ភ្នំពេញ៖ ស្របពេលយុវជនកម្ពុជាកំពុងញៀននឹងហ្វេសប៊ុក ឬបណ្តាញសង្គមដទៃទៀត ដែលបានកើនឡើងគួរឲ្យកត់សម្គាល់ អ្នកជំនាញផ្នែកចិត្តវិទ្យា បានអះអាងថា ចរន្តនៃការប្រើប្រាស់បណ្តាញសង្គមច្រើនម៉ោងបែបនេះ វាបានធ្វើឲ្យយុវជនកាន់តែច្រើន មានជំងឺធ្លាក់ទឹកចិត្ត។ វេជ្ជបណ្ឌិត ប៊ូមីកុមារ ជេហ្គាណាថាន អ្នកជំនាញចិត្តសាស្ត្រមកពីប្រទេសស៊ុយអែត បានពន្យល់ថា ការស្រាវជ្រាវនៅប្រទេសជាច្រើន បានបង្ហាញថា អ្នកដែលប្រើប្រាស់បណ្តាញសង្គមច្រើនម៉ោង តែងតែមានជំងឺផ្លូវចិត្តច្រើនជាងអ្នកដែលប្រើបណ្តាញសង្គមតិចម៉ោង។
សូមអញ្ជើញស្តាប់បទសម្ភាសរវាង លោក រ៉ឹម ភារី ជាមួយលោក ប៊ូមីកុមារ ជេហ្គាណាថាន អ្នកជំនាញផ្នែកចិត្តសាស្ត្រ ដូចតទៅ៖
លោក ប៊ូមីកុមារ ជេហ្គាណាថាន ជាបណ្ឌិតផ្នែកចិត្តសាស្ត្រយុវជន និងកុមារមកពីប្រទេសស៊ុយអែត បានអះអាងថា នៅលើពិភពលោក អត្រាជំងឺផ្លូវចិត្ត ដែលបណ្តាលមកពីការប្រើប្រាស់បណ្តាញសង្គមច្រើនហួសហេតុ កំពុងមានការកើនឡើង។ លោកបន្តថា តាមការស្រាវជ្រាវកន្លងមកដែលគេបានធ្វើនៅប្រទេសអង់គ្លេស សិង្ហបុរី ថៃ កូរ៉េខាងត្បូង…មានយុវវ័យជាច្រើន បានប្រឈមនឹងជំងឺផ្លូវចិត្ត ដោយសារតែពួកគេបានប្រើទូរស័ព្ទច្រើនពេក។
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗក្នុងស្នាក់ការអង្គការ Caritas Cambodia ដែលស្ថិតនៅមណ្ឌលសុខភាពបង្អែកជ័យជម្នះក្រុងតាខ្មៅ លោក ប៊ូមីកុមារ ជេហ្គាណាថាន ថ្លែងយ៉ាងដូច្នេះថា៖ «ការប្រើប្រាស់ទូរស័ព្ទក្នុងចំណោមយុវវ័យ បានធ្វើឲ្យមានបញ្ហាជំងឺធ្លាក់ទឹកចិត្ត និងមានឥរិយាបថក្នុងការសម្លាប់ខ្លួន បានកើនឡើងខ្លាំងនៅប្រទេសទាំងនោះ។ បើយើងធ្វើការស្រាវជ្រាវនៅស្រុកខ្មែរ យើងគិតថា អាចនឹងមានកើនឡើងខ្លាំងដែរ»។
បើតាមអ្នកជំនាញរូបនេះ កន្លងមក ធ្លាប់មាននារីវ័យជំទង់ជនជាតិកម្ពុជាម្នាក់ បានមកព្យាបាលនៅអង្គការ Caritas ដែលនាងមានបញ្ហាលែងទុកចិត្តឪពុកម្តាយ ឬមនុស្សជុំវិញខ្លួន ដោយបានទំនាក់ទំនងតាមឆែតជាមួយសង្សារគាត់នៅប្រទេសអង់គ្លេស។ នាងបានចាត់ទុកថា ឪពុកម្តាយមិនយល់ចិត្តនាងជាងសង្សារនាងនោះទេ។ ទោះបីពួកគេមានទំនាក់ទំនងគ្នា តែពួកគេគ្រាន់តែអាចដឹងសុខទុក្ខ ឬព័ត៌មានខ្លះប៉ុណ្ណោះ តែនាងមិនបានជួបផ្ទាល់ជជែកគ្នា ពោល នាងមិនបានមើលកាយវិការ ដឹងពីអារម្មណ៍ មនោសញ្ចេតនា ដូចជាអ្នកបានជួបគ្នាដោយផ្ទាល់នោះទេ។ នេះគ្រាន់តែជាករណីការប្រើប្រាស់បណ្តាញសង្គមច្រើនមួយ មិនអាចយកមកវិនិច្ឆ័យករណីទាំងមូលនោះទេ។
លោកសង្កត់ធ្ងន់ថា នៅពេលយុវជនប្រើទូរស័ព្ទច្រើន នឹងអាចមានជំងឺផ្លូវចិត្ត តាមរយៈរោគសញ្ញាមួយចំនួន ដូចជា មិនចង់ទំនាក់ទំនងផ្ទាល់ជាមួយគ្រួសារ ឬអ្នកនៅជុំវិញខ្លួន ដោយចំណាយពេលច្រើនលើហ្គ្រីនទូរស័ព្ទ មានអារម្មណ៍ឆាប់ឆេវឆាវ កាត់បន្ថយដំណេក និងមានគំនិតចង់សម្លាប់ខ្លួនឯងជាដើម។ គេបានបែងចែកកម្រិតជំងឺផ្លូវចិត្តក្នុងករណីបែបនេះជា៣កម្រិត។ កម្រិតស្រាល គឺប្រើបណ្តាញសង្គមក្រោម២ម៉ោង។ កម្រិតធម្យម ប្រើបណ្តាញសង្គមពី៤ម៉ោងទៅ៧ម៉ោង ខណៈកម្រិតធ្ងន់ គឺការប្រើបណ្តាញសង្គមចាប់ពី៧ម៉ោងឡើងទៅ។ តើត្រូវធ្វើដូចម្តេច ដើម្បីជៀសវាងជំងឺផ្លូវចិត្ត?
លោកវេជ្ជបណ្ឌិត ប៊ូមីកុមារ ជេហ្គាណាថាន បានពន្យល់ថា ក្មេងក្រោមអាយុ២ឆ្នាំ មិនត្រូវឲ្យក្មេងលេងទូរស័ព្ទនោះទេ។ បើសិនក្មេងរៀនមត្តេយ្យទៅបឋមសិក្សា អាចឲ្យក្មេងលេងទូរស័ព្ទបាន តែឪពុកម្តាយត្រូវចូលរួមលេងជាមួយកូន។ មួយវិញទៀត ក្មេងក្រោមអាយុ១៥ឆ្នាំ ឪពុកម្តាយមិនត្រូវទិញទូរស័ព្ទដៃឲ្យកូនផ្ទាល់ខ្លួននោះទេ។ បើទិញឲ្យកូន ត្រូវតាមដានកូន ថាតើកូនបានប្រើលើអ្វីខ្លះ? លោកឧទាហរណ៍ករណីជាក់ស្តែងមួយ នៅក្រៅប្រទេស គេមាន App មួយដើម្បីតាមដានកូន ថាតើកូនកំពុងចុចមើលអ្វីខ្លះនៅក្នុងទូរស័ព្ទ? នៅពេលកូនឈានចូលវ័យយុវវ័យ ឪពុកម្តាយត្រូវពិភាក្សាជាមួយកូន តើត្រូវជ្រើសរើសប្រធានបទណាខ្លះ ដើម្បីមើលជាប្រយោជន៍?
បើតាមអ្នកជំនាញចិត្តសាស្ត្ររូបនេះ នៅសហរដ្ឋអាមេរិក គ្រួសារនីមួយៗ បានបង្កើតវិន័យផ្ទៃក្នុងគ្រួសារ ដោយនៅពេលញ៉ាំអាហារ ពួកគេមិនឲ្យសមាជិកណាម្នាក់ប្រើទូរស័ព្ទនោះទេ ខណៈមុនចូលគេង២ម៉ោង មិនត្រូវប្រើទូរស័ព្ទនោះទេ។
អ្នកជំនាញចិត្តសាស្ត្ររូបនេះ អះអាងថា បច្ចេកវិទ្យា មានទាំងប្រយោជន៍ និងគុណវិបត្តិ អាស្រ័យលើអ្នកប្រើប្រាស់។ បើសិនប្រើបានត្រឹមត្រូវ វាផ្តល់ប្រយោជន៍បានច្រើនណាស់។ លោកឧទាហរណ៍ជាក់ស្តែងមួយនៅប្រទេសឥណ្ឌា មានអ្នកបង្កើត App មួយ ដើម្បីឲ្យអ្នកប្រើប្រាស់មានសុវត្ថិភាព។ នៅពេលមានអារម្មណ៍ថា មិនមានសុវត្ថិភាព គ្រាន់តែចុចលើAppនេះ នគរបាល ដែលនៅក្បែរនោះ នឹងមកជួយអន្តរាគមន៍បានភ្លាមៗ។ យ៉ាងណាកាលណា ការប្រើប្រាស់ទូរស័ព្ទច្រើនពេក វានឹងធ្វើឲ្យយើងញៀននឹងទូរស័ព្ទ ដោយវាបានមកគ្រប់គ្រងយើងវិញ មិនមែនយើងជាអ្នកគ្រប់គ្រងវានោះទេ៕