ជាតិ
សង្គមជាតិ
ប្រធាន​រដ្ឋ​ឡាវ មក​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​កម្ពុជា ពីថ្ងៃ​ទី​៩ និង​ទី​១០ កុម្ភៈ​
09, Feb 2020 , 9:56 am        
រូបភាព
លោក ប៊ុន​ញ៉ាំង វរ​ជី​ត(Bounnhang Vorachith)ប្រធាន​រដ្ឋ​ឡាវ បានអញ្ជើញដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃទី៩ កុម្ភៈ ឆ្នាំ២០២០នេះ។ រូបភាព៖AKP​
លោក ប៊ុន​ញ៉ាំង វរ​ជី​ត(Bounnhang Vorachith)ប្រធាន​រដ្ឋ​ឡាវ បានអញ្ជើញដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃទី៩ កុម្ភៈ ឆ្នាំ២០២០នេះ។ រូបភាព៖AKP​
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ប្រធាន​រដ្ឋ​ឡាវ លោក ប៊ុន​ញ៉ាំង វរ​ជី​ត នឹង​មក​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​កម្ពុជា នៅ​ថ្ងៃទី​៩ និង​ទី​១០​កុម្ភៈ​នេះ​។ តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា ក្នុងអំឡុង​ទស្សនកិច្ច​នេះ លោក ប៊ុន​ញ៉ាំង វរ​ជី​ត នឹង​ចូលគាល់​ព្រះមហាក្សត្រ ព្រមទាំង​មាន​ជំនួប​ដោយឡែក​ជាមួយ សម្តេច សាយ ឈុំ​, សម្តេច ហេង សំរិន និង​សម្តេច ហ៊ុន សែន​ផងដែរ ហើយក៏​អញ្ជើញ​ដាក់​កម្រងផ្កា​នៅ​វិមានឯករាជ្យ និង​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​បរម​រតន​កោដ្ឋ​ដែរ​។​

 
​លោក ប៊ុន​ញ៉ាំង វរ​ជី​ត អគ្គលេខាធិការ​នៃ​គណៈកម្មការ​ម​ជ្ឈឹ​ម​បក្ស​ប្រជាជន​បដិវត្តន៍​ឡាវ និង​ជា​ប្រធាន​រដ្ឋ​ឡាវ នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​កម្ពុជា រយៈពេល​២​ថ្ងៃ គឺ​នៅ​ថ្ងៃទី​៩ និង​ទី​១០​កុម្ភៈ​នេះ​។ នេះ​បើតាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា នៅ​ថ្ងៃទី​៦ កុម្ភៈ​នេះ​។ 
 
​សេចក្តី​ជូន​ព័ត៌មាន​ដដែល បញ្ជាក់ថា​ក្នុងអំឡុងពេល​ទស្សនកិច្ច​នេះ លោក ប៊ុន​ញ៉ាំង វរ​ជី​ត នឹង​ចូលគាល់​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា នៅក្នុង​ព្រះបរមរាជវាំង​។ លោក ប៊ុន​ញ៉ាំង វរ​ជី​ត ក៏​នឹងមាន​ជំនួប​ដោយឡែក​ផងដែរ ជាមួយ​សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា​, សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និង         សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​។ ហើយ​នៅក្នុង​អំឡុងពេល​ស្នាក់នៅ​២​ថ្ងៃនេះ លោក​ប្រធាន​រដ្ឋ​ឡាវ នឹង​អញ្ជើញ​ដាក់​កម្រងផ្កា​នៅ​វិមានឯករាជ្យ និង​គោរព​ព្រះ​វិញ្ញាណក្ខន្ធ នៅ​មណ្ឌប​ព្រះករុណា ព្រះបាទ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ​ផងដែរ​។​
 
​បើតាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ របស់ លោក ប៊ុន​ញ៉ាំង វរ​ជី​ត​នេះ គឺជា​ព្រឹត្តិការ​ដ៏​មាន​អត្ថន័យ​បន្ថែមទៀត ដើម្បី​ពង្រឹង​ភាពជា​ដៃគូ​យុ​ទ្ទ​សាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​យូរអង្វែង ក៏ដូចជា រឹតចំណង​មិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ រវាង​ប្រទេស និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​៕

© រក្សាសិទ្ធិដោយ thmeythmey.com