អន្តរជាតិ
នយោបាយអន្តរជាតិ
តុលាការព្រហ្មទណ្ឌអន្តរជាតិ៖ ទោះមីយ៉ាន់ម៉ា សហការឬមិនសហការ តុលាការ នៅតែរកយុត្តិធម៌ជូនជនរងគ្រោះ
×
តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) កំពុងតែបន្តនីតិវិធីដើម្បីប្រមូលភស្តុតាងសម្រាប់ដាក់បន្ទុក និងកាត់ទោសអ្នកនៅពីក្រោយនៃវិបត្តិជនភៀសខ្លួនរ៉ូហ៊ីងយ៉ារបស់មីយ៉ាន់ម៉ា។ ក្រុមមន្ត្រីរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ បានទទួលស្គាល់ថា បេសកកម្មស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះលើករណីនេះមានបញ្ហាប្រឈម និងភាពលំបាកច្រើន ក៏ប៉ុន្តែតុលាការ នៅតែមានជំនឿជាក់លើបទពិសោធន៍ខ្លួនក្នុងការស្វែងរកយុត្តិធម៌។
លោក Phakiso Mochochoko នាយកផ្នែកយុត្តាធិការរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ នៅថ្ងៃ៥ កុម្ភៈកន្លងទៅ បានឲ្យដឹងថា ក្រុមអ្នកស៊ើបអង្កេតរបស់តុលាការ បានបំពេញទស្សនកិច្ចទៅកាន់ជំរំជនជាតិភាគតិចម៉ូស្លីមរ៉ូហ៊ីងយ៉ានៅបង់ក្លាដែស ដើម្បីប្រមូលភស្តុតាងពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ លោក អះអាងថា យុត្តិធម៌នឹងត្រូវផ្តល់ជូនជនរងគ្រោះ ទោះបីជាមីយ៉ាន់ម៉ា ព្រមសហការ ឬមិនសហការក៏ដោយ។
តាមការចុះផ្សាយរបស់សារព័ត៌មាន Myanmar Times លោក Mochochoko បានគូសបញ្ជាក់ថា ក្រុមស៊ើបអង្កេត នឹងធ្វើការដោយប្រុងប្រយ័ត្នបំផុតក្នុងការកំណត់ថាតើនរណាជាអ្នករៀបចំផែនការ ជួយសម្រួល និងប្រព្រឹត្តបទល្មើសលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។ លោក បង្ហើបថា អ្នកដែលទទួលខុសត្រូវលើរឿងនេះ អាចជាប្រមុខរដ្ឋ ឬមនុស្សកំពូលនៅមីយ៉ាន់ម៉ាផង។
ជុំវិញបេសកកម្មស្វែងរកយុត្តិធម៌នេះដែរ មន្ត្រីជាន់ខ្ពស់តុលាការរូបនេះ បានទទួលស្គាល់ពីបញ្ហាប្រឈម ដោយសារតែភាគីមីយ៉ាន់ម៉ាមិនព្រមសហការជាមួយ ក៏ប៉ុន្តែលោក អះអាងថា ឆ្លងកាត់បទពិសោធន៍កន្លងមកនៅបណ្តាប្រទេសពីមុន ទោះរដ្ឋប្រព្រឹត្តបទល្មើសមិនព្រមអនុញ្ញាត តុលាការនៅតែអាចដំណើរការ និងកាត់ទោសជនល្មើសបាន។
ជាមួយគ្នានេះ តុលាការព្រហ្មទណ្ឌអន្តរជាតិ ក៏បានប្រាប់ដល់ភាគីបង់ក្លាដែស ដោយមិនចាំបាច់ព្រួយបារម្ភខ្លាចក្រែងចំណាត់ការនេះ ធ្វើឲ្យប៉ះពាល់ ឬរាំងស្ទះដំណើរការបញ្ជូនជនភៀសខ្លួនទាំងជាង ៧០ម៉ឺននាក់នោះទៅមីយ៉ាន់ម៉ានោះទេ។ លោក អះអាងថា តុលាការព្រហ្មទណ្ឌអន្តរជាតិ កំពុងតែធ្វើការជាមួយនឹងតុលាការយុត្តិធម៌អន្តរជាតិ របស់អង្គការសហប្រជាជាតិយ៉ាងជិតស្និទ្ធលើសំណុំរឿងនេះ។
គួរជម្រាបថា មីយ៉ាន់ម៉ា មិនមែនជាភាគីរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិឡើយ ហើយតាមច្បាប់ស្តីពីលក្ខន្តិកៈតុលាការព្រហ្មទណ្ឌអន្តរជាតិ តុលាការ គ្មានយុត្តាធិការធ្វើការស៊ើបសង្កេតលើបទល្មើសដែលកើតឡើងក្នុងរដ្ឋ ដែលមិនមែនជាភាគីឡើយ។ ក៏ប៉ុន្តែដោយសារវិបត្តិជនភៀសខ្លួនរ៉ូហ៊ីងយ៉ា មានជាប់ពាក់ព័ន្ធការឆ្លងដែនមកកាន់បង់ក្លាដែស ដែលជាភាគីរបស់តុលាការ ទើបតុលាការ អាចដំណើរការរឿងក្តីនេះមកដល់បច្ចុប្បន្ន៕
Tag:
មីយ៉ាន់ម៉ា
បង់ក្លាដែស
ICC
© រក្សាសិទ្ធិដោយ thmeythmey.com