កីឡាជាតិ
ជាតិ
វិសាខា​គាំទ្រ​ចំណាត់ការ​របស់​បឹងកេត និង​ស្នើ​សហព័ន្ធ​ធ្វើតេស្ត​ទឹកនោម​កីឡាករ​រក​សារធាតុ​ញៀន​
09, Feb 2020 , 3:42 pm        
រូបភាព
ដោយ:
 
​ក្លិប​កីឡាបាល់ទាត់​វិសាខា គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​ក្លិប​បឹងកេត​ដែល​បានបញ្ចប់​កិច្ចសន្យា​កីឡាករ ម៉ាត់ យ៉ា​មីន ដែល​បាន​ប្រព្រឹត្ត​ប្រាសចាក​ក្រមសីលធម៌​កីឡាករ​អាជីព​។ ជាមួយគ្នានេះ ក្លិប​ជើងឯក​រង​ពានរង្វាន់​លី​គ​កំពូល​ឆ្នាំ​២០១៩​មួយ​នេះ ស្នើ​ឲ្យ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ធ្វើតេស្ត​ទឹកនោម​កីឡាករ​ទាំងអស់ ដែល​លេង​ក្នុង​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​។


​ក្លិប​បាល់ទាត់​បឹងកេត​នៅ​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ បាន​សរសេរ​សារ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន ដោយ​សម្រេច​បញ្ចប់​កិច្ចសន្យា​ជាមួយ​កីឡាករ ម៉ាត់ យ៉ា​មីន ក្រោម​ហេតុផល​បាន​ប្រព្រឹត្ត​ប្រាសចាក​ពី​ក្រមសីលធម៌​កីឡាករ​អាជីព​។ តែ​យ៉ាងណា​ក្លិប​នេះ​មិនបាន​បញ្ជាក់​ពី​មូលហេតុ​លម្អិត​របស់​កីឡាករ ម៉ាត់ យ៉ា​មីន ដែល​បាន​ប្រព្រឹត្ត​ខុស​នោះទេ​។   
 
​ភ្លាមៗ​នោះ​ក្លិប​បាល់ទាត់​វិសាខា​បានប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ចំណាត់​របស់​ក្លិប​បាល់ទាត់​បឹងកេត​។ «​ក្លិប​កីឡាបាល់ទាត់ វិសាខា ក្នុងនាម​គ្រួសារ​បាល់ទាត់​ជាតិ​កម្ពុជា សូម​ប្រកាស​គាំទ្រ​ពេញទំហឹង នូវ​ចំណាត់ការ​របស់​ក្លិប​បាល់ទាត់​បឹងកេត​អែ​ហ្វ​ស៊ី ចំពោះ​កីឡាករ​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​»​។ នេះ​ជាការ​បង្ហាញ​ជំហរ​របស់​ក្លិប​វិសាខា ដែល​បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន​។​
 
​បន្ថែម​លើ​នេះ ក្លិប​វិសាខា ស្នើ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ក៏ដូចជា​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា ឲ្យ​មានការ​ធ្វើតេស្ត​ទឹកនោម​រកសារ​ធាតុ​ញៀន​ដល់​កីឡាករ​ទាំងអស់​ដែល​លេង​នៅក្នុង​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​។ វិសាខា​អះអាងថា ការស្នើ​បែបនេះ​របស់ខ្លួន គឺ​បញ្ជាក់​ពី​ភាព​ស្អាតស្អំ និង​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា​។
  
«​សូម​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា និង​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា រៀបចំ​ការធ្វើ​តេស្ដ​ទឹកនោម​កីឡាករ​ទាំងអស់ ក្នុងន័យ​ធ្វើ​ឲ្យ​មាន​ភាព​ស្អាតស្អំ​ក្នុង​វិស័យ​កីឡាបាល់ទាត់​ជាតិ និង​ជំរុញ​ការអភិវឌ្ឍន៍​វិស័យ​កីឡា​នេះ ឆ្ពោះទៅរក​វឌ្ឍនភាព​រីកចម្រើន​ប​ន្ថែ​ម​ទៀត​»​។ នេះ​ជាការ​ស្នើ​យ៉ាងទទូច​របស់​ក្លិប​បាល់ទាត់​វិសាខា​។ 
 
«​វា​ជាការ​សម្រេចចិត្ត​យ៉ាង​លំបាក តែ​យើង​ត្រូវតែ​ធ្វើ ដើម្បី​ជា​គំរូ កុំ​ឲ្យ​កើតមាន​លើ​កីឡាករ​ផ្សេងៗ​ទៀត​»​។ នេះ​ជាការ​លើកឡើង​របស់​ក្លិប​បឹងកេត​៕

Tag:
 បាល់ទាត់​
  ម៉ាត់ យ៉ា​មីន
© រក្សាសិទ្ធិដោយ thmeythmey.com