ជាតិ
ក្រសួងអប់រំ ប្រាប់ឱ្យពលរដ្ឋរាយការណ៍ទៅក្រសួង បើរកឃើញគ្រូបង្រៀនណា ដែលយកលុយសិស្សក្នុងម៉ោងសិក្សា រូបពីហ្វេសប៊ុកលោក ឌី ខាំបូលី អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា
× ភ្នំពេញ៖ ពលរដ្ឋ និងអាណាព្យាបាលសិស្ស អាចរាយការណ៍ទៅក្រសួងអប់រំភ្លាម បើសិនជារកឃើញថាគ្រូបង្រៀនរូបណា ដែលប្រមូលលុយសិស្សនៅក្នុងម៉ោងសិក្សា។ ក្រសួងអប់រំ នឹងចាត់វិធានការតាមផ្លូវច្បាប់។ នេះជាការបញ្ជាក់របស់លោក ឌី ខាំបូលី អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។
លោក ឌី ខាំបូលី បានបញ្ជាក់ថា ក្រសួងអប់រំ គ្មានគោលការណ៍ឱ្យគ្រូបង្រៀនយកលុយពីសិស្សនៅក្នុងម៉ោងសិក្សានោះទេ ដូច្នេះបើសិនជាមានករណីបែបនេះកើតឡើង ក្រសួងនឹងចាត់វិធានវិន័យតាមច្បាប់។ ថ្លែងក្នុងសន្និសីទកាសែត ស្តីពី«បច្ចុប្បន្ន និងវឌ្ឍនភាពការងាររបស់ក្រសួងអប់រំ» នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១០ កុម្ភៈ អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ដូច្នេះថា៖«ក្នុងករណីមួយចំនួន យើងលេចឮនូវព័ត៌មាន១ ឬក៏២ នៅសាលានេះ ឬនៅសាលានោះ បើសិនមានព័ត៌មានបែបហ្នឹង គឺសុំសហការ ជួយផ្ដល់ព័ត៌មានតាមរយៈខ្ញុំផ្ទាល់ក៏បាន តាមរយៈក្រុមអ្នកនាំពាក្យក្រសួងអប់រំក៏បាន»។
បើតាមលោក ឌី ខាំបូលី បុគ្គលិកអប់រំបច្ចុប្បន្នមានជាង១២ម៉ឺននាក់។
កាលពីខែសីហា ឆ្នាំ២០១៩ ក្រសួងអប់រំ បានចាត់វិធានការផ្ទេរភារកិច្ចគ្រូបង្រៀនម្នាក់ ដែលបានប្រមូលលុយពីសិស្ស នៅក្នុងថ្នាក់រៀននៃសាលាបឋមសិក្សាភូមិឫស្សី ក្នុងខណ្ឌមានជ័យ ទៅបម្រើការងារនៅទីចាត់ការសាលារៀនវិញ។ ចំណែកភារកិច្ចបង្រៀនរបស់អ្នកគ្រូដែលប្រព្រឹត្តខុសគោលការណ៍អប់រំនេះ ត្រូវដាក់គ្រូផ្សេងមកបង្រៀនជំនួស ដើម្បីបន្តនិរន្តភាពសិក្សារបស់សិស្ស។
សេចក្តីប្រកាសព័ត៌មានក្រសួងអប់រំ បានសរសេរដូច្នេះថា៖«ប្រគល់ភារកិច្ចដល់ការិយាល័យអប់រំ យុវជន និងកីឡា ខណ្ឌមានជ័យ និងគណៈគ្រប់គ្រងសាលា ប្រជុំណែនាំឲ្យបានម៉ឺងម៉ាតដល់លោកគ្រូ-អ្នកគ្រូទាំងអស់ ដើម្បីគោរពច្បាប់ស្តីពីការអប់រំ និងក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន»៕
© រក្សាសិទ្ធិដោយ thmeythmey.com