កីឡាជាតិ
ជាតិ
​យ៉ា​មីន សុំទោស​អ្នកគាំទ្រ រីឯ កុ​សែន ត្រូវបាន​ភ្នំពេញ​ក្រោ​ន​បញ្ចប់​កិច្ចសន្យា​ផងដែរ​
11, Feb 2020 , 11:38 am        
រូបភាព
ដោយ:
​កីឡាករ ម៉ាត់ យ៉ា​មីន បានបង្ហាញ​អារម្មណ៍​សោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​ទង្វើ ដែល​រូបគេ​បានធ្វើ​ប្រាសចាក​ពី​ក្រមសីលធម៌​កីឡាករ​អាជីព ហើយ​ត្រូវបាន​ក្លិប​បាល់ទាត់​បឹងកេត​បញ្ចប់​កិច្ចសន្យា​មុនពេល​កំណត់​។ ខ្សែបម្រើ​រូបនេះ ក៏បាន​សុំទោស​ប្រជាពលរដ្ឋ ពិសេស​អ្នកគាំទ្រ​វិស័យ​កីឡាបាល់ទាត់​ចំពោះ​ទង្វើ​របស់ខ្លួន​ផងដែរ​។ កាលពី​ថ្ងៃទី​១០ ខែកុម្ភៈ ភ្នំពេញ​ក្រោ​ន​ក៏បាន​ប្រកាស​បញ្ចប់​កិច្ចសន្យា​ខ្សែការពារ​កណ្តាល សេង កុ​សែន ក្នុង​ហេតុផល​ដូចគ្នា​ផងដែរ​។​

 
«​អ្វីដែល​ខ្ញុំ​ខំ​សាង​តាំងពីដើម​មក គឺ​ខ្ញុំ​ជា​អ្នក​បំផ្លាញ​វា​ដោយ​ខ្លួនឯង​»​។ កីឡាករ ម៉ាត់ យ៉ា​មីន បានបង្ហាញ​អារម្មណ៍​បែបនេះ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន ក្រោយ រូបគេ ត្រូវបាន​ក្លិប​បាល់ទាត់​បឹងកេត​បញ្ចប់​កិច្ចសន្យា​មុនពេល​កំណត់ ក្រោម​ហេតុផល​ប្រព្រឹត្ត​អំពើ​ប្រាសចាក​ពី​ក្រមសីលធម៌​កីឡាករ​អាជីព​។ ទោះបី​ក្លិប​បឹងកេត​មិន​បង្ហាញ​មូលហេតុ​លម្អិត​នៃ​ការបញ្ចប់​កិច្ចសន្យា​នេះ​តែ​តាមរយៈ​រូបថត​ដែល​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក យ៉ា​មីន ជា​មនុស្ស​ម្នាក់ ដែល​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ការជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​ផ្លា​យ​(Fly)​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។ 
 
 
​ក្នុង​ប្រតិបត្តិការ​របស់​កងក​ម្លាំ​ង​ចម្រុះ​នៃ​អគ្គស្នងការ​នគរបាល​ជាតិ ដែល​ដឹកនាំ​ដោយ​លោក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៩ កុម្ភៈ ឆ្នាំ​២០២០ បាន​ឃាត់ខ្លួន​បុគ្គលិក ដែល​បម្រើការ​នៅ​ទីនោះ​ចំនួន​១២​នាក់​(​ស្រី​៥​នាក់​) និង​ភ្ញៀវ​ចំនួន​៣៣​នាក់ រួមជាមួយ​គ្រឿងញៀន​ជាច្រើន​កញ្ចប់ និង​វត្ថុតាង​មួយចំនួនទៀត​។​
 
​ទន្ទឹមនឹង​ទទួលស្គាល់​កំហុស​ដែល​ខ្លួន​បានធ្វើ ខ្សែបម្រើ​ខ្មែរ​-​អ៊ិ​ស្លាម​រូបនេះ បាន​សរសេរ​សារ​លើ​ហ្វេ​ស​ប៊ុ​ក​សុំទោស​ប្រជាពលរដ្ឋ​ខ្មែរ និង​គាំទ្រ​វិស័យ​កីឡាបាល់ទាត់ ចំពោះ​កំហុស​របស់ខ្លួន​។ ជាមួយគ្នានេះ រូបគេ ក៏បាន​អរគុណ​ដល់​ប្រជាពលរដ្ឋ និង​អ្នកគាំទ្រ ដែល​ផ្ញើ​សារ​សួរសុខទុក្ខ និង​ផ្តល់​ដំបូន្មាន​ល្អៗ​ដល់​រូបគេ​ផងដែរ​។ 
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ ទោះបី​កីឡាករ​រូបនេះ បាន​ប្រព្រឹត្ត​កំហុសឆ្គង​ប្រាសចាក​ពី​ក្រមសីលធម៌​កីឡាករ​អាជីព​ក៏ដោយ ប៉ុន្តែ​អ្នកគាំទ្រ​មិនបាន​ស្តីបន្ទោស ឬ​ចាប់កំហុស​រូបគេ​នោះទេ​។ ផ្ទុយទៅវិញ ប្រជាពលរដ្ឋ​ខ្មែរ ពិសេស​អ្នកគាំទ្រ​វិស័យ​កីឡាបាល់ទាត់​បាន​ផ្ញើ​សារ​សួរសុខទុក្ខ​ជា​លក្ខណៈ​ឯកជន និង​សរសេរ​ក្នុង​ប្រអប់ Comment ដើម្បី​លើកទឹកចិត្ត និង​ផ្តល់​ជា​ដំបូន្មាន​ល្អៗ​ដល់​រូបគេ​។ 
 
​ក្រោយ​ក្លិប​បឹងកេត​ប្រកាស​បញ្ចប់​កិច្ចសន្យា​ជាមួយ​កីឡាករ ម៉ាត់ យ៉ា​មីន ក្លិប​បាល់ទាត់​វិសាខា​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន​បាន​សរសេរ​សារ​បង្ហាញ​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ចំណាត់ការ​ដ៏​ម៉ឺងម៉ាត់​របស់​បឹងកេត​។ លើសពីនេះ ក្លិប​ជើងឯក​រង​ពានរង្វាន់​លី​គ​កំពូល​ឆ្នាំ​២០១៩​មួយ​នេះ បានស្នើ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា និង​គណៈកម្មការ​ប្រកួត​បាល់ទាត់​កម្ពុជា ឲ្យ​មានការ​ពិនិត្យ​ទឹកនោម​កីឡាករ​ទាំងអស់​ដែល​លេង​ពានរង្វាន់​លី​គ​កំពូល ដើម្បី​រកសារ​ធាតុ​ញៀន​ផងដែរ​។​
 
​វិសាខា​អះអាងថា ការស្នើ​បែបនេះ គឺ​ដើម្បី​បង្ហាញ​ពី​ភាព​ស្អាតស្អំ ក៏ដូចជា​លុបបំបាត់​ការប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន​ក្នុង​វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា​។ វា​ក៏​ជា​វិធីសាស្ត្រ​មួយ​ក្នុងការ​រួមចំណែក​អភិវឌ្ឍន៍​ធនធាន​កីឡាករ និង​វិស័យ​កីឡាបាល់ទាត់​កម្ពុជា​ផងដែរ​។​
 
​កាលពី​ថ្ងៃទី​១០ ខែកុម្ភៈ ក្លិប​ភ្នំពេញ​ក្រោ​ន ក៏បាន​ប្រកាស​ពី​ការបញ្ចប់​កិច្ចសន្យា​ជាមួយ​ខ្សែការពារ​កណ្តាល សេង កុ​សែន​ផងដែរ​។ ក្លិប​បាន​បញ្ជាក់ថា កីឡាករ​រូបនេះ មិន​គោរព​តាម​បទបញ្ជាផ្ទៃក្នុង ហើយ​ប្រាសចាក​ពី​ក្រមសីលធម៌ និង​គោលការណ៍​របស់​ក្លិប​។​
 
 
«​ក្លឹប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន​ពិតជា​មានការ​សោកស្តាយ​ជាខ្លាំង​ចំពោះ​បញ្ហា​ដែល​បានកើត​ឡើង​នេះ ហើយ​យើង​សង្ឃឹមថា​នេះ​ជា​កីឡាករ​ទាំងអស់​ធ្វើការ​ពិចារណា​មុននឹង​ធ្វើ​អ្វីមួយ ព្រោះ​វា​អាច​ប៉ះពាល់​ទៅដល់​បុគ្គល​ខ្លួនឯង​ផ្ទាល់ និង​រូបភាព​បាល់ទាត់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»​។ នេះ​ជាការ​បញ្ជាក់​របស់​ភ្នំពេញ​ក្រោ​ន ៕

Tag:
 Cambodian League
  ម៉ាត់ យ៉ា​មីន​
  បឹងកេត
© រក្សាសិទ្ធិដោយ thmeythmey.com