ជាតិ
ពីនេះ ពីនោះ
ត្រី​កញ្ជនជ័យ ក៏​ស្ថិតនៅក្នុង​អម្បូរ​ជាមួយ ត្រី​ក្សាន​, ត្រី​រ៉ស់ ឬ​ត្រី​ផ្ទក់​, ត្រី​អំបូង និង ត្រី​ដៀប ឬ​ត្រី​ឆ្តោ​ដែរ​
09, Feb 2020 , 2:59 pm        
រូបភាព
  ​ត្រី​កញ្ជនជ័យ​។ រូបភាព​៖ សៀវភៅ​មគ្គុទ្ទេសក៍ ស្តីពី​ប្រភេទ​ត្រី​រស់នៅក្នុង​ដែនទឹក​សាប នៃ​ប្រទេស​កម្ពុជា
​ត្រី​កញ្ជនជ័យ​។ រូបភាព​៖ សៀវភៅ​មគ្គុទ្ទេសក៍ ស្តីពី​ប្រភេទ​ត្រី​រស់នៅក្នុង​ដែនទឹក​សាប នៃ​ប្រទេស​កម្ពុជា
ដោយ:
​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ (Wonders of the Mekong) សូម​ដកស្រង់​ត្រី​មាន​ស្រកា​មួយ​ប្រភេទ​ចេញពី​ប្រភព​៖ មគ្គុទ្ទេសក៍ ស្តីពី​ប្រភេទ​ត្រី​រស់នៅក្នុង​ដែនទឹក​សាប នៃ​ប្រទេស​កម្ពុជា​, fishbase.org និង iucnredlist.org ដែលមាន​រស់នៅក្នុង​ទ្វីបអាស៊ី​ដូចជា ក្នុងប្រទេស​កម្ពុជា ឥណ្ឌូណេស៊ី (​ចា​វ៉ា​, ស៊ូ​ម៉ា​ត្រា​ត្រា​, កាលី​ម៉ា​នតា​តាន​, ស៊ូ​ឡា​វ៉ា​សា​ស៊ី​); ឡាវ​; ម៉ាឡេស៊ី (​សា​បា​, ឧបទ្វីប​ម៉ាឡេស៊ី​, សា​រ៉ា​វ៉ា​ក់​); ថៃ និង​វៀតណាម​។​

 
​ត្រី​កញ្ជនជ័យ មានឈ្មោះ​វិទ្យាសាស្ត្រ (Channa  lucius) មាន​ស្តង់ដា​ប្រវែង​ដងខ្លួន​អតិបរមា ៣០ ស​.​ម រស់នៅក្នុង​ទីជម្រក ស្ទឹង និង​ទន្លេ​ដែលមាន​ចរន្តទឹក​ហូរ​តិចៗ ព្រមទាំង​បឹង ស្រះ និង​វាលភក់​។ ភាគច្រើន​មាន​រស់នៅក្នុង​ស្ទឹង​ដែលមាន​រុក្ខជាតិ​ទឹក​។ ជារឿយៗ ឃើញ​មាន​រស់នៅក្នុង​តំបន់​ដែលមាន​ដុះ​វារិ​ជាតិ​ចម្រុះ ព្រមទាំង​ដើមឈើ​ធំៗ​ដុះ​ក្នុង​ទឹក​ផងដែរ​។ ត្រី​កញ្ជនជ័យ ក៏​ស្ថិតនៅក្នុង​អម្បូរ​ជាមួយ ត្រី​ក្សាន​, ត្រី​រ៉ស់ ឬ​ត្រី​ផ្ទក់​, ត្រី​អំបូង និង ត្រី​ដៀប ឬ​ត្រី​ឆ្តោ​ដែរ វា​ស៊ី​ត្រី បង្កង ក្តាម និង​កំពឹស​ជា​អាហារ​។ 
 
​លក្ខណៈ​សម្គាល់​៖  
​ទ្រនុង​ព្រុយ​ខ្នង​ទន់ មាន​ចំនួន ៣៧-៤១ ទ្រនុង​។ ទ្រនុង​ព្រុយ​គូទ មាន​ចំនួន ២៥-៣០ ទ្រនុង​។ នៅ​ចន្លោះ​ភ្នែក និង​ស្រកី​មាន​ស្រកា​ចំនួន ១០-១៣ ស្រកី​។ ស្រកា​នៅលើ​ខ្សែ​ឆ្នូត​ចំហៀង​ខ្លួន​មាន​ចំនួន ៥៨-៦៥​។  ក្បាល និង​ខ្លួន មាន​ឆ្នូត​ធំ​ពីរ​ចេញពី​ក្តោងច្រមុះ រហូតដល់​ពាក់កណ្តាល​ព្រុយ​កន្ទុយ មួយ​នៅ​ផ្នែក​ខាងលើ​នៃ​ដងខ្លួន និង​មួយទៀត​នៅ​ផ្នែក​ខាងក្រោម​នៃ​ដងខ្លួន​ដោយ​បែកខ្នែង​ពី ៥-៩ ពេល​ពេញវ័យ​។ នៅ​ផ្នែក​ពោះ មាន​ឆ្នូត​បញ្ឆិត​។​
 
​បញ្ហា​ប្រឈម​ចំពោះ​ត្រី​ប្រភេទ​នេះ មានដូចជា​៖ ទន្លេ​ជាច្រើន​ដែល​ត្រី​ប្រភេទ​នេះ​រស់នៅ ត្រូវបាន​រង​ផលប៉ះពាល់​ដោយសារ​ការបំពុល​ពី កសិកម្ម ទីក្រុង និង​ឧស្សាហកម្ម ព្រមទាំង​ការ​រិច​រិល​ទីជម្រក​ដែល​កើតឡើង​ពី​ការអភិវឌ្ឍ​ទីក្រុង និង​កំណក​ភក់ល្បាប់​ផងដែរ​។ ផលប៉ះពាល់​ជាក់លាក់​ចំពោះ​ត្រី​កញ្ជនជ័យ មិនត្រូវ​បាន​គេ​ដឹង​ឡើយ​។ ដូច្នេះ យើង​ត្រូវការ​ព័ត៌មាន​បន្ថែម​ទៅ​អំពី​ផលប៉ះពាល់​លើ​វិស័យ​ជលផល និង​កំណកំណើត​របស់​វា​។​

© រក្សាសិទ្ធិដោយ thmeythmey.com