កីឡាអន្តរជាតិ
រថយន្ត
អន្តរជាតិ
របាយការណ៍​៖ ក្រុម​ប្រណាំង F1 កើន​ការចំណាយ​១០០០​ភាគរយ​ត្រឹម​៣០​ឆ្នាំ​ចុងក្រោយ​
10, Feb 2020 , 8:39 pm        
រូបភាព
​ការចំណាយ​លើ​ដំណើរការ​កម្មវិធី​ប្រណាំង​រថយន្ត​ពិភពលោក Formula One ក្រុម​ចូលរួម​នីមួយៗ​បាន​កើនឡើង​រហូតដល់ ១០០០ ភាគរយ​ក្នុង​រយៈពេល ៣០ ឆ្នាំ​ចុងក្រោយ​។ នេះ​បើ​យោងតាម​ការវិភាគ​ក្នុង​របាយការណ៍​ដែល​ចេញ​ដោយ​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ចំនួន​ពីរ​។​


 
​ស្ថាប័ន​ប្រណាំង​រថយន្ត F1 មិនបាន​កំណត់​ការចំណាយ​របស់​ក្រុម​ចូលរួម​នោះទេ​ចាប់តាំងពី​បង្កើតឡើង​ដំបូង​ក្នុង​ឆ្នាំ ១៩៥០​មក ក៏ប៉ុន្តែ​នឹងត្រូវ​ផ្លាស់ប្តូរ​វិញ​។ នៅ​ឆ្នាំនេះ F1 នឹង​ណែនាំ​កញ្ចប់​ថវិកា​ដែល​ដាក់​កម្រិត​ក្រុម​លើ​ការចំណាយ​ដល់​ទៅ ១៧៥​លាន​ដុល្លារ​អាមេរិក​។​
 
​ការកំណត់​ចំនួន​ប្រាក់​ចំណាយ​សម្រាប់​ក្រុម​នីមួយៗ​បែបនេះ ធ្វើឡើង​ដើម្បី​ទប់ស្កាត់​ការចំណាយ​លើ​ក្រុម​កំពូលៗ​ក្នុង​ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត​កម្រិត​ពិភពលោក​នេះ ខណៈដែល​ពួកគេ​មិន​ធ្លាប់បាន​ត្រួតពិនិត្យ​អស់​រយៈពេល​ជាច្រើន​ទសវត្ស​មកហើយ​។ ក្រុម​នីមួយៗ​ភាគច្រើន​សុទ្ធ​តែមាន​ម្ចាស់ ឬ​មាន​អ្នកគាំទ្រ​ពីក្រោយ​ដែលជា​មហាសេដ្ឋី និង​ក្រុមហ៊ុន​សាជីវកម្ម​ដែលមាន​ទ្រព្យ​ច្រើន ដើម្បី​ជំរុញ​ឱកាស​សម្រាប់​ក្រុម​ពួកគេ​ឈ្នះ​ក្នុងការ​ប្រកួត​។​
 
​មួយវិញទៀត ចំណាត់ការ​នេះ​ក៏បាន​កែសម្រួល​ថវិកា​ប្រចាំឆ្នាំ​របស់​ក្រុម​កំពូលៗ​ដល់​ទៅ​ជាង ៥០០​លាន​ដុល្លារ​អាមេរិក​ផងដែរ ស្របពេល​ប្រតិបត្តិការ​ការចំណាយរ​បស់​ពួកគេ​មាន​ប្រហែល ២៥% នៃ​ចំនួន​នេះ​ប៉ុណ្ណោះ​។ វិធានការ​នេះ​ក៏​ដើម្បី​កាត់បន្ថយ​ការចំណាយ​លើសពី​លទ្ធភាព​របស់​ក្រុម ដោយ​ពួកគេ​ត្រូវ​បន្ថែម​ប្រាក់ចំណូល​ជាមួយនឹង​បំណុល​។ ការទូទាត់​ការប្រាក់ អាចធ្វើ​ឲ្យ​ក្រុម​មួយចំនួន​ឈានដល់​ដំណាក់កាល​យ៉ាប់យ៉ឺន ហើយ​ក្នុង​រយៈពេល​១០​ឆ្នាំ​ចុងក្រោយ មាន​ក្រុម​ចំនួន​បួន​ហើយ​បាន​ធ្លាក់​ចេញពី​ក្របខណ្ឌ F1 ដោយសារ​បំណុល​។​
 
​ការកើនឡើង​នៃ​ការចំណាយ គឺ​ស្តែង​តាម​របាយការណ៍​ហិរញ្ញវត្ថុ​របស់​ក្រុម​ប្រណាំង Williams និង McLaren​។ ចំណែក​ក្រុម​ប្រណាំង Ferrari និង Mercedes ដែលជា​ក្រុម​មាន​វ័យ​ចំណាស់​ជាង​ក្រុម​ដទៃ មិនមាន​របាយការណ៍​ហិរញ្ញវត្ថុ​ដែល​អាច​ផ្សាយ​ជា​សាធារណៈ​ទេ​។​
 
​ដោយមាន​ការឧបត្ថម្ភ​ពី​ក្រុមហ៊ុន Shell និង​ថ្នាំជក់ Marlboro ក្រុម​ប្រណាំង McLaren មាន​ប្រាក់ចំណូល ២៨,៩ លាន​ដុល្លារ ក្នុង​ឆ្នាំ ១៩៩០ នៅពេលដែល​វា​ឈ្នះ​ពានរង្វាន់ F1 នៅ​ឆ្នាំ​នោះ​។ ក្នុងនោះ​ពួកគេ​ចំណាយ​អស់ ២៦,៧​លាន​ដុល្លារ ដោយ​សល់​ប្រាក់ចំណេញ ១,៤​លាន​ដុល្លារ​។ ដោយឡែក Williams រកបាន​ចំណូល​ត្រឹមតែ ១៩,៧ លាន និង​ចំណាយ​វិញ​អស់ ១៩,២​លាន​ដុល្លារ ដោយ​ស្ថិតនៅ​លេខ​រៀង​ទី​ពីរ​បន្ទាប់ពី McLaren​។​
 
​របាយការណ៍​ហិរញ្ញវត្ថុ​ចុងក្រោយ​ក្នុង​ឆ្នាំ​២០១៨ បង្ហាញថា McLaren បាន​កើន​ការចំណាយ​រហូតដល់ ៣០៥ លាន​ដុល្លារ ដែល​ខ្ពស់ជាង​ការចំណាយ​ក្នុង​ឆ្នាំ​១៩៩០ ដល់​ទៅ ១,០៤៥ ភាគរយ​។ ក្រុម McLaren សព្វថ្ងៃ​មាន​ម្ចាស់​ជា​សេដ្ឋី​ជនជាតិ​អា​រ៉ា​ប៊ី​សា​អូឌីត Mansour Ojjeh ជាមួយ​មូលនិធិ​ទ្រព្យសម្បត្តិ Mumtalakat របស់​បា​រ៉ែ​ន​៕
 



Tag:
 Formula One
© រក្សាសិទ្ធិដោយ thmeythmey.com