ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ពលរដ្ឋ មិន​ពេញចិត្ត​ចំពោះ​ការ​ពួនស្ទាក់​ចាប់​អ្នកបើកបរ​ល្មើសច្បាប់ របស់​នគរបាល​ចរាច​រណ៍
08, Feb 2020 , 4:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ បន្ទាប់ពី​សាលា​រាជធានី​ភ្នំពេញ បាន​បំពាក់​កាមេរ៉ា​សុវត្ថិភាព​នៅតាម​ស្តុ​ប​នានា​រួចមក គេ​សង្កេតឃើញថា មាន​នគរបាល​ចរាច​រណ៍​មួយចំនួន បាន​ប្តូរ​ទីតាំង​ឈរជើង​ពី​កន្លែង​ស្តុ​ប ទៅកាន់​កន្លែង​ផ្សេងទៀត ដើម្បី​ពួនស្ទាក់​ចាប់​អ្នកបើកបរ​ណា ដែល​មិន​គោរព​ច្បាប់​ចរាចរណ៍ ។ ទង្វើ​នេះ បាន​ទទួលរង​ការរិះគន់​ពី​អ្នកដំណើរ​ជាច្រើន​។ អ្នកដំណើរ អះអាងថា នគរបាល​ចរាចរណ៍ ដែលជា​គំរូ​សម្រាប់​ពលរដ្ឋ មិនគួរ​ធ្វើបែបនេះ​ឡើយ​។

 
​ជា​បន្ត​សូម​អញ្ជើញ​ស្តាប់​បទ​យកការណ៍ ដែល​រៀបចំ​ដោយ លោក រ៉ឹ​ម ភា​រី ដូចតទៅ​៖   

 
 ​អ្នកដំណើរ​ជាច្រើន​នៅ​រាជធានី​ភ្នំពេញ បានបង្ហាញ​ការមិន​ពេញចិត្ត ចំពោះ​កាយវិការ​ពួនស្ទាក់​ចាប់​អ្នកបើកបរ​ល្មើសច្បាប់​ចរាចរណ៍ របស់​មន្ត្រីនគរបាល​ចរាចរណ៍​។ ការអនុវត្តន៍​បែបនេះ ពេលខ្លះ​បានធ្វើ​ឲ្យ​បើកបរ​ភិតភ័យ បើទោះជា​ខ្លួន​មិនបាន​ល្មើសច្បាប់​ចរាចរណ៍​ក៏ដោយ​។ 
 
​លោក សាន់  ហ្វោ​សាត អ្នកដំណើរ​ម្នាក់ ដែល​កំពុង​ឈប់​ម៉ូតូ​នៅ​អែប​ផ្លូវ​ម៉ៅ​សេទុង បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា លោក​មានការ​ភ័យខ្លាច​ខ្លះ​ដែរ នៅពេល​នគរបាល​ចរាច​រណ៍ លិចមុខ​ឡើង​ទាំង​លោក​មិនបាន​ព្រាងទុក​។ មាន​ស្រុកកំណើត​នៅ​ខេត្ត​ត្បូងឃ្មុំ ហ្វោ​សាត​ដែលមាន​រាង​ខ្ពស់ និង​សម្បុរ​ស បាន​រៀប​រាប់ទាំង​ទឹកមុខ​មាំ​ថា​៖ «​សម្រាប់​សកម្មភាព​ពួន​ចាប់​ហ្នឹង ខ្ញុំ​គិតថា មិនគួរ​មាន​ទៀត​ទេ​។ បើសិនជា​អាច គាត់​អាច​ឈរ​នៅ​កន្លែង​ស្តុ​ប​របស់គាត់ ដើម្បី​បញ្ជា​ចរាចរណ៍ អាហ្នឹង គឺ​ល្អ​។ តែបើ​ពួន​ចាប់​អ្នក​មិន​គោរព​ច្បាប់​ចឹ​ង អាហ្នឹង​ក៏​ប៉ះពាល់​ដែរ ព្រោះ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​»​។  
 
​បើតាម​យុវជន​វ័យ​២៣​ឆ្នាំ​រូបនេះ បើ​ទោះ​អ្នកដំណើរ​គោរព​ច្បាប់​ចរាចរណ៍​មែន តែ​ក៏​រង​ការភ័យខ្លាច​ខ្លះ​ដែរ ចំពោះ​ការ​ពួនស្ទាក់​បែបនេះ​។ លោក​បាន​រម្លឹក​យ៉ាង​ដូច្នេះ​៖ «​ពេលខ្លះ ខ្ញុំ​ជិះ​ម៉ូតូ​ឃើញ​គាត់​(​នគរបាល​ចរាចរណ៍​) ខ្លាច​យើង​បើកភ្លើង ដូច្នេះ​យើង​ភ័យ​ដែរ ចឹ​ង​មានតែ​យើង​ប្រុងប្រយ័ត្ន​ខ្លួនឯង​។ ខ្ញុំ​ធ្លាប់​ប៉ូលិស​ចាប់ ពេល​បើកភ្លើង​ចោល​។ ដូច្នេះ ភ័យខ្លាច​គាត់​ចាប់​ដែរ​»​។ 
 
​មិន​ខុសគ្នា​នោះទេ លោក អ៊ុង ឆា​រ៉ាត់ អាយុ​២៥​ឆ្នាំ អះអាងថា បើទោះបី​លោក​មិន​ធ្លាប់​នគរបាល​ពិន័យ​ក៏ដោយ តែ​លោក​យល់ថា ការ​ពួន​ស្ទាក់ចាប់​នេះ អាច​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​។ លោក​អះអាង​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​អត់​ដឹង​ច្បាប់​ម៉េច​ដែរ​។ គ្រាន់​តែបើ​យើង​ខុស​អត់​ពាក់មួក គេ​ចាប់​ចឹ​ង​ទៅ​។ តែបើ​ថា​គាត់​ពួន​ចឹ​ង វា​អាច​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​ខ្លះ​ដែរ​។ ជួនកាល ភ្ញាក់​អ៊ីចឹង​»​។​
 
​ចំណែក លោក ផុន វណ្ណា វ័យ​៥០​ឆ្នាំ ដែលជា​អ្នករត់ម៉ូតូឌុប​នៅ​ម្តុំ​អូរ​បែកក្អម ក៏​លើកឡើង​មិន​ខុសគ្នា​ពី​អ្នកដំណើរ​ដទៃទៀត​នោះទេ​។ បើទោះជា​លោក​មិនមាន​អារម្មណ៍​ភ័យខ្លាច ព្រោះ​លោក​មាន​មួក​សម្រាប់​ខ្លួនឯង និង​អ​ថិ​តិ​ជន​របស់លោក តែ​អ្នករត់ម៉ូតូឌុប​ជាង​១០​ឆ្នាំ​រូបនេះ និយាយថា ការ​ពួនស្ទាក់​របស់​នគរបាល​ចរាចរណ៍ មិនមែនជា​ការល្អ​ឡើយ ព្រោះ​វា​អាចធ្វើ​មានការ​ភ្ញាក់ផ្អើល ឬ​មាន​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​។ អង្គុយ​លើ​ម៉ូតូ​កញ្ចាស់​រង់ចាំ​ម៉ូយ បុរស​សម្បុរ​សណ្តែកបាយ​រូបនេះ បាន​និយាយ​ដោយ​ខ្លី​ថា​៖ «​អាហ្នឹង អាច​ប៉ះពាល់​ដល់​អ្នកដំណើរ​ហើយ​។ បើ​គាត់​បើកចំហ គឺ​ល្អ តែបើ​ពួនស្ទាក់ វា​អត់​ល្អ​ទេ​»​។​
 
​បើតាម​នគរបាល​ចរាច​រណ៍​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​អះអាងថា មូលហេតុ​ដែល​ខ្លួន​ពួន​ស្ទាក់ចាប់​អ្នកដំណើរ ព្រោះ​កន្លងមក អ្នកដំណើរ​ដែល​ខុសច្បាប់ ដូចជា មិនមាន​មួកសុវត្ថិភាព ឬ​មិនមាន​កញ្ចក់​ជាដើម ពួកគេ​តែងតែ​គេច​ទៅ​ផ្លូវ​ផ្សេងទៀត នៅពេល​ឃើញ​នគរបាល​ចរាចរណ៍​។ 
 
​ទាក់ទង​នឹង​បញ្ហា​នេះ លោក សែម រតនា នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ បាន​អះអាងថា សម្រាប់​រាជធានី​ភ្នំពេញ​ដែលមាន​នគរបាល​ចរាច​រណ៍​សរុប​ទាំង​៦៣៦​នាក់ មិនមាន​ទីតាំង​ណា​ដែល​តម្រូវ​ឲ្យ​នគរបាល​ឈរជើង​សម្រាប់​ពួនស្ទាក់​ចាប់​អ្នកដំណើរ​ឡើយ​។ លោក​អះអាង​យ៉ាង​ដូច្នេះ​ថា​៖ «​ជាការ​ពិត នៅក្នុង​រាជធានី​ភ្នំពេញ​របស់​យើង​ខ្ញុំបាទ មិនមាន​កន្លែង​គោលដៅ​ពួនស្ទាក់​នោះទេ​។ ការ​ពួនស្ទាក់​នេះ មិនមែនជា​គោលការណ៍​របស់​ថ្នាក់លើ​ឲ្យ​អនុវត្តន៍​នោះទេ​។ ប៉ុន្តែ ការមើលឃើញ​ពី​ប្រជាពលរដ្ឋ ជួនកាល​មាន​ដើមឈើ ប៉ូលិស​យើង​ទៅ​ជ្រក​។ តែបើ​តាម​គោលការណ៍​ថ្នាក់លើ គឺ​អត់​មាន​ទេ​»​។​
 
​ឆ្លើយតប​នឹង​បញ្ហា​នេះ លោក ថី វិសាល អនុប្រធាននាយកដ្ឋាន​នគរបាល​ចរាចរណ៍​ផ្លូវគោក និង​សណ្ដាប់ធ្នាប់​សាធារណៈ អះអាងថា ការ​ពួនស្ទាក់​របស់​នគរបាល​ចរាចរណ៍​នេះ មិនមែនជា​គោលការណ៍​របស់​នគរបាល​ចរាច​រណ៍​នោះទេ តែ​ការ​ពួនស្ទាក់​នេះ ត្រូវបាន​ធ្វើឡើង​ដោយ​បុគ្គល​ប៉ុណ្ណោះ​។ លោក​អះអាង​យ៉ាង​ដូច្នេះ​ថា​៖«​តាមពិត គាត់​(​នគរបាល​ចរាចរណ៍​)​ខុស​ហើយ​។ គាត់​មិនអាច​ទៅ​ពួនស្ទាក់​ចឹ​ង​បានទេ​។ គាត់​ឈរលើ​ចិញ្ចឹម​ផ្លូវ ដើម្បី​ត្រួត​ពិនិត្យមើល​លំហូរ​ចរាចរណ៍ ថា​តើ​អ្នកបើកបរ​ណា​គោរព ឬ​មិន​គោរព តែ​ភាគច្រើន​មិន​គោរព​ទេ​។ បើ​គាត់​សង្កេត​ទៅ ថា​ឃើញ​អ្នកបើកបរ មិន​គោរព​ច្បាប់ គាត់​ចេញមក​ដើម្បី​ឃាត់​យកទៅ​ពិន័យ​។ ចំពោះ​អ្នក​ពួនស្ទាក់​នៅ​គល់ឈើ ឬ​កន្លែង​បិទបាំង​ផ្សេងៗ​ហ្នឹង គាត់​ធ្វើ​ដូច្នេះ មិន​ស្រប​នឹង​សេចក្តីណែនាំ នៃ​សីលធម៌​នគរបាល​ចរាចរណ៍​ផ្លូវគោក​យើង​ទេ​។ ប៉ុន្តែ​បញ្ហា​ទាំងអស់នេះ នៅមាន​តិចតួច មិន​ច្រើន​ទេ អ្នកខ្លះ វា​ជា​កំហុស​បុគ្គល​ទេ មិនមែន​គោលការណ៍​ណែនាំ​របស់​អគ្គស្នងការ​ដ្ឋា​ន​នគរបាលជាតិ​ទេ​»​។​
 
​បើតាម លោក ថី វិសាល ការអនុវត្តន៍​ច្បាប់​ចរាចរណ៍ បាន​បែងចែក​រូបភាព​ពីរ គឺ​រូបភាព​ចំហ និង​រូបភាព​សម្ងាត់​។ លោក​ពន្យល់​បន្ថែម​៖ «​រូបភាព​ចំហ​នេះ ចង់​និយាយថា នៅពេល​យើង​អនុវត្តន៍ យើង​មាន​គោលដៅ មាន​រាយ​សាជី និង​មាន​បា​រ៉ា​ស់ និង​ឃើញ​នគរបាល​ចរាចរណ៍​ផ្ទាល់​តែម្តង​។ តែ​រូបភាព​ចំហ​នេះ ក៏​ពេលខ្លះ​មិន​រាយ​សាជី និង​បា​រ៉ា​ស់​ដែរ​។ ឧទាហរណ៍ នៅពេល​យើង​ល្មើស​ភ្លើងស្តុប នគរបាល​ចរាចរណ៍​មិនបាន​ដាក់​សាជី​ទេ តែ​នគរបាល​ចរាចរណ៍​នឹង​ឃាត់ យើង ដើម្បី​ពិន័យ និង​អប់រំ​។ ទី​ពីរ ពេល​ពិនិត្យ​ជាតិ​ស្រវឹង​លើ​ដងផ្លូវ ឬ​ត្រួតពិនិត្យ​ឯកសារ លក្ខណៈ​បច្ចេកទេស​របស់​ឡាន និង​អ្នកបើកបរ យើង​មាន​ដាក់​រាយ​បា​រ៉ា​ស និង​សាជី​។ ទាក់ទង​នឹង​រូបភាព​សម្ងាត់ គឺ​ដូចជា​ត្រួតពិនិត្យ​ល្បឿន​យានយន្ត យើង​មិន​ស្លៀកពាក់​ស៊ីវិល តែ​ខាងមុខ​គោលដៅ​៤០០ ទៅ​៥០០​ម៉ែត្រ យើង​មាន​អ្នក​ស្លៀកពាក់​ស៊ីវិល កាន់​ឧបករណ៍​វាស់​ល្បឿន បើ​បើកបរ​លើស​ល្បឿន គាត់​នឹង​ប្រាប់​មក​នគរបាល​តាម​អាយកូម ឬ​ទូរស័ព្ទ ដើម្បី​ឃាត់​រថយន្ត​នោះ​»​។​
 
​លោក ថី វិសាល បញ្ជាក់ថា​កន្លងមក នគរបាល​ចរាចរណ៍​មួយចំនួន​ដែល​ប្រព្រឹត្ត​កំហុស អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បាន​ព្រមាន​ជា​លក្ខ​លក្ខណ៍​អក្សរ បើ​មិន​រាងចាល នឹង​ដកហូត​ឋាន​នន្តរ​សក្តិ​ពីលើ​ចុះក្រោម ហើយ​បើ​ប្រព្រឹត្ត​បទល្មើស​ធ្ងន់ធ្ងរ នឹងត្រូវ​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ ដើម្បី​ដោះស្រាយ​តាមច្បាប់​ផងដែរ​៕
 

Tag:
 ​នគរបាល​
 ​ ចរាចរណ៍​
 ​ ពួនស្ទាក់​
© រក្សាសិទ្ធិដោយ thmeythmey.com