កីឡាជាតិ
ជាតិ
AFC Cup៖ ព្រះខ័នរាជស្វាយរៀងប៉ះម្ចាស់ផ្ទះ Ceres Neros ដែលធ្លាប់ឈ្នះបឹងកេត ៩-០ លោក Conor Nestor (ខាងស្តាំគេ)ចាប់ដៃជាមួយគ្រូបង្វឹករបស់ Ceres Negros ក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតកាលពីថ្ងៃទី១០ កុម្ភៈ
× ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀងត្រូវប្រកួតបើកឆាកពូល G នៃពានរង្វាន់ AFC Cup 2020 ដោយត្រូវតទល់ជាមួយក្រុមជើងឯកលីគកំពូលហ្វីលីពីន Ceres Negros វេលាម៉ោង៦:៣០នាទីល្ងាច(ម៉ោងនៅកម្ពុជា)ថ្ងៃទី១១ ខែកុម្ភៈ នេះ នៅកីឡដ្ឋាន Rizal Memorial Football Stadium។
ក្រុមក្រោមការដឹកនាំរបស់លោក Conor Nestor ទំនងជាត្រូវធ្វើការធ្ងន់បន្តិចនៅយប់នេះ ដ្បិត Ceres Negros ជាក្រុម ខ្លាំងមួយនៅហ្វីលីពីន ដែលបានគ្រងជើងឯកពានរង្វាន់លីគកំពូល៣សម័យកាលជាប់គ្នា គឺឆ្នាំ២០១៧, ២០១៨ និង ២០១៩។ លើសពីនេះ Ceres ធ្លាប់ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFC Cup ទៀតផង។
អ្វីដែលគួរឲ្យកត់សម្គាល់ក្រុម Ceres Negros នេះហើយ ដែលធ្វើឲ្យបឹងកេត ដែលជាម្ចាស់ជើងឯកលីគកំពូលឆ្នាំ២០១៧ និង២០១៨ រងការអាម៉ាស់ក្នុងពានរង្វាន់ AFC Cup កាលពីឆ្នាំ២០១៨។ បឹងកេតក្រោមការដឹកនាំរបស់លោក លី កុសល បានប្រកួតចាញ់ Ceres Negros ក្នុងលទ្ធផលសរុបទាំងពីរជើង ១៣-០ ក្នុងនោះចាញ់ ៩-០ នៅជើងទី១ និង ៤-០ នៅជើងទី២។
បឹងកេតដែលស្ថិតនៅពូល F ជាមួយ Home United របស់សិង្ហបុរី, Ceres Negros របស់ហ្វីលីពីន និង Shan United របស់មីយ៉ាន់ម៉ាបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ក្នុងពូល ដោយមាន៦ពិន្ទុ។
ទោះបីយ៉ាងនេះក្តីគ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀងលោក Conor Nestor បានអះអាងថា ព្រះខ័នរាជស្វាយរៀងត្រៀមខ្លួនបានយ៉ាងល្អក្នុងការតទល់ជាមួយជើងខ្លាំង Ceres Negros។ គ្រូបង្វឹកសញ្ជាតិអៀរឡង់រូបនេះប្តេជ្ញាថាលោកនឹងខិតខំប្រឹងប្រែងដឹកនាំឲ្យអស់ពីសមត្ថភាព ដើម្បីស្វែងរកលទ្ធផលល្អមួយសម្រាប់ក្រុម អ្នកគាំទ្រ និងវិស័យកីឡាបាល់ទាត់នៅកម្ពុជា។
សម្រាប់លោក Conor Nestor ការប្រកួតប្រជែងជាមួយក្រុមខ្លាំងនៅតំបន់អាស៊ាន ផ្តល់ឱកាសឲ្យកម្ពុជាទទួលបានវិធីសាស្ត្រថ្មីៗ និងបទពិសោធល្អៗ ដើម្បីអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់នៅកម្ពុជាឲ្យកាន់តែរីកចម្រើន។ ជាពិសេស វាជាឱកាសសម្រាប់កីឡាករក្នុងការដកស្រង់បទពិសោធ ដើម្បីអភិវឌ្ឍន៍សមត្ថភាពឲ្យកាន់តែល្អប្រសើរទៅថ្ងៃអនាគត។
គួររំលឹកថា មុនឡើងមកកាន់វគ្គចែកពូល(Group Stage) ក្រុមព្រះខ័នរាជស្វាយរៀងបានយកឈ្នះក្រុម Master 7 របស់ឡាវក្នុងលទ្ធផលសរុបទាំងពីរជើង ៧-១ នៅវគ្គជម្រុះ Playoff៕
Tag:
AFC Cup
Ceres Negros
ព្រះខ័នរាជស្វាយរៀង
© រក្សាសិទ្ធិដោយ thmeythmey.com