អន្តរជាតិ
អូស្ត្រាលី​៖ ភ្លៀង​ជួយ​ពន្លត់ភ្លើង​ឆេះ តែ​បង្ក​ជា​ទឹកជំនន់​វិញ
10, Feb 2020 , 9:39 pm        
រូបភាព
បុគ្គលិកម្នាក់កំពុងបើករថយន្តនៅព្រលានយន្តហោះស៊ីដនី។ រូបភាព AFP
បុគ្គលិកម្នាក់កំពុងបើករថយន្តនៅព្រលានយន្តហោះស៊ីដនី។ រូបភាព AFP
​ភ្លៀង​ធ្លាក់​ខ្លាំង បាន​ជួយ​ពន្លត់ភ្លើង​ដែល​ឆេះ​សន្ធោសន្ធៅ​តាំងពី​ខែវិច្ឆិកា​មក​នៅ​រដ្ឋ New South Wales របស់​អូស្ត្រាលី​។ ប៉ុន្តែ​កម្រិត​ទឹកភ្លៀង​ខ្ពស់ ក៏បង្ក​ទៅជា​ជំនន់​នៅតាម​តំបន់​ខ្លះ​ដែល​បង្ខំ​ឲ្យ​សាលារៀន​ជាច្រើន​បិទទ្វារ​នៅ​ថ្ងៃទី​១០ ខែកុម្ភៈ​។ កម្ពស់​ទឹក ត្រូវបាន​ព្យាករណ៍​ថា នឹង​បន្ត​កើនឡើង​ថែមទៀត ស្របពេល​ខ្យល់​បក់​កាន់តែ​លឿន​។

 
​អាជ្ញាធរ​អូស្ត្រាលី បានចេញ​បញ្ជា​ឲ្យ​មានការ​ជម្លៀស​ប្រជាជន ខណៈ​ភ្លៀង​ធ្លាក់​បាន​ខ្លាំង​នៅ​ទីក្រុង​ស៊ីដនី និង​តំបន់ឆ្នេរ​ភាគ​ខាងកើត​រដ្ឋ New South Wales នៅ​ថ្ងៃទី​១០ ខែកុម្ភៈ​។ ប្រតិបត្តិ​ការសង្គ្រោះ ត្រូវបាន​ធ្វើឡើង​នៅតាម​តំបន់​ជាច្រើន ប៉ុន្តែ​ការធ្លាក់​ភ្លៀង​ដ៏​ខ្លាំង​នេះ ក៏​ជួយ​សម្រាល​បន្ទុក​បណ្ដាល​មក​ភ្លើង​ឆេះ​ព្រៃ​ដ៏​សន្ធោសន្ធៅ​ផងដែរ​។ 
 
​កម្ពស់​ទឹក​ពី​ពីរ​មី​លី​ម៉ែត្រ​ទៅ​បួន​រយ​មី​លី​ម៉ែត្រ កំពុង​កើត​មាននៅ​ស៊ីដនី តំបន់ភ្នំ​ខៀវ និង​តំបន់​មួយចំនួនទៀត​នៅ​ភាគខាងត្បូង​រដ្ឋ​នេះ​នៅ​ចុង​សប្ដាហ៍​មុន​។ នេះ​បើតាម​ការបញ្ជាក់​របស់​ការិយាល័យ​ឧតុនិយម​អូស្ត្រាលី​។ កម្ពស់​ទឹក​នៅ​ទន្លេ​នានា បាន​កើនឡើង​ខ្លាំង ហើយ​ភ្លៀង​ធ្លាក់​ខ្លាំង​របៀបនេះ​ដែល​នាំ​ឲ្យ​កម្ពស់​ទឹក​តាមផ្លូវ​ឡើង​ដែរនោះ ក៏​បង្ខំ​ឲ្យ​សាលារៀន​ជាច្រើន​បិទទ្វារ​ផងដែរ​។ 
 
​ទីភ្នាក់ងារ​សង្គ្រោះបន្ទាន់​ប្រចាំ​រដ្ឋ New South Wales អះអាងថា ខ្លួន​ទទួលបាន​ការសុំ​ជំនួយ​តាម​ទូរ​សព្ទ​ប្រមាណ​២,៧០០​លើក​។ ជាមួយគ្នា​នោះ ទីភ្នាក់ងារ​ឧតុនិយម​ក៏​ព្រមាន​ដែរ​ថា ភ្លៀង​ធ្លាក់​ខ្លាំង​បែបនេះ អាច​នាំ​ឲ្យ​មាន​ទឹកជំនន់​ភ្លាម​ដែល​បង្ក​គ្រោះថ្នាក់​នៅតាម​ឆ្នេរ​ភាគខាងត្បូង​របស់​រដ្ឋ​មួយ​នេះ ខណៈ​ខ្យល់​វិញ​មាន​ល្បឿន​ដល់​ទៅ​៩០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ឯណោះ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​
 
​យ៉ាងណាមិញ ក្នុង​គ្រោះថ្នាក់ ក៏មាន​សំណាង​ដែរ​។ ភ្លៀង​ធ្លាក់​ខ្លាំង បាន​ពន្លត់ភ្លើង​ឆេះ​ដ៏​ធំ​មួយកន្លែង​ក្នុង​រដ្ឋ New South Wales ដដែល​នេះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​អង្គភាព​ពន្លត់អគ្គីភ័យ​ប្រចាំ​រដ្ឋ​នេះ​។ ភ្លើង​ឆេះ​នៅ​ភាគខាងត្បូង​រដ្ឋ​ដែល​គេ​ឲ្យ​រហស្សនាម​ថា Currawon បាន​រលត់ទៅវិញ​បន្ទាប់ពី​ឆេះ​អស់​រយៈពេល​៧៤​ថ្ងៃ​ជាប់ៗ​គ្នា ដោយបាន​បំផ្លាញ​ផ្ទះសម្បែង​អស់​៣១២​ខ្នង និង​ផ្ទៃដី​ជិត​៥​សែន​ហិច​តា​ផ្សេងទៀត​។ 
 
​បើ​គិត​ត្រឹម​ថ្ងៃទី​១០ ខែកុម្ភៈ ភ្លើង​ឆេះ​មាននៅ​ទីតាំង​ចំនួន​៣៣​ទៀត ប៉ុន្តែ​ស្ថិតក្នុង​កម្រិត​ទាប​។ ភ្លៀង ជា​មូល​ហេតុដែល​ជួយ​កាត់បន្ថយ​ហានិភ័យ​នេះ​។ យ៉ាងណាមិញ កសិករ​អូស្ត្រាលី ក៏​ប្រឈមមុខ​កង្វះខាត​ទឹក​ផងដែរ ព្រោះ​បាន​ជួប​គ្រោះរាំងស្ងួត​រយៈពេល​យូរ​នាពេល​កន្លងមក​ដែល​ធ្វើ​ឲ្យ​មាន​ភ្លើង​ឆេះ​សឹង​មួយ​ប្រទេស​៕

Tag:
 អូស្ត្រាលី​
  ទឹកជំនន់​
  ភ្លើង​ឆេះ
© រក្សាសិទ្ធិដោយ thmeythmey.com