ជាតិ
សង្គមជាតិ
និមិត្តសញ្ញា​ចុង​ដំបូល​ប្រាសាទខ្មែរ​«​ជហ្វា​» នឹងត្រូវ​ប្រើ​ជា Logo នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣
08, Feb 2020 , 9:59 pm        
រូបភាព
 
​ភ្នំពេញ​៖ និមិត្តសញ្ញា​ចុង​ដំបូល​ប្រាសាទខ្មែរ​«​ជហ្វា​» ត្រូវបាន​ក្រសួងការបរទេស​កម្ពុ​ជា ជ្រើសរើស​សម្រាប់​ប្រើ​ជា​និមិត្តសញ្ញា​ផ្លូវការ នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣ ឆ្នាំ​២០២០ ដែល​កម្ពុជា​គឺជា​ម្ចាស់ផ្ទះ​។ និមិត្តសញ្ញា​នេះ គូរ​ដោយ យុវជន សៀង ឆាយ​លី និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ វិចិត្រសិល្បៈ​។​


​យុវជន សៀង ឆាយ​លី ជា​ម្ចាស់​ជ័យលាភី​ការប្រកួត​និមិត្តសញ្ញា​នេះ​រៀបរាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា និមិត្តសញ្ញា​នេះ គឺ​ច្នៃ​ចេញ​ជា​ក្បាច់​ខ្មែរ​ទម្រង់​ជា ជហ្វា ឬ ដងក្ដារ ដែលជា​គ្រឿង​ដំបូល ឬ​ផ្នែក​ខាងចុង​នៃ​ប្រាសាទ ព្រះវិហារ ឬ​សាលា មាន​ទម្រង់​ក្បាច់​ខ្មែរ ដែល​ធ្លាប់បាន​ប្រើប្រាស់​គំរូ​ចាស់ៗ​ពីមុខ​មក​។  ជហ្វា ក្នុង​សាសនា​សំដៅលើ​ការ​បួងសួង សុំ​ពរជ័យ ឡើង​ទៅលើ​មេឃ​។ យុវជន សៀង ឆាយ​លី បន្តថា​៖«​និមិត្តសញ្ញា​នេះ ក្រឡេក​ភ្លាម យើង​ដឹងថា ជា​របស់​ខ្មែរ ដោយសារ​មាន​ក្បាច់​។ ក្រឡេក​ភ្លាម​ដឹងថា ជា​របស់​ខ្មែរ​។ អត្ថន័យ​ក្នុង​និមិត្តសញ្ញា​នេះ គឺ​ប្រទេស​ក្នុង​តំបន់​អាស៊ី​ចម្រើន​គ្រប់​វិស័យ ដោយ​គួបផ្សំ​ភាពស្អិតល្មួត ជាមួយ​សហព័ន្ធ​សហភាព​អឺរ៉ុប​»​។​
   
រូបភាពផ្តល់លោក សៀង ឆាយ លី ម្ចាស់​ជ័យលាភីការប្រកួតគូរនិមិត្តសញ្ញាសម្រាប់កិច្ចប្រជុំអាស៊ី-អឺរ៉ុបលើកទី១៣ 

​ចំណាយពេល​ជាង​១​សប្តាហ៍ ក្នុងការ​គូរ សៀង ឆាយ​លី ពន្យល់ថា​ពី​មូលហេតុ​ដែល​គេ​សម្រេចយក​និមិត្តសញ្ញា​ជហ្វា មក​គូរ​ច្នៃ យ៉ាង​ដូច្នេះ​៖«​ព្រោះ​និមិត្តសញ្ញា​ទាំង​២​ស្រដៀង​ដែរ ខ្ញុំ​គ្រាន់តែ​បន្ថែម គូស​ក្បាច់​ក្រវាត់​ទៅ​បន្តិច គឺ​ចេញ​ជា ជហ្វា ដែលមាន​រចនា​បែប​ខ្មែរ និង​បន្ថែម​ពណ៌​ប៉ុណ្ណោះ​។ ការធ្វើ​បែបនេះ ធ្វើ​ឲ្យ​និមិត្តសញ្ញា​ថ្មី​នេះ មិនមាន​ភាព​រញ៉េរញ៉ៃ​»​។ ពណ៌​ក្រហម តំណាង​ឲ្យ តំបន់​អាស៊ី ហើយ​ពណ៌​ខៀវ តំណាង សហព័ន្ធ​សហភាព​អឺរ៉ុប​»​។​
 
​កន្លងមក ស្នាដៃ​គំនូរ​របស់​យុវជន​រូបនេះ ក៏​ធ្លាប់​ជ្រើសរើស​ឲ្យ​ប្រើប្រាស់ លើ​ក្របសៀវភៅ ក្នុង​កម្មវិធី​ទិវា​វប្បធម៌​ជាតិ​ឆ្នាំ​២០១៩ និង​លើ​អាវយឺត របស់​សហគមន៍​អ្នក​ស្រឡាញ​ភេទ​ដូចគ្នាឥ​ន្ធ​នូ​ផងដែរ​៕ 
 
 
 រូបភាពផ្តល់លោក សៀង ឆាយ លី ម្ចាស់​ជ័យលាភីការប្រកួតគូរនិមិត្តសញ្ញាសម្រាប់កិច្ចប្រជុំអាស៊ី-អឺរ៉ុបលើកទី១៣




Tag:
 logo
  ជហ្វា​
 ​ កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប​លើ​ទី​១៣
 ​ និមិត្តសញ្ញា​
© រក្សាសិទ្ធិដោយ thmeythmey.com