ជាតិ
សេដ្ឋកិច្ច
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ៖​រោងចក្រ​នៅ​កម្ពុជា​នឹងបិទទ្វារ ដោយសារ​ចិន​ផ្ទុះ​វីរុស​កូ​រ៉ូ​ណា មិនមែន​មកពី​បញ្ហា​EBA​ទេ
11, Feb 2020 , 9:35 am        
រូបភាព
​ភ្នំពេញ​៖ ពីពិធីបើកការដ្ឋាន​ស្តារ និង​សាងសង់​ផ្លូវ​លេខ​២ និង​លេខ​២២ នៅ​ព្រឹក​ថ្ងៃទី​១១ កុម្ភៈ​នេះ សម្ដេច ហ៊ុន សែន បានប្រកាសថា រោងចក្រ​នៅ​កម្ពុជា​ខ្លះ នឹងត្រូវ​បិទទ្វារ​បណ្ដោះអាសន្ន​នៅ​ខែមីនា​ខាងមុខ ដោយសារ​ចិន​ផ្អាក​ការផ្គត់ផ្គង់​វត្ថុធាតុដើម ព្រោះបញ្ហា​ផ្ទុះ​វីរុស​កូ​រ៉ូ​ណា​។ នាយករដ្ឋមន្ត្រី​កម្ពុជា បាន​សង្កត់ធ្ងន់ថា រោងចក្រ​បិទទ្វារ​នេះ មិនមែន​មកពី​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA)​ទេ​។​



​សម្ដេច ហ៊ុន សែន ស្នើឱ្យ​ពលរដ្ឋ​កុំ​មានការយល់ច្រឡំ នៅពេល​ឃើញ​រោងចក្រ​នៅ​កម្ពុជា​បិទទ្វារ​នា​ពេ​លខាងមុខនេះ​។ ក្នុងន័យនេះ​ប្រមុខ​រដ្ឋាភិបាល បាន​និយាយថា ការបិទទ្វារ​រោងចក្រ​នេះ បណ្ដាលមកពី​ចិន​បិទ​រោងចក្រ​ខ្លួន ដោយសារ​បញ្ហា​វីរុស​កូ​រ៉ូ​ណា​ប៉ុណ្ណោះ​។ បើតាម​សម្ដេច ហ៊ុន សែន ចិន​គឺជា​ប្រទេស​ផ្គត់ផ្គង់​ធំ​ទៅកាន់​ពិភពលោក ដូច្នេះ​កម្ពុជា​ក៏ត្រូវ​រង​ផលប៉ះពាល់​ដែរ ជាពិសេស​លើ​វិស័យ​កាត់ដេរ​តែម្ដង​។​

«​សូម​កម្មករ​ទាំងអស់​កុំ​តក់ស្លុត នៅពេល​មានរឿងអ្វីកើតឡើង​»​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច ហ៊ុន សែន ដែល​បាន​បន្ថែមថា ក្រៅពី​រោងចក្រ​ជួប​បញ្ហា​នោះ ក៏មាន​សណ្ឋាគារ និង​ភោជនីយដ្ឋាន ដែល​បាត់បង់​ភ្ញៀវទេសចរ ដោយសារ​បញ្ហា​ផ្ទុះ​វីរុស​កូ​រ៉ូ​ណា​ដែរ​។​

​លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា ក៏បាន​ស្នើឱ្យ​ពលរដ្ឋ កុំ​យក​បញ្ហា​បិទ​រោងចក្រ​នេះ ទៅ​ធៀប​នឹង​បញ្ហា​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ពី​សំណាក​គណៈកម្មការ​អឺរ៉ុប​ឡើយ​។ «​គេ​ចង់​ដក គេ​ចង់ទុក ទុក​ឱ្យគេ​សម្រេច​ទៅ​…​។ ហើយ​កុំ​ចោទថា រឿង​ហ្នឹង​ជា​ទណ្ឌកម្ម​ពី​គណៈកម្មការ​អឺរ៉ុប​»​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ហ៊ុន សែន ដែល​នៅតែ​អះអាងថា បើទោះជា​បាត់បង់ EBA ក៏​សេដ្ឋកិច្ចកម្ពុជា មិន​ស្លាប់​ដែរ ។​

​ត្រង់ចំណុច​នេះ​សម្ដេច ហ៊ុន សែន បាន​បញ្ជាក់ថា ការដក​EBA​នេះ គឺ​គ្រាន់តែ​តម្រូវឱ្យ​កម្ពុជា​ត្រូវ​បង់ពន្ធ​ច្រើន​ចូល​ទីផ្សារ​អឺរ៉ុប និង​ខាតបង់​ប្រាក់ចំណេញ​ដែល​ទទួលបាន​ពី​ការអនុគ្រោះ​ពន្ធ​ប៉ុណ្ណោះ ប៉ុន្តែ​គ្មាន​ន័យ​ថា កម្ពុជា​ត្រូវ​បាត់បង់​ទីផ្សារ​អឺរ៉ុប​នោះទេ​។ បើតាម​ប្រមុខ​រដ្ឋាភិបាល កម្ពុជា​នឹងត្រូវ​អនុវត្ត​នីតិវិធី​បង់ពន្ធ​រយៈពេល​៦​ខែ​ក្រោយពី​សហភាព​អឺរ៉ុប​សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​។ 

«​ទោះបីជា​គេ​ដក​ទាំងស្រុង ឬ​ដក​ផ្នែក​ខ្លះ​នៃ​EBA​នេះ ក៏​គង់​ខែ​៨​ក្រោយ​នោះ​ទើប​ចាប់ផ្ដើម​…​។ បើ​គេ​សម្រេច​បន្ត​យើង​ក៏​អរគុណ បើ​គេ​ចង់​ដក តាមតែ​គេ​ទៅ​»​។ នេះ​ជាការ​បញ្ជាក់​របស់​នាយ​ក​រដ្ឋមន្ត្រី​៕

Tag:
 ហ៊ុន សែន​
  EBA
  វីរុស​កូ​រ៉ូ​ណា​
© រក្សាសិទ្ធិដោយ thmeythmey.com