កីឡាជាតិ
ជាតិ
អត្ត​ព​លិ​កជាង​២០០​នាក់ ចូលរួម​ជិះ​កង់​ពង្រឹង​សាមគ្គីភាព ក្នុង​ព្រឹត្តិការណ៍​ថ្មើរជើង​ប្រវត្តិសាស្ត្រ​
09, Feb 2020 , 4:59 pm        
រូបភាព
រូបភាពទាំងអស់ពីហ្វេសប៊ុក Cambodia SEA Games 2023
រូបភាពទាំងអស់ពីហ្វេសប៊ុក Cambodia SEA Games 2023
ដោយ:
 ​ឧ​ត្ត​រ​មានជ័យ​៖ អត្ត​ព​លិ​ក​ជា​ថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ សិស្សានុសិស្ស​មកពី​កម្ពុជា និង​ថៃ​ជាង​២០០​នាក់ បាន​ចូលរួម​ប្រណាំង​កង់ ក្នុង​ព្រឹត្តិការណ៍​ថ្មើរជើង​ប្រវត្តិសាស្ត្រ នៅ​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ នៅ​ព្រឹក​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ​។ ការប្រណាំង​កង់​នេះ ធ្វើឡើង​ដើម្បី​បង្កើន និង​រឹតចំណង​សាមគ្គីភាព មិត្តភាព រវាង​ប្រជាជន​កម្ពុជា​-​ថៃ ឲ្យ​កាន់តែ​ល្អប្រសើរ ក៏ដូចជា​ផ្សព្វផ្សាយ​ពី​តំបន់​ទេសចរណ៍ និង​ទាក់ទាញ​ភ្ញៀវទេសចរ ឲ្យ​មក​កម្សាន្ត​នៅ​ស្រុក​អន្លង់វែង​ផងដែរ​។​

 
​នៅ​ម៉ោង​ប្រមាណ​៧​ព្រឹក​អ្នកជិះ​កង់​ជាតិ និង​អន្តរជាតិ​ជាង​២០០​នាក់ បានមក​ជួបជុំគ្នា​នៅ​មាត់បឹង​តា​ម៉ុក​ភាគ​ខាងកើត (​នៅមុខ​ផ្ទះ​លោក គន់ គីម​) ដើម្បី​ត្រៀមខ្លួន​ប្រកួតប្រជែង​ការប្រណាំង​កង់ ក្នុង​ព្រឹត្តិការណ៍​ថ្មើរជើង​ប្រវត្តិសាស្ត្រ ថ្ងៃ​ចុងក្រោយ នៅ​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ អត្ត​ព​លិ​ក​ដែលជា​ថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស រស់នៅ​ក្នុងស្រុក​អន្លង់វែង និង​មកពី​ប្រ​ទស​ថៃ ត្រូវ​ប្រកួតប្រជែង​គ្នា លើ​ចម្ងាយ​ផ្លូវ​១០​គីឡូម៉ែត្រ​។ 
 
 
​ការប្រណាំង​កង់​នេះ មិនមាន​ការចាត់​ចំណាត់ថ្នាក់​នោះទេ​។ បើតាម​លោក វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​អគ្គលេខាធិការ NOCC ដែលជា​កីឡាករ​មួយរូប​ផង​នោះ ការប្រណាំង​កង់​នេះ គឺ​ដើម្បី​បង្កើន និង​រឹតចំណង​សាមគ្គីភាព មិត្តភាព រវាង​ប្រជាពលរដ្ឋ រស់នៅ​ក្នុងស្រុក​អន្លង់វែង និង​ប្រជាពលរដ្ឋ​ថៃ ដែលមាន​ព្រំប្រទល់​ជាប់​ខេត្ត​មានជ័យ ឲ្យ​កាន់តែ​ល្អប្រសើរ​។ 
 


 
​បន្ថែម​លើ​នេះ គឺ​ដើម្បី​ផ្សព្វផ្សាយ​ពី​តំបន់​ទេសចរណ៍ និង​ទាក់ទាញ​ភ្ញៀវទេសចរ ឲ្យ​មក​កម្សាន្ត​នៅ​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ ក្នុងស្រុក​អន្លង់វែង ដែលជា​ទីតាំង​ចុងក្រោយ​នៃ​របប​ខ្មែរក្រហម​។ ការអបអរ​ខួប​៤១​ឆ្នាំ នៃ​ការបញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា និង​ខួប​២២​ឆ្នាំ នៃ​ការទទួលបាន​សន្តិភាព​ពេញលេញ ក៏​ជា​គោលបំណង​នៃ​ព្រឹត្តិការណ៍​នេះ​ផងដែរ​។ 
 
​ក្រៅពី​សកម្មភាព​កីឡា ព្រឹត្តិការណ៍​«​ថ្មើរជើង​ប្រវត្តិសាស្ត្រ​»​ដែល​ធ្វើឡើង​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃទី​៧-៩ កុម្ភៈ ឆ្នាំ​២០២០ ក៏មាន​ការប្រគំ​តន្ត្រី និង​តាំង​ស្តង់​ពិព័រណ៍​ផលិតផល​អន្តរជាតិ​ផងដែរ​៕  
 




Tag:
 ប្រណាំង​កង់​
  ថ្មើរជើង​ប្រវត្តិសាស្ត្រ​
  វ៉ា​ត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com