ភ្នំពេញ៖ កម្មកររោងចក្រមួយចំនួន នឹងត្រូវប្រឈមមុខព្យួរការងារនៅអំឡុងខែមីនាខាងមុខ ដោយសារចិនបិទរោងចក្រផ្គត់ផ្គង់វត្ថុធាតុដើមមកកម្ពុជា ព្រោះបញ្ហាវីរុសកូរ៉ូណាប្រភេទថ្មី ដែលកំពុងរាតត្បាតនៅប្រទេសចិន។ នេះជាការបញ្ជាក់របស់លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
លោក ហេង សួរ បានបញ្ជាក់ថា បញ្ហាវីរុសនៅប្រទេសចិនមិនទាន់ធូរស្បើយ ដូច្នេះភាគីរោងចក្រចិន មិនអាចនាំចេញ និងនាំចូលផលិតផលទៅទូទាំងប្រទេសបាននៅឡើយ ជាពិសេសវត្ថុធាតុដើម។ បើតាមអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវីជ្ជាជីវៈរូបនេះ ចិនជាប្រទេសដ៏ធំដែលអាចផលិត និងផ្គត់ផ្គង់វត្ថុធាតុដើមដូចជា ក្រណាត់ ដែលនាំចូលមកកម្ពុជា និងបណ្តាប្រទេសដទៃទៀត។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក ហេង សួរ បាននិយាយដូច្នេះថា៖«នៅប្រទេសកូរ៉េ ជប៉ុន វៀតណាម និងបណ្តាប្រទេសដទៃទៀតកំពុងតែប្រឈមនឹងខ្វះវត្ថុធាតុដើមសម្រាប់លក់ និងផលិតបន្តទៀត ហើយកម្ពុជាក៏ជួបបញ្ហានេះផងដែរ។ អ៊ីចឹងហើយបានជាមានរោងចក្រនៅកម្ពុជាមួយចំនួនសម្តែងការបារម្ភ ហើយព្យាយាមទាក់ទងទៅប្រទេសចិនដើម្បីធ្វើការផ្គត់ផ្គង់វត្ថុធាតុដើម»។
ត្រង់ចំណុចនេះលោក ហេង សួរ បានសង្កត់ធ្ងន់ថា ក្នុងចំណោមរោងចក្រកាត់ដេរជាង១២០០នៅកម្ពុជា នឹងមានរោងចក្រមួយចំនួន អាចផ្អាកដំណើរការផលិតជាបណ្តោះអាសន្ន និងព្យួរការងាររបស់កម្មករមួយរយៈសិន ដោយសារខ្វះខាតវត្ថុធាតុដើមសម្រាប់យកទៅផលិតជាសំលៀកបំពាក់។ «នៅពាក់កណ្តាលខែមីនា និងចុងខែមីនាខាងមុខនេះ អាចនឹងមានរោងចក្រមួយចំនួនសុំព្យួរការងារកម្មករចំនួន៣ពាន់នាក់ មួយរយៈសិន ទម្រាំតែក្រុមហ៊ុនចិនបើកដំណើរការនាំចូលវិញ»។ នេះជាការអះអាងរបស់លោក ហេង សួរ។
ទាំងលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងលោក សោម អូន ប្រធានសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា និងប្រធានសហព័ន្ឋសហជីពជាតិកម្ពុជា សុទ្ធតែយល់ឃើញថា ការព្យួរការងាររបស់កម្មករនេះ ជាក្តីកង្វល់របស់កម្ពុជាដែលអាចឲ្យរោងចក្រខាតបង់ ហើយកម្មកររោងចក្រក៏ត្រូវបាត់បង់ចំណូលក្នុងមួយរយៈសិនដែរ។
បើតាមលោក សោម អូន ការព្យួរការងាររបស់កម្មករនេះ គឺម្ចាស់រោងចក្រជាអ្នកទទួលរ៉ាប់រងលើការស្នាក់នៅ និងការហូបចុករបស់កម្មករ។ ប្រធានសហព័ន្ឋសហជីពជាតិកម្ពុជារូបនេះ បាននិយាយដូច្នេះថា៖«នៅក្នុងគោលការណ៍ច្បាប់ កាលណាព្យួរការងារតែងតែមានការជជែកគ្នាជាមួយក្រុមហ៊ុន និងកម្មករជាមុនសិន។ ជារួមក៏ត្រូវមានការជជែកគ្នា ដោយអាស្រ័យលើរោងចក្រនីមួយៗមានការដោះស្រាយបែបណាសម្រាប់កម្មករ។ ប៉ុន្តែក៏ត្រូវមានការផ្តល់ខ្លះដែរ មិនមែនថាអត់ទេ»។
លោក សោម អូន បានបញ្ជាក់ថា វិស័យកាត់ដេរនៅកម្ពុជា ប្រឈមមុខនឹងបញ្ហាច្រើនជាង រោងចក្រផលិតស្បែកជើង និងផលិតកាបូបជាដើម។ ក្នុងន័យនេះលោក សោម អូន បានសង្កត់ធ្ងន់ថា ដើម្បីដោះស្រាយបញ្ហា ដែលកម្ពុជានឹងជួបប្រទះនេះ ទាល់តែកម្ពុជាមានសមត្ថភាពដាំកប្បាស សម្រាប់ផ្គត់ផ្គង់ដល់ការផលិតសំលៀកបំពាក់ផ្សេងៗបាន។
អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានសង្កត់ធ្ងន់ថា បញ្ហាផ្អាកការងារនៅតាមរោងចក្រនេះ មិនមែនកើតឡើងតែចំពោះកម្ពុជាមួយនោះទេ ពោលគឺជាបញ្ហាប្រឈមរបស់ប្រទេសជុំវិញពិភពលោក។លោក ផៃ ស៊ីផាន ក៏មិនអាចបញ្ជាក់ឱ្យច្បាស់ថា បណ្ដារោងចក្រនៅកម្ពុជានឹងរងផលប៉ះពាល់កម្រិតណា ដោយសារតែរោងចក្រចិនផ្អាកដំណើរការ និងបិទទ្វារផ្គត់ផ្គង់នេះទេ។
សំលៀកបំពាក់ដែលកម្ពុជាផលិតបាន ភាគច្រើននាំចេញទៅប្រទេសសហរដ្ឋអាមេរិក សហភាពអឺរ៉ុប កាណាដា ជប៉ុន និងប្រទេសមួយចំនួនទៀត។
គិតត្រឹមថ្ងៃទី១០ កុម្ភៈនេះ តួលេខអ្នកស្លាប់ដោយសារជំងឺរលាកសួតនៃកូរ៉ូណាវីរុស បានកើនឡើងដល់ជាង៩០០នាក់ ខណៈអ្នកជំងឺឡើងដល់ជាង៤០ ០០០នាក់ ដោយក្នុងនោះ ខេត្ត Hubei តែមួយ កើនជាង២៥០០ករណីក្នុង១ថ្ងៃ។ ជាមួយគ្នានេះ អ្នកជំងឺជាង៣០០០នាក់ បានជាសះស្បើយ ហើយត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ រីឯជាង៦៣០០នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
ក្រៅពីចិន និងរដ្ឋបាលពិសេសហុងកុង ម៉ាកាវ និងតៃវ៉ាន់ ប្រទេស២៤ផ្សេងទៀតដែលមានអ្នកជំងឺកូរ៉ូណាវីរុសរួមមាន ជប៉ុន (បញ្ចូលទាំងអ្នកជំងឺនៅលើនាវាទេសចរណ៍ Diamond Princess) សិង្ហបុរី ថៃ កូរ៉េខាងត្បូង អូស្ត្រាលី ម៉ាឡេស៊ី បារាំង សហរដ្ឋអាមេរិក អាល្លឺម៉ង់ វៀតណាម អេមីរ៉ាតអារ៉ាប់រួម កាណាដា អ៊ីតាលី រុស្ស៊ី ចក្រភពអង់គ្លេស កម្ពុជា ហ្វាំងឡង់ ឥណ្ឌា ណេប៉ាល់ ហ្វីលីពីន ស្រីលង្កា ស៊ុយអែត អេស្ប៉ាញ និងបែលហ្ស៊ិក៕