កីឡាអន្តរជាតិ
អន្តរជាតិ
Inter វាយបក​យកឈ្នះ AC Milan ៤-២ ឡើងឈរ​កំពូល​តារាង Serie A
10, Feb 2020 , 3:47 pm        
រូបភាព
រូបភាព៖ ហ្វេសប៊ុកផេកក្រុម Inter Milan
រូបភាព៖ ហ្វេសប៊ុកផេកក្រុម Inter Milan
ដោយ: ថ្មីៗ
Inter Milan បាន​វាយបក​យ៉ាង​ល្អ​នៅ​តង់​ទី​២​ដើម្បី​យកឈ្នះ AC Milan ក្នុង​លទ្ធផល ៤-២ វិញ បន្ទាប់ពី​ត្រូវបាន​នាំមុខ​ដល់​ទៅ ២​គ្រាប់​នៅ​តង់​ទី​១​។ ជ័យជម្នះ​នេះ បាន​ជួយ​ក្រុម​ដែល​ដឹកនាំ​ដោយ​អ្នកចាត់ការ​ទូទៅ​លោក Antonio Conte ឡើងឈរ​នៅ​កំពូល​តារាង Serie A បណ្តោះអាសន្ន​។​


​នា​ជំនួប​ក្នុង​កីឡដ្ឋាន Giuseppe Meazza នៅ​រាត្រី​ថ្ងៃទី​៩ ខែកុម្ភៈ ក្រោម​ក្រសែភ្នែក​អ្នកទស្សនា​ផ្ទាល់​ជាង ៧៥០០០​នាក់ ខ្សែប្រយុទ្ធ Zlatan Ibrahimovic បាន​បង្កើត​ភាព​ភ្ញាក់ផ្អើល​ដោយ​បង្កើត​ឱកាស​រក​គ្រាប់​ឲ្យ AC Milan ដោយ​តែ​តបាល់​បញ្ជូន​ឲ្យ​ដៃគូ Ante Rebic សម្រេច​គ្រាប់​ទី​១​នៅ​នាទី​៤០ មុនពេល​តែ​ត​បញ្ចូល​ទី​ដោយ​ខ្លួនឯង​នៅ​៥​នាទី​បន្ទាប់ ពោលគឺ​មុន​បញ្ចប់​ការប្រកួត​វគ្គ​ទី​១​។ 
 
​ចូលដល់​វគ្គ​ទី​២ ខណៈ​របូត​ដល់​ទៅ​២​គ្រាប់​ទៅហើយនោះ ក្រុម​ម្ចាស់ផ្ទះ Inter បាន​បើក​ការ​វាយ​សម្រុក​យ៉ាងខ្លាំង​ក្លា​រហូត​សម្រេច​មួយ​គ្រាប់​វិញ​នៅ​នាទី​៥១ ដែល​ធ្វើបាន​ដោយ​ខ្សែបម្រើ Marcelo Brozovic​។ ត្រឹមតែ​២​នាទី​បន្ទាប់​ទៀត ខ្សែបម្រើ Matias Vecino បាន​បន្ថែម​គ្រាប់​បាល់​តាម​ស្មើ​ឲ្យ Inter​។​
 
​គ្រាប់​តាម​ស្មើ​នៅ​មិនទាន់​គ្រប់គ្រាន់​ឡើយ​សម្រាប់​ក្រុម​លោក Conte​។ កីឡាករ Stefan de Vrij បានតែ​តបាល់​បញ្ចូល​ទី​គ្រាប់​ទី​៣​សម្រាប់ Inter ដើម្បី​នាំមុខ AC Milan វិញ​នៅ​នាទី​៧០ មុនពេល​ខ្សែប្រយុទ្ធ Romelu Lukaku ស៊ុត​១​គ្រាប់​ទៀត​នៅ​ចុង​ម៉ោង​។ ចប់​ការប្រកួត Inter Milan ឈ្នះ AC Milan ដោយ​លទ្ធផល ៤-២​។​
 
​ក្រោយ​ទទួលបាន​៣​ពិន្ទុ​បន្ថែម​ក្នុងជំនួប​សប្តាហ៍​ទី​២៣ Inter បាន​ហក់​ឡើងទៅ​ឈរ​កំពូល​តារាង​លី​គ​កំពូល​អ៊ីតាលី​វិញ​ដោយ​រកបាន​៥៤​ពិន្ទុ ស្មើគ្នា​ជាមួយ Juventus ធ្លាក់​មកលេង​២ ដ្បិត​មាន​សំណល់​គ្រាប់​ស៊ុត​តិចជាង​។​
 
​ក្រៅពី Inter និង Juvetus ក្រុម Lazio ក៏​ជា​បេក្ខភាព​សំខាន់​ក្នុងការ​ចូលរួម​ប្រជែង​ពាន Serie A រដូវ​កាល​នេះ​ផងដែរ​។ Lazio ជា​ក្រុម​បង្ហាញ​ភាពលេច​ធ្លោ​ក្នុងចំណោម​ក្រុម​ខ្លាំងៗ​ដោយ​រកបាន​៥៣​ពិន្ទុ តាម​ពីក្រោយ​ក្រុម​កំពូល​តារាង​តែ​១​ពិន្ទុ​ប៉ុណ្ណោះ​។ 
 
​ដោយឡែក Genoa, Brescia និង SPAL ជា​ក្រុម​ដែល​ស្ថិតនៅ​តំបន់​ត្រូវ​កាត់ចោល​៕ 
 


Tag:
 Serie A
  Inter Milan
© រក្សាសិទ្ធិដោយ thmeythmey.com