ជាតិ
អ្នកនាំពាក្យ៖ ក្រោយចេញពីមន្ទីរពេទ្យ បុរសចិន ដែលទើបជាពីមេរោគកូរ៉ូណា នឹងទៅចិនវិញ នៅថ្ងៃ១១កុម្ភៈ លោក ចា ជិនហួ ឈរនៅមុខបន្ទប់ព្យាបាលក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ (រូបពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង)
× អ្នកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល អះអាងថា អ្នកស្រី និងមន្ត្រីផ្សេងទៀត កំពុងរៀបចំឲ្យលោក ចា ជិនហួ (Jia Jian hua) ជនជាតិចិន អាយុ៦០ ចាកចេញពីមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រោយលោក ជាសះស្បើយពីមេរោគកូរ៉ូណាប្រភេទថ្មី។ អ្នកស្រី បន្តថា លោក ចា ជិនហួ និង សមាជិគ្រួសារ៣នាក់ទៀត គ្រោងវិលទៅប្រទេសចិនវិញ នៅថ្ងៃទី១១ ខែកុម្ភៈ។
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ អ្នកស្រី ឱ វណ្ណឌីន បញ្ជាក់ថា លោក ចា ជិនហួ ត្រូវបានក្រុមគ្រូពេទ្យ ធ្វើតេស្ត៣ដងរួចហើយ ហើយលទ្ធផលអំពីមេរោគកូរ៉ូណា គឺអវិជ្ជាមានទាំង៣ដង។ អ្នកស្រីវេជ្ជបណ្ឌិត បន្តថា តាមក្បួនវេជ្ជសាស្ត្រ គឺត្រូវធ្វើតេស្តតែ២ដងប៉ុណ្ណោះ តែដើម្បីជាក់ច្បាស់១០០ភាគរយ ក្រុមគ្រូពេទ្យកម្ពុជា បានធ្វើតេស្តលោក ចា ជិនហួ ដល់ទៅ៣ដង។ អ្នកស្រី ថ្លែងថា៖«មេរោគកូរ៉ូណា [ក្នុងខ្លួនគាត់] ងាប់អស់ហើយ»។
អ្នកស្រី មិនអាចសន្និដ្ឋានបានឡើយថា កម្ពុជា អាចមានករណីឆ្លងមេរោគកូរ៉ូណាប្រភេទថ្មីនេះទៀត ឬក៏ត្រូវបញ្ចប់ត្រឹមលោក ចា ជិនហួ។ អ្នកស្រី មានប្រសាសន៍ថា៖«ទៅមុខ យើង មិនដឹងទេ តែយើង ត្រូវប្រុងប្រយ័ត្នខ្ពស់ក្នុងការទប់ស្កាត់ជំងឺនេះ ហើយប្រជាពលរដ្ឋ ក៏ត្រូវប្រុងប្រយ័ត្ននិងការពារខ្លួនដែរ»។
អ្នកនាំពាក្យរូបនេះ ក៏បានលើកឡើងដែរថា ជនជាតិចិនជិត៨០នាក់ ដែលជិះយន្តហោះជាមួយលោក ចា ជិនហួ ពីទីក្រុងវូហាន មកកាន់ខេត្តព្រះសីហនុ បានត្រឡប់ទៅវិញអស់ហើយ។ លោក ចា ជិនហួ និងក្រុមគ្រួសារ រួមទាំងជនជាតិផ្សេងទៀត បានជិះយន្តហោះជើងចុងក្រោយបង្អស់ មកកាន់ខេត្តព្រះសីហនុ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ មុននឹងរដ្ឋាភិបាលចិន បិទជើងហោះហើរទៅមកសម្រាប់ទីក្រុងវូហាន។
ទីក្រុងវូហាន គឺជាប្រភពដើមនៃការផ្ទុះមេរោគកូរ៉ូណាប្រភេទថ្មី។ បច្ចុប្បន្ន រដ្ឋាភិបាលចិន មិនឲ្យអនុញ្ញាតប្រជាជន ចាកចេញពីទីក្រុងនេះឡើយ ដើម្បីការពារកុំឲ្យមេរោគកូរ៉ូណាប្រភេទថ្មី រាលដាលទៅតំបន់ផ្សេងនិងប្រទេសដទៃ៕
© រក្សាសិទ្ធិដោយ thmeythmey.com