ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នកជំនាញ​ចិត្តសាស្ត្រ​៖ យុវជន​ប្រើ​បណ្តាញ​សង្គម​ច្រើន​ម៉ោង​ពេក ធ្វើ​ឲ្យ​ពួកគេ​ប្រឈម​នឹង​ជំងឺ​បាក់​ទឹកចិត្ត
11, Feb 2020 , 8:29 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ស្របពេល​យុវជន​កម្ពុជា​កំពុង​ញៀន​នឹង​ហ្វេ​ស​ប៊ុ​ក ឬ​បណ្តាញ​សង្គម​ដទៃទៀត ដែល​បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ អ្នកជំនាញ​ផ្នែក​ចិត្ត​វិទ្យា បាន​អះអាងថា ចរន្ត​នៃ​ការប្រើប្រាស់​បណ្តាញ​សង្គម​ច្រើន​ម៉ោង​បែបនេះ វា​បានធ្វើ​ឲ្យ​យុវជន​កាន់តែច្រើន មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត​។ វេជ្ជបណ្ឌិត ប៊ូ​មី​កុមារ ជេ​ហ្គា​ណា​ថា​ន អ្នកជំនាញ​ចិត្តសាស្ត្រ​មកពី​ប្រទេស​ស៊ុយអែត បាន​ពន្យល់ថា ការស្រាវជ្រាវ​នៅ​ប្រទេស​ជាច្រើន បាន​បង្ហាញថា អ្នក​ដែល​ប្រើប្រាស់​បណ្តាញ​សង្គម​ច្រើន​ម៉ោង តែងតែមាន​ជំងឺផ្លូវចិត្ត​ច្រើនជាង​អ្នក​ដែល​ប្រើ​បណ្តាញ​សង្គម​តិច​ម៉ោង​។


 
​សូម​អញ្ជើញ​ស្តាប់​បទ​សម្ភាស​រវាង លោក រ៉ឹ​ម ភា​រី ជាមួយ​លោក ប៊ូ​មី​កុមារ ជេ​ហ្គា​ណា​ថា​ន អ្នកជំនាញ​ផ្នែក​ចិត្តសាស្ត្រ ដូចតទៅ​៖ 

 
 
​លោក ប៊ូ​មី​កុមារ ជេ​ហ្គា​ណា​ថា​ន ជា​បណ្ឌិត​ផ្នែក​ចិត្តសាស្ត្រ​យុវជន និង​កុមារ​មកពី​ប្រទេស​ស៊ុយអែត បាន​អះអាងថា នៅលើ​ពិភពលោក អត្រា​ជំងឺផ្លូវចិត្ត ដែល​បណ្តាលមកពី​ការប្រើប្រាស់​បណ្តាញ​សង្គម​ច្រើន​ហួសហេតុ កំពុងមាន​ការកើនឡើង​។ លោក​បន្តថា តាម​ការស្រាវជ្រាវ​កន្ល​ង​មក​ដែល​គេ​បានធ្វើ​នៅ​ប្រទេស​អង់គ្លេស សិង្ហ​បុរី ថៃ កូរ៉េខាងត្បូង​…​មាន​យុវវ័យ​ជាច្រើន បាន​ប្រឈម​នឹង​ជំងឺផ្លូវចិត្ត ដោយសារតែ​ពួកគេ​បាន​ប្រើ​ទូរស័ព្ទ​ច្រើនពេក​។ 
 
​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​ក្នុង​ស្នាក់ការ​អង្គការ Caritas Cambodia ដែល​ស្ថិតនៅ​មណ្ឌល​សុខភាព​បង្អែក​ជ័យជម្នះ​ក្រុង​តាខ្មៅ លោក ប៊ូ​មី​កុមារ ជេ​ហ្គា​ណា​ថា​ន ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​ការប្រើប្រាស់​ទូរស័ព្ទ​ក្នុងចំណោម​យុវវ័យ បានធ្វើ​ឲ្យ​មាន​បញ្ហា​ជំងឺ​ធ្លាក់​ទឹកចិត្ត និង​មាន​ឥរិយាបថ​ក្នុងការ​សម្លាប់ខ្លួន បាន​កើនឡើង​ខ្លាំង​នៅ​ប្រទេស​ទាំងនោះ​។ បើ​យើង​ធ្វើការ​ស្រាវជ្រាវ​នៅ​ស្រុក​ខ្មែរ យើង​គិតថា អាច​នឹងមាន​កើនឡើង​ខ្លាំង​ដែរ​»​។    
 
​បើតាម​អ្នកជំនាញ​រូបនេះ កន្លងមក ធ្លាប់មាន​នារី​វ័យ​ជំទង់​ជនជាតិ​កម្ពុជា​ម្នាក់ បានមក​ព្យាបាល​នៅ​អង្គការ Caritas ដែល​នាង​មាន​បញ្ហា​លែង​ទុកចិត្ត​ឪពុកម្តាយ ឬ​មនុស្ស​ជុំវិញខ្លួន ដោយបាន​ទំនាក់ទំនង​តាម​ឆែត​ជាមួយ​សង្សារ​គាត់​នៅ​ប្រទេស​អង់គ្លេស​។ នាង​បាន​ចាត់ទុកថា ឪពុកម្តាយ​មិន​យល់ចិត្ត​នាង​ជាង​សង្សារ​នាង​នោះទេ​។ ទោះបី​ពួកគេ​មាន​ទំនាក់ទំនង​គ្នា តែ​ពួកគេ​គ្រាន់តែ​អាច​ដឹង​សុខទុក្ខ ឬ​ព័ត៌មាន​ខ្លះ​ប៉ុណ្ណោះ តែ​នាង​មិនបាន​ជួប​ផ្ទាល់​ជជែក​គ្នា ពោល នាង​មិនបាន​មើល​កាយវិការ ដឹង​ពី​អារម្មណ៍ មនោសញ្ចេតនា ដូចជា​អ្នក​បាន​ជួបគ្នា​ដោយផ្ទាល់​នោះទេ​។ នេះ​គ្រាន់តែ​ជា​ករណី​ការប្រើប្រាស់​បណ្តាញ​សង្គម​ច្រើន​មួយ មិនអាច​យកមក​វិនិច្ឆ័យ​ករណី​ទាំងមូល​នោះទេ​។ 
 
​លោក​សង្កត់ធ្ងន់ថា នៅពេល​យុវជន​ប្រើ​ទូរស័ព្ទ​ច្រើន នឹង​អាចមាន​ជំងឺផ្លូវចិត្ត តាមរយៈ​រោគសញ្ញា​មួយចំនួន ដូចជា មិន​ចង់​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​គ្រួសារ ឬ​អ្នក​នៅ​ជុំវិញខ្លួន ដោយ​ចំណាយពេល​ច្រើន​លើ​ហ្គ្រី​ន​ទូរស័ព្ទ មាន​អារម្មណ៍​ឆាប់​ឆេវឆាវ កាត់បន្ថយ​ដំណេក និង​មានគំនិត​ចង់​សម្លាប់​ខ្លួនឯង​ជាដើម​។  គេ​បាន​បែងចែក​កម្រិត​ជំងឺផ្លូវចិត្ត​ក្នុងករណី​បែបនេះ​ជា​៣​កម្រិត​។ កម្រិត​ស្រាល គឺ​ប្រើ​បណ្តាញ​សង្គម​ក្រោម​២​ម៉ោង​។ កម្រិត​ធ​ម្យ​ម ប្រើ​បណ្តាញ​សង្គម​ពី​៤​ម៉ោង​ទៅ​៧​ម៉ោង ខណៈ​កម្រិតធ្ងន់ គឺ​ការប្រើ​បណ្តាញ​សង្គម​ចាប់ពី​៧​ម៉ោង​ឡើងទៅ​។ តើ​ត្រូវធ្វើ​ដូចម្តេច ដើម្បី​ជៀសវាង​ជំងឺផ្លូវចិត្ត​? 
 
​លោក​វេជ្ជបណ្ឌិត ប៊ូ​មី​កុមារ ជេ​ហ្គា​ណា​ថា​ន បាន​ពន្យល់ថា ក្មេង​ក្រោម​អាយុ​២​ឆ្នាំ មិនត្រូវ​ឲ្យ​ក្មេង​លេង​ទូរស័ព្ទ​នោះទេ​។ បើសិន​ក្មេង​រៀន​ម​ត្តេ​យ្យ​ទៅ​បឋមសិក្សា អាច​ឲ្យ​ក្មេង​លេង​ទូរស័ព្ទ​បាន តែ​ឪពុកម្តាយ​ត្រូវ​ចូលរួម​លេង​ជាមួយ​កូន​។ មួយវិញទៀត ក្មេង​ក្រោម​អាយុ​១៥​ឆ្នាំ ឪពុកម្តាយ​មិនត្រូវ​ទិញ​ទូរស័ព្ទដៃ​ឲ្យ​កូន​ផ្ទាល់ខ្លួន​នោះទេ​។ បើ​ទិញ​ឲ្យ​កូន ត្រូវ​តាមដាន​កូន ថា​តើ​កូន​បាន​ប្រើ​លើ​អ្វីខ្លះ​? លោក​ឧទាហរណ៍​ករណី​ជាក់ស្តែង​មួយ នៅក្រៅ​ប្រទេស គេ​មាន App មួយ​ដើម្បី​តាមដាន​កូន ថា​តើ​កូន​កំពុង​ចុច​មើល​អ្វីខ្លះ​នៅក្នុង​ទូរស័ព្ទ​? នៅពេល​កូន​ឈានចូល​វ័យ​យុវវ័យ ឪពុកម្តាយ​ត្រូវ​ពិភាក្សា​ជាមួយ​កូន តើ​ត្រូវ​ជ្រើសរើស​ប្រធានបទ​ណាខ្លះ ដើម្បី​មើល​ជា​ប្រយោជន៍​? 
 
​បើតាម​អ្នកជំនាញ​ចិត្តសាស្ត្រ​រូបនេះ នៅ​សហរដ្ឋអាមេរិក គ្រួសារ​នីមួយៗ បាន​បង្កើត​វិន័យ​ផ្ទៃក្នុង​គ្រួសារ ដោយ​នៅពេល​ញ៉ាំ​អាហារ ពួកគេ​មិន​ឲ្យ​សមាជិក​ណា​ម្នាក់​ប្រើ​ទូរស័ព្ទ​នោះទេ ខណៈ​មុន​ចូល​គេង​២​ម៉ោង មិនត្រូវ​ប្រើ​ទូរស័ព្ទ​នោះទេ​។ 
 
​អ្នកជំនាញ​ចិត្តសាស្ត្រ​រូបនេះ អះអាងថា បច្ចេកវិទ្យា មាន​ទាំង​ប្រយោជន៍ និង​គុណវិបត្តិ អាស្រ័យ​លើ​អ្នកប្រើប្រាស់​។ បើសិន​ប្រើ​បាន​ត្រឹមត្រូវ វា​ផ្តល់​ប្រយោជន៍​បាន​ច្រើនណាស់​។ លោក​ឧទាហរណ៍​ជាក់ស្តែង​មួយ​នៅ​ប្រទេស​ឥណ្ឌា មាន​អ្នកបង្កើត App មួយ ដើម្បី​ឲ្យ​អ្នកប្រើប្រាស់​មាន​សុវត្ថិភាព​។ នៅពេល​មាន​អារម្មណ៍​ថា មិនមាន​សុវត្ថិភាព គ្រាន់តែ​ចុច​លើ​App​នេះ នគរបាល ដែល​នៅក្បែរនោះ នឹង​មកជួយ​អន្តរាគមន៍​បាន​ភ្លាមៗ​។ យ៉ាងណា​កាលណា ការប្រើប្រាស់​ទូរស័ព្ទ​ច្រើនពេក វា​នឹងធ្វើ​ឲ្យ​យើង​ញៀន​នឹង​ទូរស័ព្ទ ដោយ​វា​បានមក​គ្រប់គ្រង​យើង​វិញ មិនមែន​យើង​ជា​អ្នកគ្រប់គ្រង​វា​នោះទេ​៕    



Tag:
 ចិត្តសាស្ត្រ​
 Caritas
 ​យុវជន​
 ​បណ្តាញ​សង្គម
© រក្សាសិទ្ធិដោយ thmeythmey.com