រត់ប្រណាំងនេះកាន់តែមានភាពទាក់ទាញសម្រាប់អ្នកចូលរួម។
បើតាមលោក លី សុខឃាង នាយកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែងនៃមជ្ឈមណ្ឌលឯកសារកម្ពុជាការរៀបចំពិព័រណ៍សៀវភៅនេះ
គឺដើម្បីជំរុញនិងបង្កើនការចងចាំ ក៏ដូចជាផ្សព្វផ្សាយនិងលើកកម្ពស់ការយល់ដឹងពីប្រវត្តិសាស្ត្រនៃសហគមន៍អន្លង់វែង ដែលជាទីតាំងចុងក្រោយនៃរបបខ្មែរក្រហម ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ជាពិសេសសិស្សនិស្សិត ដែលសិក្សាលើជំនាញប្រវត្តិសាស្ត្រនិងស្រាវជ្រាវ ឲ្យយល់ដឹងកាន់តែច្បាស់ តាមរយៈការពន្យល់យ៉ាងក្បោះក្បាយពីអ្នកជំនាញ ដែលប្រចាំការនៅទីនោះ។
«ពិព័រណ៍រូបថតយើងផ្តោតលើតែពាក្យពីរម៉ាត់ទេ គឺជំរុញឲ្យមានការចងចាំនិងការអប់រំ។ ពិព័រណ៍នេះ មិនមានការចោទប្រកាន់ ឬលាបពណ៌អាក្រក់ល្អអ្វីនោះទេ គឺយើងបង្ហាញពីការចងចាំប្រវត្តិសាស្ត្ររួមគ្នា ដែលបង្កើតឲ្យមានការពិពណ៌នាប្រវត្តិសាស្ត្រដូចៗគ្នា កុំឲ្យមានការបែកបាក់សង្គមយើងតទៅទៀត»។ នេះជាការលើកឡើងរបស់លោក លី សុខឃាង ដែលអះអាងថា លោកនឹងរៀបចំឲ្យមានកម្មវិធីពិព័រណ៍កាន់តែច្រើន និងធំជាងមុខនៅឆ្នាំក្រោយៗទៀត៕
សូមអញ្ជើញទស្សនាវីដេអូ និងរូបភាពដូចក្រោម៖
Tag:
លី សុខឃាង
អន្លង់វែង
មជ្ឈមណ្ឌលឯកសារកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com