ជាតិ
សង្គមជាតិ
ក្រុមហ៊ុន​អាមេរិក​ធំៗ កំពុង​សំឡឹង​ឱកាស​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា​
09, Feb 2020 , 6:59 pm        
រូបភាព
លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា កំពុងថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី ឱកាសធុរកិច្ចក្នុងវិស័យកសិកម្មនៅកម្ពុជា នៅសណ្ឋាគារ Rosewood កាលពីថ្ងៃទី៦កុម្ភៈ ឆ្នាំ២០១៩។
លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា កំពុងថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី ឱកាសធុរកិច្ចក្នុងវិស័យកសិកម្មនៅកម្ពុជា នៅសណ្ឋាគារ Rosewood កាលពីថ្ងៃទី៦កុម្ភៈ ឆ្នាំ២០១៩។
 ភ្នំពេញ​៖ សហរដ្ឋអាមេរិក​នៅតែ​រក្សា​ជំហរ និង​លទ្ធភាព​ក្នុងការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​។ នេះ​ជាការ​លើកឡើង​របស់ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា នា​សន្និសីទ​សារព័ត៌មាន ស្តីពី​ឱកាស​ធុរកិច្ច​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា កាលពី​ថ្ងៃទី​៦​កុម្ភៈ ឆ្នាំ​២០២០​កន្លងទៅ​។ ឯកអគ្គរដ្ឋទូត​អាមេរិក គូសបញ្ជាក់ ថា​វិស័យ​កសិកម្ម​កម្ពុជា​បច្ចុប្បន្ន ត្រូវការ​បច្ចេកទេស និង​ជំនាញ​ដាំ​ដុះ និង​កែច្នៃ​ផលិតផល​ដំណាំ​បន្ថែមទៀត សម្រាប់​សន្តិសុខ​ស្បៀង​ក្នុងប្រទេស និង​ការនាំចេញ​។

 
​បើតាម​លោក W. Patrick Murphy កន្លងមក អាមេរិក​បានផ្តល់​ជំនួយ​ដល់​វិស័យ​កសិកម្ម​កម្ពុជា​តាមរ​យៈ​គម្រោង​បរទេស ដែល​ជំនួយ​ទាំងនោះ​ផ្តោតទៅលើ​ផ្នែក​បច្ចេកវិទ្យា និង​អប់រំ ដើម្បី​ធានា​ឱ្យ​កសិកម្ម មាន​និរន្តរភាព​ក្នុង​ការផលិត​ស្បៀង​។ លោក W. Patrick Murphy បាន​អះអាងថា ការផ្តល់​នូវ​ការអប់រំ និង​បច្ចេកវិទ្យា​ជាដើម ដល់​កសិករ គឺ​ជួយ​បង្កើត​ទិន្នផល ជួយ​បង្កើត​ចំណូល​គ្រួសារ​កសិករ ហើយ ឈាន​ជួយ​ដល់​នាំ​ការចេញ​ផលិតផល​កសិកម្ម​ក្នុងស្រុក និង​ក្រៅ​ស្រុក ជាមួយនឹង​ការផ្តោត និង​ជំរុញ​ការអភិវឌ្ឍ​បន្តទៀត ពី​អាមេរិក​។​
 
​ជាក់ស្តែង ស្ថានទូត​អាមេរិក បាន​អញ្ជើញ​ក្រុមហ៊ុន​ធំៗ​របស់​អាមេរិក​ចំនួន​១៥ ទាំង​ក្នុង​វិស័យ​ពាណិជ្ជកម្ម និង​កសិកម្ម មក​ពិភាក្សា និង​ស្វែងរក​ដៃគូ​វិនិយោគ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​។  ក្រុមហ៊ុន​ទាំងនោះ មានដូចជា​ក្រុមហ៊ុន Amazone, ក្រុមហ៊ុន John Deer, IBM និង​ក្រុមហ៊ុន​វិស្វកម្ម Sripipat​ជាដើម​។ ក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី​ឱកាស​ធុរកិច្ច​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា កាលពី​ថ្ងៃទី​៦​កុម្ភៈ ឆ្នាំ​២០២០ លោក W. Patrick Murphy បាន​និយាយថា​៖«​ប្រសិនបើ​មានការ​វិនិយោគ​របស់​ក្រុមហ៊ុន​ទាំងនោះ​ក្នុង​វិស័យ​កសិកម្ម គឺជា​ការជោគជ័យ​រប​ស់​កម្ពុជា ក្នុង​វិស័យ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​»​។ 
 
​ទន្ទឹមនឹងនេះ​ឯកអគ្គរដ្ឋទូត​អាមេរិក​ក៏​គូស​បញ្ជាក់ដែរថា ដើម្បី​ទាក់ទាញ​ក្រុមហ៊ុន​ធំៗ​ទាំងនេះ​បាន កម្ពុជា​ក៏ត្រូវ​ធានា​ឲ្យ​នីតិរដ្ឋ តម្លាភាព និង​ការគោរព​សិទ្ធិមនុស្ស​ផងដែរ​។ លោក W. Patrick បន្ថែមថា កសិកម្ម​កម្ពុជា ក៏មាន​សារៈសំខាន់​សម្រាប់​អាមេរិក ផងដែរ​។ 
 
​បើតាម​របាយការណ៍​ស្តីពី​វិស័យ​កសិកម្ម​នៅ​កម្ពុជា ទំហំ​ពាណិជ្ជកម្ម​ផែ្ន​កសិកម្ម រវាង​អាមេរិក​និង​កម្ពុជា​ក្នុង​មួយឆ្នាំៗ មានតម្លៃ​ជាង​២២០​លាន​ដុល្លារ​។ ក្នុង​ឆ្នាំ​២០១៨ កម្ពុជា​នាំចេញ​ផលិតផល​កសិកម្ម​ទៅ​អាមេរិក មានតម្លៃ​១៥៧​លាន​ដុល្លារ ភាគច្រើន​គឺជា​ផ្លែឈើ ចំណី​សត្វ​ក្នុងផ្ទះ និង​អង្ករ​។ ចំណែក​ផលិតផល​កសិកម្ម ដែល​អាមេរិក​នាំចូល​មកវិញ  មានតម្លៃ ៦២​លាន​ដុល្លារ ក្នុងនោះ​មាន​ចំណី​ធ្វើជា​សណ្តែកសៀង ១៣​លាន​ដុល្លារ​, ធញ្ញជាតិ​សម្រាប់ធ្វើ​ស្រា​បៀ មានតម្លៃ​១២​លាន​ដុល្លារ  និង​ចំណី​ធ្វើ​ស្រាប់​មានតម្លៃ​៦​លាន​ដុល្លារ​។ 
 
​ដោយឡែក ជំនួយ​ថវិកា និង​បច្ចេកទេស​ក្នុង​វិស័យ​កម្ពុជា ដែល​អាមេរិក​ផ្តល់ឱ្យ​កម្ពុជា ក្នុង​រយៈពេល​៧០​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ មាន​ទំហំ​ទឹកប្រាក់​ជិត ២,០០០ លាន​ដុល្លារ​អាមេរិក តាមរយៈ​គម្រោង​នានា​៕​

Tag:
 វិនិយោគ​
  លោក W. Patrick Murphy
© រក្សាសិទ្ធិដោយ thmeythmey.com