អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កូ​រ៉ូ​ណាវី​រុស​៖ ព្រោះ​គ្មាន​លទ្ធភាព ទី​ម័​រ​ខាងកើត​ស្នើ​ឲ្យ​ឥណ្ឌូណេស៊ី​ជួយ​គាំពារ​ពលរដ្ឋ​ខ្លួន​ដែល​មកពី​ចិន​ជំនួស​ខ្លួន
09, Feb 2020 , 7:39 pm        
រូបភាព
រដ្ឋមន្ត្រីផែនការ និងវិនិយោគទីម័រខាងកើត លោក Xanana Gusmao និយាយទៅកាន់អ្នកសារព័ត៌មាន (
រដ្ឋមន្ត្រីផែនការ និងវិនិយោគទីម័រខាងកើត លោក Xanana Gusmao និយាយទៅកាន់អ្នកសារព័ត៌មាន (
ដោយ:
​រដ្ឋាភិបាល​ទី​ម័​រ​ខាងកើត បានស្នើ​ត្រង់ៗ​ទៅ​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ឲ្យ​ជួយ​ទទួលយក​ពលរដ្ឋ​រប​ស់​ខ្លួន​ពី​ចិន និង​គាំពារ​ពួកគេ​ឲ្យ​បាន​សមរម្យ ខណៈ​កូ​រ៉ូ​ណាវី​រុស កំពុងតែ​រាតត្បាត​ខ្លាំង​ទាំង​ក្នុងប្រទេស​ចិន និង​ប្រទេស​ក្នុង​តំបន់​។ ការណ៍​ដែល​រដ្ឋាភិបាល​ទី​ម័​រ​ខាងកើត ស្នើ​បែបនេះ ដោយសារតែ​ប្រទេស​ក្មេងខ្ចី​ជាងគេ​ក្នុង​តំបន់​មួយ​នេះ ពុំមាន​លទ្ធភាព​គ្រប់គ្រាន់​សម្រាប់​ទប់ស្កាត់​នឹង​កូ​រ៉ូ​ណា​វីរុស​ឡើយ​។​

 
​រដ្ឋមន្ត្រី​ផែនការ និង​វិនិយោគ​ទី​ម័​រ​ខាងកើត លោក Xanana Gusmao បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​លោក បានស្នើ​ជំនួយ​ពី​ឥណ្ឌូណេស៊ី​ដើម្បី​ជួយ​គាំពារ និង​ផ្តល់​ទីលំនៅ​ស្នាក់នៅ​បណ្តោះអាសន្ន​នៅ​កោះ​បាលី​ដល់​ពលរដ្ឋ​របស់ខ្លួន​១៧​នាក់ ដែល​នឹងត្រូវ​បញ្ជូនមក​ចិន​នាពេលខាងមុខ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន ឥណ្ឌូណេស៊ី Jakarta Post នៅ​ថ្ងៃ​៥ កុម្ភៈ​កន្លងទៅ​។​
 
​តាម​ប្រភពព័ត៌មាន​ដដែល លោក​រដ្ឋមន្ត្រី និង​ជា​បិតា​ឯករាជ្យ​ទី​ម័​រ​ខាងកើត​រូបនេះ បានលើកឡើង​ត្រង់ៗ​យ៉ាង​ដូច្នេះ​ថា​៖ យើង​គ្មាន​សម្ភារ​គ្រប់គ្រាន់​នោះទេ​។ យើង​គ្មានអ្វី​ទាំងអស់ ដែល​នេះហើយ​ធ្វើ​ឲ្យ​យើង​ត្រូវតែ​ស្នើ​ជំនួយ​ពី​ប្រទេស​ដទៃ​។ លោក ជឿជាក់ថា ឥណ្ឌូណេស៊ី មាន​គ្រឿង​បរិក្ខារ​សមស្រប​ដើម្បី​ទប់ស្កាត់​ជាមួយនឹង​កូ​រ៉ូ​ណាវី​រុស​។ 
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ឥណ្ឌូណេស៊ី ជាពិសេស​រដ្ឋបាល​កោះ​បាលី បានដឹង​មុន​រួចស្រេច​ពី​ផែនការ​ស្នើ​របស់​ទី​ម័​រ​ខាងកើត​ដើម្បី​សុំ​ការអនុញ្ញាត​ផ្តល់​ទីលំនៅ​សម្រាប់​ពលរដ្ឋ​ខ្លួន​មកពី​ចិន ហើយ​កោះ​បាលី​ក៏បាន​បដិសេធ ទុកជាមុន​រួច​ផងដែរ​។ តែ​យ៉ាងណាក៏ដោយ តាម​ការអះអាង​របស់​លោក​អភិបាលខេត្ត Nusa Tenggara របស់​ឥណ្ឌូណេស៊ី រូបលោក នឹង​ទទួលយក​ពលរដ្ឋ​ទាំងនោះ ប្រសិនបើ​មានការ​បញ្ជា និង​ឯកភាព​ពី​លោក​ប្រ​ធានា​ធីប​តី Joko Widodo​។ 
 
​ជុំវិញ​បញ្ហា​នេះ មិនទាន់មាន​ការអះអាង​ចុងក្រោយ​នៅឡើយ​នោះទេ ថា​តើ​ពលរដ្ឋ​ទី​ម័​រ​ខាងកើត អាច​ទទួលបាន​ការយ​ល់​ព្រម​ក្នុងការ​ស្នាក់អាស្រ័យ​បណ្តោះអាសន្ន​នៅ​ឥណ្ឌូណេស៊ី​ឬ​យ៉ាងណា ខណៈដែល​ប្រទេស​របស់ខ្លួន ពុំមាន​លទ្ធភាព​គ្រប់គ្រាន់​ដើម្បី​ទទួល​ពួកគេ​ពី​ចិន ក៏ដូចជា​ពិនិត្យ និង​គាំពារ​ពួកគេ​ពី​លទ្ធភាព​នៃ​ការឆ្លង​វីរុស​កូ​រ៉ូ​ណា​នោះ​។ 
 
​សូមជម្រាបថា ទី​ម័​រ​ខាងកើត គឺជា​រដ្ឋ​ក្មេងខ្ចី​បំផុត និង​ក្រីក្រ​បំផុត​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ផងដែរ​។ រដ្ឋ​នេះ នៅមាន​ភាព​ខ្សត់ខ្សោយ​ច្រើន​រាប់បញ្ចូល​ទាំង​វិស័យសេដ្ឋកិច្ច សន្តិសុខ និង​សេវា​សង្គម​ជាដើម​៕ 
 
 

Tag:
 ទី​ម័​រ​ខាងកើត​
  ចិន​
  ឥណ្ឌូណេស៊ី​
  កូ​រ៉ូ​ណា​
© រក្សាសិទ្ធិដោយ thmeythmey.com