ជាតិ
សង្គមជាតិ
អាជ្ញាធរអំពាវនាវឲ្យពលរដ្ឋឈប់បង្ហោះគោម ក្រោយភ្លើងឆេះភ្នំ៣កន្លែងនៅក្រុងសិរីសោភ័ណ
× ភ្នំពេញ៖ កាលពីយប់ថ្ងៃទី៨ កុម្ភៈ អគ្គិភ័យបានឆាបឆេះភ្នំចំនួន ៣ គឺភ្នំជញ្ជាំង,ភ្នំបាក់ និងភ្នំកងវ៉ា ដែលស្ថិតនៅក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ អាជ្ញាធរសន្និដ្ឋានថា វាបង្កឡើងដោយការបង្ហោះគោមរបស់ពលរដ្ឋ ក្នុងថ្ងៃមាឃបូជា។
លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា ហេតុការណ៍ឆេះភ្នំទាំង៣ទីតាំងនេះ កើតឡើងមុនក្រោយគ្នាបន្តិចប៉ុណ្ណោះ នៅព្រលប់ថ្ងៃទី៨ កុម្ភៈ ដែលជាបុណ្យមាឃបូជា។ លោកបន្តថា អគ្គិភ័យបានរលត់ទៅវិញ ក្រោយមានអន្តរាគមន៍ទាន់ពេលវេលា និងមិនបណ្តាលឲ្យរាលដាល ដល់លំនៅឋានប្រជាពលរដ្ឋឡើយ។
រូបភាពពីហ្វេសប៊ុកលោក ហ៊ឹល រ៉ាយ៉ា
លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា៖ «តាមការសន្និដ្ឋាន គឺ៨០ភាគរយ នៃអគ្គិភ័យនេះ បង្កដោយការបង្ហោះគោម ព្រោះមុនកើតមានអគ្គិភ័យ មានគោមធ្លាក់នៅតំបន់នេះ។ ខ្ញុំគិតថា ខែនេះមិនគួរបង្ហោះគោមឡើយ ព្រោះស្លឹកឈើ និងស្មៅងាប់ ដែលងាយនឹងកើតគ្រោះអគ្គិភ័យបែបនេះ»។
នេះមិនមែនជាលើកទី១ទេ ដែលអគ្គិភ័យបង្កឡើងដោយសារការបង្ហោះគោម នៅស្រុកសិរីសោភ័ណ។ តាមលោកអភិបាលក្រុង កាលពីមុន គោមដែលពលរដ្ឋបង្ហោះ បានធ្លាក់ចំស្ថានីយប្រេងឥន្ធនៈមួយកន្លែង ប៉ុន្តែសំណាងល្អ ដែលវាមិនបង្កឲ្យមានគ្រោះអគ្គិភ័យ។
ដើម្បីបញ្ចៀសគ្រោះថ្នាក់ដែលបង្កឲ្យមានអគ្គិភ័យបែបនេះ លោក ហ៊ឹល រ៉ាយ៉ា បញ្ជាក់ថា ជំហានដំបូង អាជ្ញាធរនឹងចុះណែនាំនៅតាមវត្តអារាមដែលជាទីតាំងសំខាន់ ដើម្បីបញ្ឈប់ការបង្ហោះគោម។ បន្ទាប់អាជ្ញាធរ នឹងសុំគោលការណ៍ពីថ្នាក់លើដើម្បីចេញបំរាមបង្ហោះគោម នៅក្នុងក្រុងសិរីសោភ័ណ។ នេះបើតាមលោកអភិបាលក្រុង៕
Tag:
អគ្គិភ័យ
បន្ទាយមានជ័យ
បង្ហោះគោម
© រក្សាសិទ្ធិដោយ thmeythmey.com