រថយន្ត
អន្តរជាតិ
អូស្ត្រាលី​៖ អ្នកបើករថយន្ត​ដែល​បោះ​កន្ទុយបារី​តាមផ្លូវ ប្រឈម​ពិន័យ​ជាង​៧៣០០​ដុល្លារ​អាមេរិក​
10, Feb 2020 , 7:39 pm        
រូបភាព
ដោយ: ធីតា
​អ្នកបើកបរ​រថយន្ត​នៅក្នុង​រដ្ឋ New South Wales ប្រទេស​អូស្ត្រាលី នឹង​រក​ការពិន័យ​ជាង​ទឹកប្រាក់​១១ ០០០​ដុល្លារ​អូស្ត្រាលី (​ជាង​៧៣០០​ដុល្លារ​អាមេរិក​) ប្រសិនបើ​ពួកគេ​ត្រូវបាន​គេ​តាម​ទាន់​នៅពេល​បោះ​កន្ទុយបារី​ចោល​តាមផ្លូវ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​អូស្ត្រាលី AAP​។​

 
​ប្រាប់​ថ្មី​នៅ​រដ្ឋ NSW ទើបតែ​ចូល​ជា​ធរមាន​កាលពី​ពាក់កណ្តាល​ខែមករា ឆ្នាំ​២០២០ កន្លងមក ដោយ​មិនមែន​អនុវត្ត​តែ​លើ​អ្នកបើកបរ​នោះឡើយ អ្នកធ្វើដំណើរ​ក៏ត្រូវ​រង​ការពិន័យ​ផងដែរ ក្នុងករណី​ពួកគេ​បោះ​កន្ទុយបារី​ចោល​ផ្តេសផ្តាស់​តាមផ្លូវ​។​
 
​តាមច្បាប់ អ្នកបើកបរ​ដែល​ប្រព្រឹត្ត​ខុស ប្រឈម​ដក​ពិន្ទុ​ចំនួន​១០​ពី​បណ្ណ​បើកបរ ហើយ​ត្រូវ​រង​ពិន័យ​ជា​ទឹកប្រាក់​ជាង​៧៣០០០​ដុល្លារ​អាមេរិក​។ ពួកគេ​ក៏ត្រូវ​ប្រឈម​ផ្លូវច្បាប់​ផ្សេងៗ​ផងដែរ ប្រសិនបើ​ទង្វើ​របស់​ពួកគេ​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃ ដូចជា​ករណី​បង្ក​ឲ្យ​មាន​អគ្គិភ័យ​ជាដើម​។​
 
​រដ្ឋាភិបាល​នៅ​រដ្ឋ NSW ចាប់ផ្តើម​ដាក់​វិធានការ​ក្តៅ​លើ​ករណីនេះ ខណៈដែល​អូស្ត្រាលី​ទាំងមូល​រងគ្រោះ​យ៉ាងខ្លាំង​ដោយសារ​ភ្លើង​ឆេះ​ព្រៃ ហើយ​សម្លាប់​មនុស្ស​អស់​ប្រមាណ​២៨​នាក់​រួចទៅហើយ​។ អ្នកដំណើរ​ក៏​ប្រឈម​ការពិន័យ​ផងដែរ​ជា​ទឹកប្រាក់​ជាង​៤៤០​ដុល្លារ​មេ​រិ​ក ក្នុងករណី​ពួកគេ​ទុកចោល​បារី​នៅលើ​ផ្លូវ ហើយ​ការពិន័យ​នេះ ក៏​នឹងត្រូវ​កើនឡើង​ទ្វេរ​ផងដែរ​។​
 
​កាលពី​ឆ្នាំ​២០១៩ កន្លងមក រដ្ឋ NSW បាន​រកឃើញ​មនុស្ស​ជាង​២០០​នាក់ ដែល​បោះ​កន្ទុយបារី​ចោល​តាមផ្លូវ​។ លោក David Elliott រដ្ឋមន្ត្រី​ទទួលបន្ទុក​ការងារ​ប៉ូលិស និង​សេវាកម្ម​បន្ទាន់ បាន​និយាយថា នេះ​ជា​លើកដំបូង​ផងដែរ​ដែល​រដ្ឋ NSW មានច្បាប់​ដាក់ពិន័យ​ដក​ពិន្ទុ​បណ្ណ​បើកបរ និង​ទឹកប្រាក់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​យ៉ាង​ដូច្នេះ​។​
 
​អាជ្ញាធរ​ក៏បាន​ស្នើ​ទៅ​ពលរដ្ឋ​ឲ្យ​ជួយ​សហការ​ផ្តល់ព័ត៌មាន​នៅពេលដែល​ពួកគេ​ឃើញ​ករណី​បោះ​កន្ទុយបារី​ចោល​តាមផ្លូវ​៕

© រក្សាសិទ្ធិដោយ thmeythmey.com