អន្តរជាតិ
ថៃ ហាមនាវាដឹកមនុស្សជាង១ពាន់នាក់ ចូលចតនៅផែព្រោះសង្ស័យមានកូរ៉ូណាវីរុស នាវាដឹកអ្នកដំណើរ Westerdam ចូលសំចតក្នុងរដ្ឋ Florida កាលពីខែមេសា ឆ្នាំ២០០៧ (Wikimedia Commons)
× ប្រទេស ថៃ នឹងមិនអនុញ្ញាតឲ្យនាវាមួយគ្រឿងមកពីជប៉ុន ឲ្យអ្នកដំណើរពួកគេចុះនៅកំពង់ផែនៃទីក្រុង Laem Chabang ខេត្ត ឈុនបូរី (Chonburi) ឡើយ។ រដ្ឋមន្ត្រីសុខភាពសាធារណៈថៃ លោក Anutin Charnvirakul បញ្ជាក់បែបនេះ នៅថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ។
តាមរយៈសារលើបណ្តាញសង្គម ហ្វេសប៊ុក លោករដ្ឋមន្ត្រី Anutin Charnvirakul អះអាងថា លោកបានចេញបញ្ជាឲ្យអាជ្ញាធរ កុំអនុញ្ញាតឲ្យនាវាដឹកអ្នកដំណើរមួយគ្រឿង ឈ្មោះថា Westerdam ចូលសំចតក្នុងប្រទេសថៃ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
ការចេញបញ្ជានេះ ធ្វើឡើងក្រោយពីប្រតិបត្តិករនៃនាវាដឹកអ្នកដំណើរមួយគ្រឿងនេះ បានប្រកាសនៅពីថ្ងៃចន្ទ ទី១០ ខែកុម្ភៈថា នាវាពួកគេ នឹងអនុញ្ញាតឲ្យអ្នកដំណើរជិះលើនាវា ចុះនៅកំពង់ផែទឹកជ្រៅក្នុងខេត្ត ឈុនបូរី នាថ្ងៃព្រហស្បតិ៍ ទី១៣ កុម្ភៈខាងមុខនេះ ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Kyodo ។
នាវាដែលដឹកអ្នកដំណើរ ១៤៥៥នាក់នេះ រួមមានជនជាតិជប៉ុន ៤នាក់ និងអ្នកបម្រើការលើនាវា ៨០២នាក់ផងនោះ បានកំណត់ពេលចូលសំចតក្នុងកំពង់ផែ Naha ក្នុងតំបន់ Okinawa កាលពីថ្ងៃសៅរ៍ ទី៨ ខែកុម្ភៈ។ ក៏ប៉ុន្តែបន្ទាប់ពីទទួលបញ្ជារបស់អាជ្ញាធរជប៉ុន ផែនការនេះ ត្រូវបានលុបចោលវិញ។
រដ្ឋាភិបាលជប៉ុន បានបដិសេធការចូលសំចតរបស់នាវាដឹកអ្នកដំណើរ Westerdam ក្រោយអ្នកដំណើរម្នាក់ ត្រូវបានសង្ស័យថាមានឆ្លងកូរ៉ូណាវីរុសប្រភេទថ្មី។ ម្យ៉ាងវិញទៀត នាវាដដែលនេះ ក៏ត្រូវបានហាមចូលសំចតក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន និងកោះ ហ្កាម (Guam) ផងដែរ។
សូមបញ្ជាក់ថា អ្នកស្លាប់ដោយសារជំងឺរលាកសួតបង្កដោយមេរោគកូរ៉ូណាប្រភេទថ្មី (2019-nCoV) ឡើងដល់១០១៨នាក់ហើយ បើគិតត្រឹមម៉ោង៧ និង៣០នាទីព្រឹកថ្ងៃអង្គារ ទី១១ ខែកុម្ភៈ នេះ។ តួលេខនេះ កើនពី៩១០នាក់ កាលពីថ្ងៃម្សិលមិញ ដោយបន្ថែមករណីស្លាប់១០៨នាក់ទៀត។ ចំណែកតួលេខអ្នកឆ្លងវីរុសនេះ បានឡើងដល់ ៤៣០០០នាក់៕
Tag:
ថៃ
ជប៉ុន
Wasterdam
© រក្សាសិទ្ធិដោយ thmeythmey.com