កីឡាអន្តរជាតិ
អន្តរជាតិ
Alli សុំទោស​ដែល​ចេញ​វី​ដេអូ​លេងសើច​ជុំវិញ​កូ​រ៉ូ​ណាវី​រុស ខណៈ FA ត្រៀម​ដាក់ពិន័យ​
11, Feb 2020 , 2:26 pm        
រូបភាព
Dele Alli ខ្សែបម្រើ​ក្រុម Tottenham Hotspur បាន​សុំទោស​ចំពោះ​ការ​បង្ហោះ​វីដេអូ​លើ​បណ្ដាញ​សង្គម​ដោយ​បង្ហាញ​ការលេង​សើច និង​រើសអើង​មនុស្ស​ជុំវិញ​ករណី​មេរោគ​កូ​រ៉ូ​ណាវី​រុស (2019-nCoV) ។ សហព័ន្ធ​កីឡាបាល់ទាត់​អង់គ្លេស (FA) បើក​ការស៊ើបអង្កេត​អំពី​ឥរិយាបទ​របស់​ខ្សែបម្រើ​អន្តរជាតិ​អង់គ្លេស​រូបនេះ​ផងដែរ​។​


 
​តាមរយៈ​វីដេអូ​ខ្លី​មួយ​ដែល​បង្ហោះ​លើ​បណ្តាញ​សង្គម​នោះ គេ​ឃើញថា Alli បាន​ពាក់​ម៉ាស់ ពណ៌​ខ្មៅ​អង្គុយ​ក្នុង​បន្ទប់​សម្រាក​នៅ​អាកាសយានដ្ឋាន​មួយ​ដោយមាន​សរសេរ​ជា​អក្សរ​ផងដែរ​ថា​«Corona whattt សូមមេត្តា​ស្តាប់​សំឡេង​»​។​

 
 
​ខ្សែបម្រើ​សញ្ជាតិ​អង់គ្លេស វ័យ​២៣​ឆ្នាំ​រូបនេះ ថែមទាំង​យក​កាមេរ៉ា​ទូរ​សព្ទ​របស់ខ្លួន​ថត​សំដៅ​ឆ្ពោះទៅ​បុរស​អាស៊ី​ម្នាក់​ដែល​អង្គុយ​ក្បែរ​នោះ​មុនពេល​បង្ហាញ​ដប​លាងដៃ​សំលាប់​មេរោគ​មួយ​ដប ហើយ​សរសេរថា​«​មេរោគ​នេះ​ត្រូវតែ​លឿន​ជាង​ការចាប់​ខ្ញុំ​»​។​
 
​ខ្សែ​វីដេអូ​ដែល​បាន​ថត​ដោយ Alli ខណៈពេល​រូបគេ​កំពុង​វិស្សមកាល​រដូវរងារ​ពី​ក្របខណ្ឌ Premier League ត្រូវបាន​លុបចោល​ចេញ​វិញ ក្រោយ​មាន​ពាក្យបណ្តឹង និង​រិះគន់​ជាច្រើន​នោះ​។ វីដេអូ​នេះ ហាក់​បង្ហាញ​ការរើសអើង​អ្នក​ដែល​កើត​កូ​រ៉ូ​ណាវី​រុស ដែលជា​ទង្វើ​មិន​សមរម្យ​សម្រាប់​កីឡាករ​អាជីព​។​
 
​ស្របពេល ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (2019-nCoV) បាន​ឆក់យក​ជីវិត​មនុស្ស​ជាង​១០០០​នាក់​នៅក្នុង​ប្រទេស​ចិន ស្ថាប័ន FA អះអាងថា​ខ្លួន​បាន​សរសេរ​ទៅ Alli ដើម្បី​ស្នើ​ឲ្យ​រូបគេ​ពន្យល់​ពី​ការ​បង្ហោះ​វីដេអូ​អំពី​មេរោគ​នេះ​។​
 
​ខ្សែបម្រើ​កណ្តាល​របស់​ក្រុម​រហស្សនាម​មាន់​ខ្នាយ​មាស​រូបនេះ អាច​ប្រឈមមុខ​នឹង​ការហាម​ប្រាម ឬ​ការដាក់ពិន័យ​ពី​សំណាក់ FA ខណៈដែល​រូបគេ​ព្យាយាម​បង្ហាញ​ការ​សុំទោស​នៅក្នុង​វីដេអូ​មួយ​នៅលើ​បណ្តាញ​សង្គម​ចិន Weibo​។​
 
«​សួស្តី​អ្នក​ទាំងអស់គ្នា ខ្ញុំ Dele Alli ខ្ញុំ​គ្រាន់តែ​ចង់​សុំទោស​ចំពោះ​វីដេអូ​ដែល​ខ្ញុំ​បាន​បង្ហោះ​កាលពី​ម្សិលមិញ​។ នេះ​មិនមែនជា​រឿង​លេងសើច​ទេ ហើយ​ខ្ញុំ​បានដឹង​ភ្លាម ខ្ញុំ​ក៏​ដក​វា​ចេញ​។ ខ្ញុំ​បានធ្វើ​ឲ្យ​ខ្លួនឯង និង​ក្លិប​អាប់ឱន​ដោយសារតែ​រឿងនេះ​»​។ នេះ​ជាការ​សុំទោស​របស់ Alli៕

Tag:
 Tottenham Hotspur
  Dele Alli
  កូ​រ៉ូ​ណាវី​រុស
© រក្សាសិទ្ធិដោយ thmeythmey.com