អន្តរជាតិ
បាញ់រះ​នៅ​ថៃ​៖ ធនាគារ​មួយ លុប​បំណុល​ប៉ូលិស​ដែល​ស្លាប់ និង​បន្ទាប​អត្រា​ការប្រាក់​ជនរងគ្រោះ​
10, Feb 2020 , 10:48 am        
រូបភាព
រូបភាព AFP
រូបភាព AFP
​ធនាគារ​សន្សំ​ប្រាក់ ដែលជា​ធនាគារ​រដ្ឋរ​បស់​ថៃ នៅ​ថ្ងៃទី​១០ ខែកុម្ភៈ បានប្រកាស​ផ្ដល់ជំនួយ​ហិរញ្ញវត្ ថុ​ដល់​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​បាញ់រះ​នៅ​ខេត្ត​នគររាជ​សីមា​។ មនុស្ស​ចំនួន​៣០​នាក់ បាន​បាត់បង់​ជីវិត ​ខណៈ​ជិត​៦០​នាក់​ទៀត​របួស ​ក្នុងការ​បាញ់រះ​ដែល​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ​អូ​ចា អះអាងថាជា​រឿង​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​ថៃ​។

 
​ជាការ​រួមចំណែក​ដល់​ជនរងគ្រោះ ​ក្នុង​ហេតុការណ៍​បាញ់រះ​នៅ​នគររាជ​សីមា ធនាគារ​រដ្ឋ​ថៃ​ឈ្មោះថា ធនាគារ​សន្សំ​ប្រាក់ បានប្រកាស​លុបចោល​ក​ម្ចី និង​កាត់បន្ថយ​អត្រា​បង់ប្រាក់​សម្រាប់​ជនរងគ្រោះ​ទាំងអស់​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន​ថៃ The Nation ។​
 
​ធនាគារ​នេះ​ប្រកាសថា បំណុល​របស់​ប៉ូលិស និង​យោធា​ដែល​ស្លាប់​ក្នុង​ហេតុការណ៍​នេះ នឹងត្រូវ​លុបចោល ហើយ​គ្រួសារ​របស់​ពួកគេ នឹង​ទទួលបាន​បាន​លុយ​ចំនួន​១០​ម៉ឺន​បាត​ថែមទៀត​។ ចំណែក​ជន​ស៊ីវិល​ដែល​បាន​បាត់បង់​ជីវិត និង​ជា​កូនបំណុល​របស់​ធនាគា​រវិ​ញ ធនាគារ​នឹង​បន្ទាប​អត្រា​ការប្រាក់​មក​ត្រឹម​០,០០១​ភាគរយ ​សម្រាប់​រយៈពេល​បង់ថ្លៃ​ដែល​នៅសល់​។ ឯ​ជនរងគ្រោះ​ធ្ងន់ធ្ងរ​វិញ​ដែលជា​កូនបំណុល​ធនាគារ នឹង​ទទួលបាន​ការបញ្ចុះ​អត្រា​ការប្រាក់​ត្រឹម​០,០០១​ភាគរយ​ សម្រាប់​រយៈពេល​៥​ឆ្នាំ​។​
 
​តាម​តួលេខ​ចុងក្រោយ មនុស្ស​៣០​នាក់ បាន​ស្លាប់​ក្នុង​ហេតុការណ៍​នៅ​ផ្សារ​ទំនើប​ក្នុង​ខេត្ត​នគររាជ​សីមា រួមបញ្ចូល​ទាំង​ខ្មាន់កាំភ្លើង និង​មន្ត្រី​សន្តិសុខ​ផង​។ ហេតុការណ៍​នៃ​ការបាញ់ប្រហារ​នេះ ​កើតឡើង​នៅ​រសៀល​ថ្ងៃ​សៅរ៍​ទី ៨​ខែកុម្ភៈ ដោយ​ជន​ជា​ខ្មាន់កាំភ្លើង​ជា​ទាហាន មាន​ឈ្មោះថា Jakraphanth Thomma វ័យ ៣២​ឆ្នាំ បាន​បាញ់សម្លាប់​មេបញ្ជាការ​ខ្លួន មុន​បន្ត​លួច​អាវុធ​ពី​បន្ទាយ ​ដើម្បី​ទៅធ្វើ​សកម្មភាព​បាញ់ប្រហារ ​នៅក្នុង​ទីតាំង​ផ្សារ​ទំនើប​ខាងលើនេះ​។ 
 
​ការហ៊ុមព័ទ្ធ​ទីតាំង​កើតហេតុ​ បន្ត​រហូតដល់​ព្រឹក​ថ្ងៃអាទិត្យ ទី​៩ ខែកុម្ភៈ ដោយសារ​មាន​មនុស្ស​ជាច្រើន​បាន​ជាប់​ក្នុង​ផ្សារ ខណៈ​ខ្មាន់កាំភ្លើង​នៅ​បន្តសកម្មភាព​ខ្លួន​។ ក្រោយ​ហ៊ុមព័ទ្ធ​ទី​តាំង​ផ្សារ​ទំនើប​នេះ អស់​ប្រហែល ១២​ម៉ោង កងកម្លាំង​សន្តិសុខ​ បានបញ្ចប់​ប្រតិបត្តិការ​របស់ខ្លួន​ ដោយបាន​បាញ់សម្លាប់​ជន​ជា​ខ្មាន់កាំភ្លើង​នេះ​។​
 
​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ដែលមាន​អ្នករាយការណ៍​ព័ត៌មាន​ខ្លួន​នៅ​កន្លែងកើតហេតុ​នោះ ពេលធ្វើ​សកម្មភាព Jakraphanth បាន​បន្ត​បង្ហោះ​រូបភាព​របស់ខ្លួន​ភ្ជាប់​ជាមួយ​សំណេរ​ជាច្រើន​បន្ត​គ្នា ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផងដែរ​។ រូបភាព​ត្រូវបាន​គេ​បន្ត​ចែកចាយ ប៉ុន្តែ​ក្រោយមក​រូបភាព រួមជាមួយ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ជនបង្ក​ត្រូវបាន​លុបចោល​ដោយ​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​៕

Tag:
 ថៃ​
  បាញ់រះ
© រក្សាសិទ្ធិដោយ thmeythmey.com