កីឡាអន្តរជាតិ
អន្តរជាតិ
EPL៖ ព្យុះ Ciara បង្ខំ​ឲ្យ​ជំនួប Man City ទល់ West Ham លើក​ពេល​ប្រកួត​
10, Feb 2020 , 2:22 pm        
រូបភាព
​ការប្រកួត​រវាង​ក្រុម Manchester City ជាមួយ West Ham ក្នុង​ក្របខណ្ឌ Premier League រួមទាំង​ព្រឹត្តិការណ៍​កីឡា​សំខាន់ៗ​ផ្សេងទៀត​នៅ​ថ្ងៃទី​៩ ខែកុម្ភៈ ត្រូវបាន​ពន្យារពេល​ប្រកួត​ទាំងអស់​ដោយសារ​ព្យុះ Ciara ដែល​បាន​បោកបក់​ទៅកាន់​ចក្រភព​អង់គ្លេស​។​


 
«​ដោយសារតែ​លក្ខខណ្ឌ​អាកាសធាតុ​កាន់តែ​អាក្រក់​ខ្លាំង ហើយ​យើង​គិតពី​សុវត្ថិភាព​អ្នកគាំទ្រ​និង​បុគ្គលិក ដូច្នេះ​ការប្រកួត​ថ្ងៃនេះ​ត្រូវបាន​ពន្យារពេល​»​។ នេះ​ជាការ​ប្រកាស​របស់​ក្លិប Man City​។​
 
​ការសម្រេច​នេះ ត្រូវបាន​ធ្វើឡើង​ដោយ​មន្ត្រី​សុវត្ថិភាព​របស់​ក្រុម​រហស្សនាម​មេឃ​ខៀវ​បន្ទាប់ពី​បាន​ពិគ្រោះ​យោបល់​ជាមួយ​អ្នកពាក់ព័ន្ធ​ក្លិប និង​ក្រុមមន្ត្រី​របស់ West Ham United​។ ក្រៅពី​ជំនួប​ក្រុម​ទាំងពីរ ព្រឹត្តិការណ៍​កីឡា​ផ្សេងទៀត​នៅ​ចក្រភព​អង់គ្លេស​ក៏ត្រូវ​បាន​ពន្យា​ពេល​ផងដែរ​។​
 
​ព្យុះ Ciara បណ្តាល​ឲ្យ​មាន​ខ្យល់​បក់បោក​ខ្លាំង និង​មាន​ភ្លៀង​ធ្លាក់​ជាប់​ដែល​ធ្វើ​ឲ្យ​ចរាច​ណ៍​លើផ្លូវ​មួយចំនួន​នៅ​អង់គ្លេស​ត្រូវបាន​បិទ​។ 
 
​សម្រាប់​ការប្រកួត​ក្នុង​ក្របខណ្ឌ​លី​គ​កំពូល​អង់គ្លេស​សប្តាហ៍​ទី ២៦ មានតែ​មួយគូ​ប៉ុណ្ណោះ​ដែល​បញ្ចប់​រួចហើយ​នៅ​ថ្ងៃទី​៨ ខែកុម្ភៈ គឺ​ក្រុម Sheffield United បាន​យកឈ្នះ Bournemouth ២-១​។ ឯ​ជំនួប​គូ​ផ្សេងទៀត នឹងត្រូវ​ចាប់ផ្តើម​ប្រកួត​ពី​រាត្រី​ថ្ងៃទី​១៥ ខែកុម្ភៈ តទៅ​៕
 

Tag:
 Premier League
  Manchester City
© រក្សាសិទ្ធិដោយ thmeythmey.com