សុខភាព
អន្តរជាតិ
កូ​រ៉ូ​ណាវី​រុស​៖ អ្នកស្លាប់​ដល់​ឡើង​៩១០​នាក់ ដែល​លើស​ការស្លាប់​ដោយ SARS និង MERS
10, Feb 2020 , 7:33 am        
រូបភាព
ដោយ: រួបរួម
​អ្នកស្លាប់​ដោយសារ​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (2019-nCoV) ឡើងដល់​នាក់​៩១០នាក់​ហើយ ពោលគឺ​កើន​លើស​ចំនួន​អ្នកស្លាប់​ដោយសារ​ជំងឺ​ផ្លូវដង្ហើម​ស្រួចស្រាល់ (SARS-CoV) និង​ជំងឺ​ផ្លូវដង្ហើម​មជ្ឈិមបូព៌ា (MERS-Cov)​។ រាលដាល​ចេញពី​ភាគខាងត្បូង​ចិន ចន្លោះ​ពី​ខែវិច្ឆិកា ២០០២ ដល់​ខែកក្កដា ២០០៣ ជំងឺ SARS បានសម្លាប់​មនុស្ស​៧៧៤​នាក់ ក្នុងចំណោម​អ្នកជំងឺ​៨០៩៦​នាក់ រីឯ MERS បានសម្លាប់​មនុស្ស​៨៥៨​នាក់​ក្នុងចំណោម​អ្នកជំងឺ​២៤៩៤​នាក់ កាលពី​ឆ្នាំ​២០១២​។​


 
ទិន្នន័យ​របស់​គណៈកម្មាធិកា​រ​សុខាភិបាល​ជាតិចិន ដោយ​គិត​ត្រឹម​ម៉ោង ៧ និង​៣០ នាទី ព្រឹក​ថ្ងៃ​ចន្ទ ទី​១០ ខែកុម្ភៈ នេះ បង្ហាញថា អ្នកស្លាប់​ដោយសារ​កូ​រ៉ូ​ណា​វីរុស​កើន​ដល់​៩១០​នាក់ ខណៈ​តួលេខ​កាលពី​ម្សិលមិញ គឺ​៨១៣​នាក់​។ អ្នកស្លាប់​ស្ទើរតែ​ទាំងអស់​ស្ថិតក្នុង​ប្រទេស​ចិន ជាពិសេស​ក្រុង​វូ​ហាន ទីតាំង​ដែល​ផ្ទុះ​ជំងឺ​ដំបូង ក្រៅពីនោះ មាន​១​ករណី​នៅ​ហ្វីលីពីន និង​១​ករណី​ទៀត​នៅ​ហុងកុង​ដែលជា​តំបន់​រដ្ឋបាល​ពិសេស​។​

​អ្នកស្លាប់​បន្ថែមចំនួន​៩១​នាក់​ដែល​ស្ថិតក្នុង​ខេត្ត Hubei ។ គិតត្រឹមម៉ោង៧ និង៣០នាទី ព្រឹក គណៈកម្មាធិការសុខាភិបាលជាតិចិន បាន​បន្ថែមចំនួនអ្នក​ស្លាប់៦​នាក់​ទៀត ​ដែលធ្វើឲ្យ​ចំនួនកើនពី៩០៤ ដល់៩១០នាក់។ អ្នកដែលបានស្លាប់បន្ថែមនោះ មាន២នាក់នៅខេត្ត Anhui និង៤នាក់ទៀតនៅខេត្ត Heilongjiang, Jiangxi, Hainan និង Gansu។

​ទិន្នន័យ Tracking Coronavirus របស់ BNO News ក៏បាន​បង្ហាញ​ផងដែរ​ថា អ្នកជំងឺ​ឡើងដល់​ជាង​៤០ ០០០​នាក់ ដោយ​ក្នុងនោះ ខេត្ត Hubei តែមួយ កើន​ជាង​២៥០០​ករណី​ក្នុង​១​ថ្ងៃ​។ ជាមួយគ្នានេះ អ្នកជំងឺ​ជាង​៣០០០​នាក់ បានជា​សះស្បើយ ហើយ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ រីឯ​ជាង​៦៣០០​នាក់​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។​

​ក្រៅពី​ចិន និង​រដ្ឋបាល​ពិសេស​ហុងកុង ម៉ា​កាវ និង​តៃវ៉ាន់ ប្រទេស​២៤​ផ្សេងទៀត​ដែលមាន​អ្នកជំងឺ​កូ​រ៉ូ​ណាវី​រុស​រួមមាន ជប៉ុន (​បញ្ចូល​ទាំង​អ្នកជំងឺ​នៅលើ​នាវា​ទេសចរណ៍ Diamond Princess) សិង្ហ​បុរី ថៃ កូរ៉េខាងត្បូង អូស្ត្រាលី ម៉ាឡេស៊ី បារាំង សហរដ្ឋអាមេរិក អាល្លឺម៉ង់ វៀតណាម អេ​មី​រ៉ា​ត​អារ៉ាប់​រួម កាណាដា អ៊ីតាលី រុស្ស៊ី ចក្រភព​អង់គ្លេស កម្ពុជា ហ្វាំ​ង​ឡង់ ឥណ្ឌា ណេ​ប៉ាល់ ហ្វីលីពីន ស្រីលង្កា ស៊ុយអែត អេ​ស្ប៉ា​ញ និង​បែលហ្ស៊ិក​៕



Tag:
 កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com