កីឡាជាតិ
ជាតិ
អត្តពលិកជិត២ពាន់នាក់ចូលរួមរត់ក្នុងព្រឹត្តិការណ៍ថ្មើរជើងប្រវត្តិសាស្ត្រនៅអន្លង់វែង
× អត្តពលិកជាតិ និងអន្តរជាតិជិត២ពាន់នាក់ បានចូលរួមរត់ប្រណាំងក្នុងព្រឹត្តិការណ៍ «ថ្មើរជើងប្រវត្តិសាស្ត្រ» នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០។ ចំនួននេះ មានការកើនឡើងទ្វេដង បើធៀបនឹងឆ្នាំមុន ដែលមានប្រមាណ១ពាន់នាក់។ ព្រឹត្តិការណ៍នេះ រៀបចំឡើងដើម្បីផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរឲ្យមកកម្សាន្តតំបន់ទេសចរណ៍នៅស្រុកអន្លង់វែង ដែលជាទីតាំងចុងក្រោយនៃរបបខ្មែរក្រហម។ ការរឹតចំណងសាមគ្គីភាពរវាងកម្ពុជា-ថៃនិងអបអរខួប២២ឆ្នាំនៃការទទួលបានសន្តិភាពពេញលេញក៏ស្ថិតក្នុងគោលបំណងផងដែរ។
នៅម៉ោងប្រមាណ៥ព្រឹក អត្តពលិកកម្ពុជា និងថៃជិត២ពាន់នាក់ ដែលធ្វើដំណើរដោយរថយន្ត និងម៉ូតូ បានមកជួបជុំគ្នានៅច្រកអន្តរជាតិជាំ ដើម្បីត្រៀមខ្លួនរត់ចម្ងាយ៤គីឡូម៉ែត្រ ក្នុងព្រឹត្តិការណ៍ថ្មើរជើងប្រវត្តិសាស្ត្រ នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ លើកទី២។ ការរត់ធ្វើឡើងនៅលើខ្នងភ្នំដងរ៉ែក ដោយចេញដំណើរពីច្រកអន្តរជាតិជាំ ឆ្ពោះទៅកាន់ពើយតាម៉ុក ដែលជាទីតាំងបញ្ចប់ នៃការរត់ប្រណាំងនេះ។
ក្រោយការជួបជុំ និងកម្តៅសាច់ដុំប្រមាណជាង១ម៉ោង ស្នូរកាំភ្លើងបញ្ជាចេញដោយ លោក ឌី រ៉ាដូ អភិបាលរងខេត្តឧត្តរមានជ័យ ក៏បន្លឺឡើង ដែលធ្វើផ្លូវក្រាលក្រួសក្រហម ទើបធ្វើកាលពីពេលថ្មីៗគ្របដណ្តប់ដោយហ្វូងមនុស្ស។ ភាពចម្រុះពណ៌ខៀវ លឿង ទឹកក្រូចនៃឯកសណ្ឋាន របស់អ្នករត់ ធ្វើឲ្យក្បួននាំមុខដោយឡានសារ៉ែន ដែលរៀបចំដោយរដ្ឋបាលស្រុកអន្លង់វែង កាន់តែមានភាពទាក់ទាញ។
ការចេញមកអបអរពីសំណាក់ប្រជាពលរដ្ឋ នៅតាមផ្លូវរត់ ដែលមានការរក្សាសន្តិសុខ សុវត្ថិភាព ពីកងកម្លាំងធ្វើឲ្យអ្នករត់មានកម្លាំងចិត្តកាន់តែខ្លាំង និងរត់ដោយទំនុកចិត្ត ដើម្បីឆ្ពោះទៅសម្រេចគោលដៅ។ ជាការរត់កម្សាន្ត តែក៏មានការចាត់ចំណាត់ថ្នាក់ផងដែរ ដែលម្ចាស់ជ័យលាភីបានទៅលើកីឡាករ និងកីឡាការិនី មកពីប្រទេសថៃ។ ក្នុងពិធីប្រគល់រង្វាន់លើកទឹកចិត្ត ដល់ម្ចាស់ជ័យលាភី ធ្វើឡើងក្រោមវត្តមានលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ NOCC, លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងថ្នាក់ដឹកនាំជាច្រើនរូបទៀត។
បើតាមលោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ចំនួនអ្នកចូលរួមរត់ឆ្នាំនេះ មានការកើនឡើងទ្វេដងបើធៀបនឹងឆ្នាំមុន ដែលមានត្រឹមតែប្រមាណ១ពាន់នាក់។ លោក ចាត់ទុកការកើនឡើងនេះថា ជាចំណុចវិជ្ជមានមួយ មុនឈានទៅបង្កើតព្រឹត្តិការណ៍នេះ ឲ្យក្លាយជាសមិទ្ធផលទេសចរណ៍ថ្មីមួយទៀតនាពេលអនាគត។
ក្រៅពីសកម្មភាពកីឡាដូចជារត់ប្រណាំង ជិះកង់ ចំបាប់ ល្បុក្កតោ បាល់ទាត់ បាល់ទះ និងប្រណាំងទូកជាដើម ក៏មានការប្រគំតន្ត្រី និងពិព័រណ៍ផលិតផលអន្តរជាតិផងដែរ។ ភាពចម្រុះនេះ ធ្វើព្រឹត្តិការណ៍ថ្មើរជើងប្រវត្តិសាស្ត្រនៅស្រុកអន្លង់វែង ដែលរៀបចំដោយក្រសួងទេសចរណ៍សហការជាមួយរដ្ឋបាលខេត្តឧត្តរមាន និងគណៈកម្មាធិការជាតិអូឡាំពិកមួយនេះ កាន់តែមានភាពទាក់ទាញជាងលើកទី១។ ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧-៩ ខែកុម្ភៈ ឆ្នាំ២០២០៕
Tag:
រត់ប្រណាំង
វ៉ាត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com