ជាតិ
កម្ពុជា​​រង់ចាំលទ្ធផល​​សំណាកអ្នកជំងឺហូឡង់ម្នាក់ដែលមានអាការក្តៅខ្លួន
11, Feb 2020 , 9:10 am        
រូបភាព
ដោយ: ថ្មីៗ
សម្តេច​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នា​ពិធីបើកការដ្ឋាន​ស្តារ និង​សាងសង់​ផ្លូវ​លេខ​២ និង​លេខ​២២ ប្រវែង​សរុប​ជាង ៧២​គីឡូម៉ែត្រ នៅព្រឹក​ថ្ងៃ​អង្គារ បាន​អះអាងថា ជំងឺ​រលាកសួត​បង្ក​ដោយ​មេរោគកូរ៉ូណា អត់ទាន់មាន​ករណី​ឆ្លងមកលើ​ប្រជាជន​កម្ពុជានោះឡើយ ហើយគិត​ត្រឹមម៉ោងនេះ កម្ពុជា​លែងមាន​ករណីនេះទៀតហើយ បន្ទាប់ពី​អ្នកជំងឺជន​ជាតិ​ចិនអាយុ​៦០​ឆ្នាំ បាន​ចាកចេញពីមន្ទីរពេទ្យ កាលពីម្សិលមិញ។



ប៉ុន្តែនៅពេលនេះ កម្ពុជាកំពុង​តាម​ដាន​ករណីទេសចរហូឡង់ម្នាក់​ដែល​ស្ថិតនៅ​លើនាវាមួយនៅ​ខេត្ត​ព្រះសីហនុ។ ទេសចរនោះមាន​អាការៈក្តៅ​ខ្លួន ហើយ​ត្រូវបាន​ដាក់នៅ​ដោយឡែក​ក្នុងមន្ទីរពេទ្យ​ក្នុងខេត្តព្រះសីហនុ។ សម្តេច ហ៊ុន​ សែន បានបញ្ជាក់ថា កម្ពុជា​កំពុង​រង់ចាំ​លទ្ធ​ផល​សំណាក​ពី​វិទ្យា​ស្ថាន​ជាតិ​ប៉ាស្ទ័រ​ផងដែរ។

លោក លី សូវ៉ាន់ អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​ បានអះអាង​ប្រាប់សារព័ត៌មាន​ថ្មីៗ យ៉ាងខ្លីថា ប្រហែល​វេលាថ្ងៃត្រង់នេះ លទ្ធផល​ច្បាស់ការនឹងត្រូវបាន​ដឹង។ «មកដល់ពេលនេះ យើងពិនិត្យមើលតែជន​ជាតិ​ហូឡង់​តែប៉ុណ្ណោះ មិនទាន់ឈាន​ដល់ពិនិត្យ​អ្នក​ដទៃឡើយ»។ លោក​បានបញ្ជាក់យ៉ាង​ដូច្នេះ៕






Tag:
 កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com