ជាតិ
ផ្កាអ័រគីដេ​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​សុខ​អាន​ភ្នំ​គូលែន ជា​គោលដៅ​ទេសចរណ៍​ថ្មី​នៅ​កម្ពុជា​
10, Feb 2020 , 9:19 pm        
រូបភាព
​ភ្នំពេញ​៖ មជ្ឈមណ្ឌល​ស្រាវជ្រាវ​កេសរ​កូ​ល​សុខ​អាន​ភ្នំ​គូលែន ដែល​ស្ថិតនៅ​ភូមិ​ស្រះ​ខ្វាវ ឃុំ ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ត្រូវបាន​បង្កើតឡើង​ដើម្បី​អភិរក្ស​កេសរ​កូ​ល​ព្រៃ​ឬ​ផ្កាអ័រគីដេ និង​ជំរុញ​វិស័យ​ទេសចរណ៍​ជីវៈចម្រុះ​ធម្មជាតិ​។  បើតាម​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន មជ្ឈមណ្ឌល​ស្រាវជ្រាវ​នេះ ជា​ផ្នែក​មួយ​ជួយ​លើកកម្ពស់​នៃ​ការសិក្សា​ស្រាវជ្រាវ ក្នុង​ការកសាង​សមត្ថភាព និង​ការលើកកម្ពស់​ចំណេះដឹង​របស់​ប្រជាជន​ឲ្យ​ស្គាល់​អំពី​អត្ថប្រយោជន៍​កេសរ​កូ​ល​ព្រៃ​។


 
​នៅក្នុង​វេទិកា​កេសរ​កូ​ល​លើក​ទី​១ នៅ​កម្ពុជា លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​លើកឡើងថា ដោយ​មើលឃើញ​ការជួញដូរ​កេសរ​កូ​ល​ទៅ​ប្រទេសជិតខាង និង​សារៈសំខាន់​របស់​កេសរ​កូ​ល រាជរដ្ឋាភិបាល​បាន​បង្កើត​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេសរ​កូ​ល​សុខ​អាន​ភ្នំ​គូលែន​នេះ ក្នុង​គោលបំណង​លើកកម្ពស់​ការសិក្សា​ស្រាវជ្រាវ អភិរក្ស​កេសរ​កូ​ល អប់រំ​ផ្សាយ​ពី​តម្លៃ​កេសរ​កូ​ល និង​ទាក់ទាញ​ភ្លៀវ​ទេសចរ​ឲ្យ​មក​កម្សាន្ត​។ 
 
​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​រូបនេះ​បានបញ្ជាក់​ដូច្នេះ​ថា​៖«​យើង​មានបំណង​ប្រែក្លាយ​មជ្ឈមណ្ឌល​នេះ ឲ្យ​ក្លាយជា​ផលិតផល​ទេសចរណ៍​ថ្មី​បែប​ធម្មជាតិ បន្ថែម​លើ​ផលិតផល​ទេសចរណ៍​បេតិកភណ្ឌ​វប្បធម៌​នៅក្នុង​រមណីយដ្ឋាន​អង្គរ​។ វា​ក៏​នឹង​រួមចំណែក កាត់បន្ថយ​ការពឹងផ្អែក​របស់​សហ​គម​ន៍​មូលដ្ឋាន​ដែល​កំពុង​រស់នៅ​ជុំវិញ​តំបន់​នេះ ពី​ការកាប់​ឈើ និង​ការទាញយក​ធនធានធម្មជាតិ ជីវៈចម្រុះ​មកជា​អ្នករៀបចំ​សេវា​ទេសចរណ៍​នៅពេលដែល​មជ្ឈមណ្ឌល​នេះ ត្រូវបាន​អភិវឌ្ឍ​ពេញលេញ​»​។ 
 
​លោកស្រី ចាន់ សុមាលី អគ្គលេខាធិការរង​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឃន៍​ដោយ​ចីរភាព​បាន​លើកឡើងថា ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍ និង​អភិរក្ស​កេសរ​កូ​ល មជ្ឈមណ្ឌល​បានរៀបចំ ថ្នល់​បណ្ដុះ​កូន​កេសរ​កូ​ល  រៀបចំ​សួន​កេសរ​កូ​ល​ព្រៃ ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំង​ពូជ សួន​រុក្ខា​ឧទ្យាន​។ 
 
​លោកស្រី​បាន​បន្ថែមថា បច្ចុប្បន្ន​មជ្ឈមណ្ឌល ប្រមូល​កេសរ​កូ​ល​ឬ​ផ្កាអ័រគីដេ​ជាង​១៥០​ប្រភេទ បាន​ចំនួន​ជាង​៣​ពាន់​ដើម ក្នុងនោះ​មាន​កេស​គោល​៣​ប្រភេទ ដែលជា​ប្រភេទ​បង្កាត់​ពូជ​នាំចូល​ពី​ប្រទេស​សិង្ហ​បុរី​។ ជាមួយគ្នានេះ មជ្ឈមណ្ឌល​កំពុងធ្វើកា​រ​កំណត់​អត្ត​ស​ញ្ញណ បែប​វិទ្យាសាស្ត្រ​នូវ​ប្រភេទ​កេសរ​កូ​ល​នីមួយៗ និង​ប្រមូល​សំណល់​រស់​នៃ​កេសរ​កូ​ល​ព្រៃ និង​បានដាក់​ស្លាក​ឈ្មោះ សញ្ញា​នូវ​ប្រភេទ​ដែល​បានកំណត់​អត្តសញ្ញាណ​ដើម្បី​បញ្ចូល​ទិន្នន័យ​ជីវៈចម្រុះ​៕


លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន ថ្លែងក្នុងវេទិកាកេសរកូលលើកទី១ នៅកម្ពុជា


Tag:
 កេសរ​កូ​ល​
  ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com